ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ របប​យោធា​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សុក្រ​បាន​ច្រាន​ចោល​ការរិះគន់​ស្តីពី​ប្រវត្តិ​សិទ្ធិមនុស្ស​របស់​ខ្លួន​ដោយ​អង្គការសហប្រជាជាតិ​ដោយ​ចោទប្រកាន់​ប្រធាន​សិទ្ធិមនុស្ស​​របស់​អង្គការ​នេះ​ថា​«​ជ្រៀតជ្រែក​»​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​

​ប្រធាន​ស្នងការ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​សំរាប់​សិទ្ធិមនុស្ស​លោកស្រី មី​សែ​ល បា​សេលេត​(Michelle Bachelet)​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​ទំនងជា​​បាន​ប្រព្រឹត្ត​«​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​» នៅក្នុង​ការបង្ក្រាប​របស់​ខ្លួន​លើ​ជន​ប្រឆាំង​ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​មក​។​

តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ របប​យោធា​មី​យ៉ាន់​ម៉ា​បាន​ច្រាន​ចោល​អ្វីដែល​ខ្លួន​ហៅ​ថា​«​សេចក្តីថ្លែងការណ៍​ផ្អែកលើ​ព័ត៌មាន​តែ​ម្ខាង​និង​គ្មាន​មូលដ្ឋាន​»​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រ​​ជា​ជាតិ​នៅ​ក្រុង​ហ្សឺ​ណែ​វ​។​

​លោកស្រី​បា​សេលេត ក៏​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បោះបង់ចោល​ផែនការ​ប្រហារជីវិត​ជន​ប្រឆាំង​ពីរ​នាក់ ដែល​ជា​ការអនុវត្ត​បែប​នេះ​ជាលើកដំបូង​នៅ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​ឆ្នាំ​១៩៩០​។​ជន​​ត្រូវ​ប្រហារជីវិត​រួមមាន អតីត​សមាជិកសភា​ម្នាក់​នៃ​រដ្ឋាភិបាល​មុន​និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លេចធ្លោ​ម្នាក់​។​

​សេចក្តីថ្លែងការណ៍​ចេញពី​ស្ថាន​បេសកកម្ម​មី​យ៉ាន់​ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្សឺ​ណែវ​បាន​និយាយថា « មី​យ៉ាន់​ម៉ា​ចង់​រំលឹក​ស្នងការ​ជាន់ខ្ពស់​រូប​នេះ​និង​បណ្តា​ប្រទេស​មួយចំនួន​ថា បុគ្គល​ដែល​​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​សុទ្ធតែ​ជា​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​សព្វាវុធ​រាប់រយ​មុខ​និង​ពួកគេ​ទទួល​មើល​ការ​ខុស​ត្រូវ​ក្រុម​ភេរវកម្ម​រាប់សិប​ផងដែរ​»​។​

​ផែនការ​ប្រហារជីវិត​នេះ​បង្ក​ការរិះគន់​ដូច​ព្យុះ​មក​ពី​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​ប្រទេស​ជាច្រើន​ដែល​គិតថា តុលាការសឹក​មី​យ៉ាន់​ម៉ា​កាត់ទោស​មិន​យុត្តិធម៌​៕

​លោកស្រី មី​សែ​ល បា​សេលេត បាន​និយាយថា យ៉ាងតិច​មនុស្ស​១.៩០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​យោធា​មី​យ៉ាន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​និង​ជាង​១៣.៥០០​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​តាម​អំពើ​​ចិត្ត​

​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ក្នុង​ចលាចល​ចាប់តាំងពី​រដ្ឋប្រហារ​ភ្លាម ។​ក្នុង​រូប ​សកម្មជន​នៅ​ជប៉ុន​ទាមទារ​អោយ​ដោះលែង​មេដឹកនាំ​ស៊ីវិល​អ៊ុង សាន ​ស៊ូ​ជី ដែល​ត្រូវបាន​ចាប់ខ្លួន​និង​កាត់ទោស​ដាក់ពន្ធនាគារ​នៅ​​ក្រោយ​យោធា​ទម្លាក់​លោកស្រី​ចេញពី​អំណាច​