ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រៅពី​ភារកិច្ច​ស្នូល​លើ​ការងារ​ត្រៀមប្រយុទ្ធ បម្រើ​ប្រយុទ្ធ និង​ប្រយុទ្ធ កងទ័ព​ក៏មាន​តួនាទី​សំខាន់​ក្នុង​បេសកម្ម​សង្គ្រោះ​គ្រោះមហន្តរាយ ដូចជា​គ្រោះទឹកជំនន់ និង​ការបាក់​រលំ​អគារ ជាដើម ដូច្នេះ ការហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះមហន្តរាយ និង​ជំនាញ​បើក​-​ជួសជុល​អូប័រ និង​របៀប​សង្គ្រោះ ក៏មាន​សារៈសំខាន់​ផងដែរ​ដើម្បី​បណ្តុះបណ្តាល​បំប៉ន​ឱ្យ​យោធិន​ជា​សិក្ខាកាម​មាន​ជំនាញ​ច្បាស់លាស់​លើ​ផ្នែក​បច្ចេកទេស និង​ស្តង់ដារ​ប្រតិបត្តិការ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការបំពេញភារកិច្ច​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនា​ន់ទី​៥ និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះមហន្តរាយ និង​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​បើក​-​ជួសជុល​អូប័រ និង​របៀប​សង្គ្រោះ​ជំនា​ន់ទី​៦ របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម គឺជា​ប្រភេទ​មួយ​នៃ​ប្រតិបត្តិការ​ពិសេស​ពាក់ព័ន្ធ​ទាំង​ផ្នែក​ការទូត ច្បាប់ និង​យុទ្ធវិធី ដែល​ទាមទារ​ឱ្យមាន​ការសម្របសម្រួល​ដឹកនាំ​បញ្ជា​តាម​ឋានានុក្រម និង​រចនាសម្ព័ន្ធ​ចាត់តាំង​ច្បាស់លាស់​។ ជាពិសេស​ការហ្វឹកហ្វឺន​កម្លាំង​ប្រតិបត្តិ​ករ​ជំនាញ និង​ការបន្ត​ការថែទាំ​សមត្ថភាព​របស់​ពួកគេ ត្រូវធ្វើឡើង​ដោយ​តឹងរ៉ឹង​ម៉ឺងម៉ាត់ ដោយ​រួម​ជាមួយនឹង​ការបំពាក់​ឧបករណ៍​សម្ភារ​ឱ្យបាន​គ្រប់គ្រាន់​ផងដែរ​។ ក្នុងន័យនេះ ការបើក​វគ្គ​ហ្វឹកហ្វឺន​ក្នុងថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​ការកសាង​សមត្ថភាព​របស់​បណ្តា​យោធភូមិភាគ និង​កងពលធំ​ចំណុះ​កងទ័ពជើងគោក ក្នុងនាម​ជា​កម្លាំង​ខ្សែត្រៀម​ទី​១​នៅតាម​មូលដ្ឋាន​បំពេញបន្ថែម​ឱ្យ​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​ថ្នាក់ជាតិ ស្របទៅនឹង​ការរៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ​ថ្មី និង​ការប្រគល់​ភារកិច្ច​បំពេញបន្ថែម​ពាក់ព័ន្ធ​នឹង​កិច្ចការ​ប្រឆាំង​ភេរវកម្ម ដែលជា​កិច្ច​ការសំខាន់​ចាំបាច់​ចំពោះមុខ​របស់​កម្ពុជា ខណៈដែល​អំពើ​ភេរវកម្ម នៅតែ​ជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដ៏​ស្រួចស្រាល់ ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក នៅឡើយ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​តែង​បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ហ្វឹកហ្វឺន​ប្រកបដោយ​សា្មរ​តី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​រក្សាបាន​នូវ​ប្រសិទ្ធភាព​ជាប់​ជាប្រចាំ និង​យ៉ាង​ទៀងទាត់ ស្របតាម​ទិសដៅ និង​ផែនការ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​នីមួយៗ​របស់​អង្គភាព ព្រមទាំង​ផែនការ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​បាន​ដាក់ចេញ​។ ជាក់ស្តែង ក្នុងថ្ងៃនេះ អង្គភាព​បាន​បើក​ដំណើរការ​វគ្គ​ហ្វឹកហ្វឺន​ចំនួន ០២ វគ្គ ដែល​រួមមាន​៖ (i) វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនា​ន់ទី​៥ និង (ii) វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះមហន្តរាយ និង​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​បើក​-​ជួសជុល​អូប័រ និង​របៀប​សង្គ្រោះ​ជំនា​ន់ទី​៦​។ សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​និច្ច​ជា​កាល ដែល​បាន​យកចិត្តទុកដាក់ និង​ផ្តល់​ការគាំទ្រ​ផ្នែក​ការងារ​ធានា ដើម្បី​បង្កលក្ខណៈ​ដល់​ការអនុវត្ត​ភារកិច្ច​ហ្វឹកហ្វឺន​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​សូម​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​ការចូលរួមចំណែក​ឧបត្ថម្ភ​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ របស់​បណ្តា​ប្រទេស​ជា​មិត្ត​, អង្គ​ភាពជា​ដៃគូ និង​ក្រសួង​-​ស្ថាប័ន​សម្ព័ន្ធមេត្រីភាព ក៏ដូចជា​សប្បុរសជន​ទាំងអស់ ដែល​ពិតជា​បាន​ជួយ​បង្កើន​លទ្ធភាព​របស់​អង្គភាព​លើ​ការសម្រួល​ដោះស្រាយ​តម្រូវការ​ចាំបាច់​ក្នុង​ការងារ​ហ្វឹកហ្វឺន និង​តម្រូវការ​ប្រចាំថ្ងៃ​ផ្សេងៗ​របស់​អង្គភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត យក​ឱកាស​នេះ សម្តែង​នូវ​ការ​អរគុណ​ចំពោះ​យោធិន គ្រួសារ​យោធិន ដែល​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​-​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​០៥ ខែមិថុនា កន្លងមក ដោយ​នេះ​គឺជា​ការបង្ហាញ​ដល់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស ក៏ដូចជា​ពិភពលោក​ទាំងមូល ឱ្យបាន​ឃើញច្បាស់​អំពី​ការអនុវត្ត​សិទ្ធ​សេរីភាព​នយោបាយ​យ៉ាង​ពេញលេញ​ក្នុងនាម​ជា​ពលរដ្ឋ​ម្ចាស់​ប្រទេស និង​ដំណើរការ​ប្រជាធិបតេយ្យ​ប្រកបដោយ​ភាពចាស់ទុំ​នៅ​កម្ពុជា​៕​