​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អឺរ៉ុប​បាន​បញ្ជូរ​សារនិមិត្ត​រូបដ៏មាន​ឥទ្ធិពល​នៃ​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​មិថុនា​ខណៈ​ទីក្រុង​ព្រុច​សែល​បាន​គាំទ្រ​សំណើ​របស់​ទីក្រុង​​គៀវ​សម្រាប់​ឋានៈ​ជា​បេក្ខភាព​សហភាព​អឺរ៉ុប ជា​ការសម្រេចចិត្ត​មួយ​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និយាយថា គាត់ “​គ្មានអ្វី​ប្រឆាំង​ទេ​”​។​

​ដោយ​មាន​ការគាំទ្រ​ពី​គណៈកម្មការ​អឺរ៉ុប អ៊ុយ​ក្រែន​អាចចូលរួម​ក្នុង​បញ្ជី​ប្រទេស​ដែល​ប្រជែង​គ្នា​សម្រាប់​សមាជិកភាព​នៅ​ដើម​សប្តាហ៍​ក្រោយ​នៅ​ពេល​ដែល​មេដឹកនាំ​រដ្ឋ​សមាជិក​ជួប​គ្នា​នៅ​ឯ​កិច្ច​​ប្រជុំ​កំពូល​នៅ​ទីក្រុង​ព្រុច​សែល​របស់​ពួកគេ​។​

​មេដឹកនាំ​ទាំង ២៧ រូប​ត្រូវ​តែ​យល់ព្រម​ចំពោះ​បេក្ខភាព​នេះ ហើយ​ប្រមុខ​នៃ​សមាជិក​ធំ​បំផុត​របស់​ប្លុក​នេះ គឺ បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​នេះ​កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ក្នុង​ដំណើរ​ទៅកាន់​ជាយក្រុង​គៀវ ដែល​ហែកហួរ​ដោយ​សង្គ្រាម​។​

​កាលពី​ថ្ងៃ​សុក្រ គណៈកម្មការ​អឺរ៉ុប​បាន​ផ្តល់​ការគាំទ្រ​ជា​ផ្លូវការ​ចំពោះ​ការស្នើសុំ​នេះ ហើយ​ប្រធាន​សហភាព​អឺរ៉ុប​លោក​ស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យ៉េន (Ursula von der Leyen)​បានបង្ហាញ​ជំហរ​របស់​​លោកស្រី​យ៉ាងច្បាស់ ដោយ​ការពាក់​អាវធំ​ពណ៌​ទង់ជាតិ​អ៊ុ​យក្រែន​។​

​លោកស្រី​បាន​និយាយថា “​យើងទាំងអស់គ្នា​បានដឹង​ថា​ជនជាតិ​អ៊ុយ​ក្រែន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្លាប់​សម្រាប់​ទស្សនៈ​អឺរ៉ុប​។ យើង​ចង់ឱ្យ​ពួកគេ​រស់នៅ​ជាមួយ​យើង​សម្រាប់​សុបិន​អឺរ៉ុប​”​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ស្វាគមន៍​ភ្លាមៗ​ចំពោះ​ការសម្រេចចិត្ត​នេះ​ថា​ជា​”​ជំហាន​ដំបូង​នៅលើ​ផ្លូវ​ជា​សមាជិកភាព​សហភាព​អឺរ៉ុប​ដែល​ពិតជា​នឹង​នាំ​ជ័យជម្នះ​មក​យើង​​កាន់តែ​កៀក​”​។​

​លោក​បាន​និយាយថា​លោក​រំពឹង​មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ផ្តល់ឱ្យ​អ៊ុយ​ក្រែន​នូវ “​លទ្ធផល​វិជ្ជមាន​” នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃទី ២៣-២៤ ខែមិថុនា​។​

​លោកពូ​ទីន​បាន​និយាយថា រុស្សី​មិនមាន​អ្វី​ប្រឆាំងនឹង​អ៊ុ​យក្រែន ដែល​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ទេ ដោយ​និយាយថា វា​គឺជា​”​ការសម្រេចចិត្ត​អធិបតេយ្យភាព​របស់​ពួកគេ​ក្នុង​ការចូលរួម​សហភាព​​សេដ្ឋកិច្ច​ឬ​អត់​” មិន​ដូច​ហានិភ័យ​សន្តិសុខ​ដែល​គាត់​មើលឃើញ​ក្នុងករណី​រដ្ឋាភិបាល​ទីក្រុង​គៀវ​ចូលរួម​ជា​សមាជិក​អង្គការ​យោធា​ណា​តូ​នោះទេ​។​

​ប៉ុន្តែ​លោក​បាន​និយាយថា សមាជិកភាព​នៃ​សហភាព​អឺរ៉ុប​នឹង​ប្រែក្លាយ​អ៊ុយ​ក្រែន​ទៅជា “​ពាក់កណ្តាល​អាណានិគម​” របស់​លោក​ខាងលិច​។​

​រុស្ស៊ី​ធ្លាប់បាន​និយាយ​មុននេះ​ថា លោកខាងលិច​កំពុង “​បោកប្រាស់​” អ៊ុយ​ក្រែន​ជាមួយនឹង​ការសន្យា​អំពី​សមាហរណកម្ម​៕

​ប្រធាន​សហភាព​អឺរ៉ុប​លោក​ស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យ៉េន​ជួប​លោក​ហ្សេ​លេន​ស្គី​នៅ​ទីក្រុង​គៀវ​កាលពីពេល​កន្លង​ទៅ