​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​សុក្រ​ទី​១៧​មិថុនា​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បានបង្ហាញ​វីដេអូ​អំពី​អតីតយុទ្ធជន​យោធា​អាម៉េរិក​ពីរ​នាក់​ដែល​បាត់​ខ្លួន​កាលពី​សប្តាហ៍​មុន​ខណៈ​កំពុង​ប្រយុទ្ធ​​នៅ​អ៊ុ​យក្រែន ដោយ​បញ្ជាក់​ថា​បុរស​ទាំង​ពីរ​ត្រូវបាន​ចាប់​ជា​ឈ្លើយសឹក​និង​បង្កើន​ការបារម្ភ​អំពី​ជោគវាសនា​របស់​ពួកគេ​។​

​អា​ឡិច ឌ្រូ​ក (Alex Drueke) និង អ៊ែន​ឌី វៀន (Andy Huynh)​ទាំង​ពីរ​នាក់​មកពីរ​ដ្ឋ​អាឡាបា​ម៉ា (Alabama) ត្រូវ​គេ​ជឿ​ថា​ជា​ជនជាតិ​អាម៉េរិក​ដំបូង​គេ​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​កង​​កម្លាំង​រុស្ស៊ី​ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​និយាយ​ទៅកាន់​កាមេរ៉ា​ពីអ្វី​ដែល​មើល​ទៅ​ដូច​ជា​អគារ​ការិយាល័យ​មួយ ឌ្រូ​កបាន​ផ្ញើ​សារ​ទៅកាន់​ម្តាយ​របស់​គាត់ យ៉ាង​ដូច្នេះ​ថា “​ម៉ាក់ ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​ម៉ាក់​ដឹង​ថា​ខ្ញុំ​នៅរស់​ទេ​ហើយ​ខ្ញុំ​សង្ឃឹមថា​នឹង​​បាន​ត្រឡប់ទៅផ្ទះ​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។ ដូច្នេះ សូម​ស្រឡាញ់​ឌី​សែ​ល (Diesel)​សម្រាប់​ខ្ញុំ​។ ស្រឡាញ់​ម៉ាក់​”​។

​ឌី​សែ​ល​គឺជា​ឆ្កែ​របស់​គាត់​។​

​ម្តាយមីង​របស់​គាត់​ឈ្មោះ ដាយ​អាណា ស (Dianna Shaw) បាន​និយាយថា វីដេអូ​នោះ​មាន​ទាំង​ពាក្យ​គន្លឹះ​និង​កាយវិការ​ដែល​ឌ្រូ​កនិង​ម្តាយ​របស់​គាត់​ធ្លាប់​បាន​បង្កើតឡើង​ក្នុងអំឡុង​ដំណើរ​មួយ​​ក្នុងចំណោម​ដំណើរ​ពីរ​របស់​គាត់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដូច្នេះ​គាត់​ដឹងថា វា​ពិតជា​កូន​គាត់ ហើយ​កូន​គាត់​សុខ​សប្បាយ​ជា​ទេ​។​

​ឌ្រូ​ក ដែល​បម្រើការ​ក្នុង​ជួរ​កងទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់ និង​វៀន ដែល​បម្រើការ​ក្នុង​កង​ម៉ា​រី​ន​អាម៉េរិក បាន​បាត់​ខ្លួន​បន្ទាប់ពី​ក្រុម​របស់​ពួកគេ​បាន​រង​ការបាញ់ប្រហារ​យ៉ាងធ្ងន់ធ្ង​រ​នៅក្នុង​តំបន់​ទី​​ក្រុង​ខា​គី​វ​នៅ​ភាគ​ឦសាន​កាលពី​ថ្ងៃទី ៩ ខែមិថុនា​។​

​ដោយ​ស្រង់​សម្តី​របស់​ឌ្រូ​ក របាយការណ៍​ទូរទស្សន៍ RT បាន​និយាយថា ជនជាតិ​អាម៉េរិក​ទាំង​ពីរ​រូប​បាន​ដាច់​ចេញពី​ហ្វូង ហើយ​នៅពេល​ដែល​មាន​សុវត្ថិភាព ពួកគេ​បាន​ចេញពី​ព្រៃ​ទៅដល់​ភូមិ​មួយ ជា​ទី​ដែល​ពួកគេ​ត្រូវបាន​ប្រទះ​ឃើញ​ដោយ​ក្រុម​ល្បាត​របស់​រុស្ស៊ី ហើយក៏​បាន​ប្រគល់​ខ្លួន​។​

RT ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស បាន​និយាយថា ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅក្នុង​តំបន់​ដុន​បាស​ភាគ​ខាងកើត​អ៊ុ​យក្រែន​៕

​អា​ឡិច ឌ្រូ​ក (​ឆ្វេង​) និង អេន​ឌី វៀន ត្រូវបាន​ចាប់ខ្លួន​ក្នុង​តំបន់​ទីក្រុង​ខា​គី​វ​នៅ​ភាគ​ឦសាន​កាលពី​ថ្ងៃទី ៩ ខែមិថុនា