​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក មុំ ប៉ុណ្ណា បេក្ខជន​លេខ​រៀង​ទី​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ បានដាក់​ពាក្យស្នើសុំ​លាលែង​បី​តំណែង​ចៅសង្កាត់ អាណត្តិ​ទី​៥ ដោយសារ ហេតុផល​សុខភាព នៅពេល​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ មិនទាន់បាន​ប្រកាស​ជា​ផ្លូវការ ដោយ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅឡើយ​នោះ ។

​លោក​បាន​ប្រាប់​រស្មី​កម្ពុជា ក្នុង​កិច្ចសម្ភាសន៍​មួយ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ថាៈ ” គ្មាន​នរណា ឬ​អង្គភាព​ណា បង្ខិតបង្ខំ​គាបសង្កត់​ខ្ញុំ​ឡើយ តែ​រូបខ្ញុំ​ទៅវិញ​ទេ ដែល​ស្នើសុំ​ក្តី អនុគ្រោះ ពី​បក្ស ពីរ​ដ្ឋ ពី​ពលរដ្ឋ ដើម្បី​លាឈប់​មុន​តំណែង​ចៅសង្កាត់​ថ្មី ត្រូវ​ប្រកាស នាពេល​ដ៏​ខ្លី​ខាងមុខ​។ នោះ​មកពី​សុខភាព​ខ្ញុំ មានការ​លំបាក មិនអាច​ទ្រោល​បម្រើ​ការងារ បម្រើសេវា ជូន​ពលរដ្ឋ ឱ្យ​ពេញបន្ទុក​បាន​…” ។

​លោក​បាន​បន្តថាៈ លោក​មាន​ជំងឺ​ប្រចាំកាយ ដូចជា ទឹកនោមផ្អែម ជាតិ​ស្ករ​ឡើង​ក្នុង​ឈាម ខ្លាញ់​រុំ​បេះដូង ជាដើម​។ ជំងឺ​ទាំងនេះ តែង​ធ្វើ​ទុក​ភ្លាមៗ ហើយ​ត្រូវតែ​បញ្ជូនទៅ​សង្គ្រោះ ព្យាបាល​បន្ទាន់​។ ក្នុងនោះដែរ កូនៗ និង​គ្រួសារ​លោក ក៏បាន​ឯកភាព ឱ្យ​លោក​លាលែង តំណែង​នេះដែរ ហើយក៏​សូម​ការយោគយល់ អធ្យាស្រ័យ​ផងដែរ ពី​រាស្ត្រ​ម្ចាស់ឆ្នោត​ទាំង ៧ ភូមិ នៃ​សង្កាត់ ចំពោះ​ការដែល​បងប្អូន​បោះឆ្នោត ជូន​បក្ស ជូន​លោក​ហើយ តែ​លោក​មិនបាន នៅ​បំពេញការងារ​នេះ​។ កន្លងមក លោក​ក៏បាន​ចូល​សម្រាក​ពេទ្យ ១ លើកៗ ក៏​យូរៗ​ដែរ​។ សូម្បី​ក្នុងពេល​ដំណើរការ​យុទ្ធនាការ​បោះឆ្នោត ក៏​លោក​មាន​ជំងឺ​ធ្ងន់ បាន​ត្រូវ​បញ្ជូនទៅ​សម្រាក ព្យាបាល​នៅ​ពេទ្យ​ព​២ ខេត្តបាត់ដំបង​។ ប៉ុន្តែ​លោក​បាន​សុំ​អង្វរ​គ្រូពេទ្យ ទោះ​លោក​ស្លាប់ ក៏​ធ្វើ ម៉េច​ឱ្យ​លោក បាន​ចេញមក​បោះឆ្នោត តែមួយ​ភ្លែត ជូន​គណបក្ស​ប្រជាជន​កម្ពុជា​សិន​ដែរ​។​

​សូមបញ្ជាក់ថា លោក មុំ ប៉ុណ្ណា អាយុ​ជិត ៧០ ឆ្នាំ បាន​បម្រើការ​កងទ័ព និង​ចុងក្រោយ ជា​ចៅសង្កាត់​ព្រះ​ពន្លា អាណត្តិ​ទី​៤ សរុប​អស់​ពេល ៤២ ឆ្នាំ​ហើយ ។ ក្នុងការ​បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ លោក​នៅ​ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​១ មកពី គណបក្ស​ប្រជាជន​កម្ពុជា ឈរឈ្មោះ នៅ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ប៉ុន្តែ​ឥឡូវនេះ តំណែង​ចៅសង្កាត់​នេះ នឹង​បាន​ទៅ​បេ​ក្ខ​នារី លំដាប់​លេខ​រៀង​ទី​២ គឺ​អ្នកស្រី ឆាត សុជា វិញ ។​

​ចំណែក​លទ្ធផល​បណ្តោះអាសន្ន នៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​សង្កាត់​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន ៨ អាសន​: គណបក្ស​ភ្លើងទៀន បាន ៣ អាសនៈ លើ​អាសនៈ​សរុប ១១ ។​

​ទោះ​លាឈប់​ពី​តំណែង និង​ការងារ​សកម្ម​បែបនេះ​ក្តី លោក​ក៏​ស្នើសុំ​នៅ​បម្រើ​ការងារ​បក្ស រដ្ឋ ក្នុង​តំណែង​ណាមួយ ដូចជា ទីប្រឹក្សា ឬ​ដែល​មិនសូវ​សកម្ម មិនសូវ​ហត់ ឬ​បន្ទុក​ធ្ងន់​ពេក​ដែរ ដើម្បី​ជីវភាព និង​មាន​ពេលវេលា ថែទាំ​សុខភាព​។​

​ពលរដ្ឋ ក៏ដូចជា​ថ្នាក់ដឹកនាំ អាជ្ញាធរ និង​គណបក្ស បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមិថុនា​ថា​: ពួកគេ​សោកស្តាយ​ចំពោះ​លោក មុំ ប៉ុណ្ណា ដែល​បាន​លាលែង​តំណែង ចៅសង្កាត់​ព្រះ​ពន្លា​។ ប៉ុន្តែ​ពួកគេ គោរព​ដល់​ការសម្រេចចិត្ត និង​មូលហេតុ​របស់​សា​ម៉ី ជននេះ​៕/V​