​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: តាមរយៈ​ការអញ្ជើញ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Nestlé Switzerland ដែលមាន​ទីតាំងនៅ​ទីក្រុង Vevey ប្រទេស​ស្វី​ស ដើម្បី​ពិភាក្សា​ការងារ ផ្លាស់ប្ដូរ​ព័ត៌មាន និង​ស្តាប់​នូវ​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​ក្នុង​ការធ្វើ​ប្រតិ​ប​ត្ត​ការ​អាជីវកម្ម​លើ​ទី​ផ្សារលើ​ពិភពលោក ក៏ដូចជា​ទីផ្សារ​កម្ពុជា ព្រមទាំង​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។​

​នៅក្នុង​បណ្តាញ​សង្គម កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ក្រសួងពាណិជ្ជកម្ម​បាន​សរសេរថា ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន លោក Remy Ejel, AOA CEO, Chris Hogg, VP Communication Manager និង​លោកស្រី Michelle Alvarillo, Regional Manager និង​សហការី អំពី​វឌ្ឍនភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស រហូត​សម្រេចបាន​ប្រមាណ ៩៥% នៃ​ប្រជាពលរដ្ឋ​ទាំងអស់ និង​បានប្រកាស​បើក​ប្រទេស​សារជាថ្មី តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២១​មក​ម្លេះ​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ដោយបាន​លើកឡើងថា ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) ដែលមាន​ប្រទេស​អាស៊ាន​១០ និង​ដៃគូ​មាន​៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ជាពិសេស​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​កសាង​បទដ្ឋាន​គតិ​យុទ្ធ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​សំខាន់ៗ​ជាច្រើន ដើម្បី​ធានាបាន​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ប្រកបដោយ​សុ​ច្ចរិតភាព និង​កាន់តែ​ល្អប្រសើ​បន្ថែមទៀត ជាក់ស្ដែង​ដូចជា​៖ ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព ផលិតផល​ទំនិញ និង​សេវា​, ច្បាប់​ស្តី​កិច្ចការពារ អ្នកប្រើប្រាស់​, ច្បាប់​ស្តីពី​កិច្ចការ​ប្រកួតប្រជែង​, និង​ច្បាប់​ស្តី​សុវត្ថិភាព​ម្ហូបអាហារ ដែល​ច្បាប់​ទាំងនេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ដើម្បី​រួមគ្នា​ដោះស្រាយ​អំពី​ក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​អាហារ​រូប​ត្ថ​ម្ភ (Nutrition) និង​ការដាក់​សារធាតុ​អាហារ​រូប​ត្ថ​ម្ភ​ក្នុង​អាហារ (Fortifications) បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​ការ​ក្លែងបន្លំ​ផលិតផល​ជាដើម​។ បន្ថែម​ពីនេះ លោក​បាន​ណែនាំ​ឱ្យ​ភាគី​ក្រុមហ៊ុន និង​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ពិនិត្យ​លទ្ធភាព​ក្នុងការ​រៀបចំ​ជា​អនុ​ស្សានៈ​នៃ​ការយោគយល់​គ្នា (MOU) នាពេលខាងមុខ​ផងដែរ​។​

​ជាការ​ឆ្លើយតប ភាគី​តំណាង​ក្រុមហ៊ុន Nestlé Switzerland បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់លោក​រដ្ឋ​មន្ត្រី និង​គណៈប្រតិភូ ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ព្រមទាំង​បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​សហការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ដោះស្រាយ​បញ្ហា​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​។​

​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ទៀតថា ក្នុងឱកាស​នោះ ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​ភាគី​ក្រុមហ៊ុន​អំពី​ការធ្វើ​ប្រតិ​ប​ត្ត​ការ​អាជីវកម្ម​របស់ខ្លួន​លើ​ទី​ផ្សារលើ​ពិភពលោក ក៏ដូចជា​ទីផ្សារ​កម្ពុជា​ផងដែរ ហើយ​តាមរយៈ​បទ​បង្ហាញ​នោះ ទីផ្សារ​កម្ពុជា ក៏​ជាទី​ផ្សារ​មួយ​ដែលមាន​ការប្រើប្រាស់​ផលិតផល Nestlé ក្នុង​ទំហំ​គួរឱ្យកត់សម្គាល់ ដែល​ក្រុមហ៊ុន​មានបំណង​វិនិយោគ​បង្កើត​រោងចក្រ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕​