​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​មិថុនា​ថា ខ្លួន​នឹង​បោះបង់ចោល​ដំណើរការ​ចុះឈ្មោះ​ជាមុន​សម្រាប់​ភ្ញៀវ​បរទេស​ហើយ​លែង​តម្រូវឱ្យ​ពាក់​ម៉ាស់​​នៅ​ទី​សាធារណៈ​ផងដែរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការថយចុះ​ថេរ​នៃ​ការឆ្លង​រាលដាល​កូវី​ដ​១៩​។​

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ពី​ប៉ាត រ៉ា​ត​ឆា​គីត​ប្រា​កាន (Pipat Ratchakitprakan) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រព័ន្ធ “Thailand Pass”​ជា​លិខិត​ដែល​អ្នកទេសចរ​បរទេស​​ត្រូវតែ​ស្វែងរក​ការយល់ព្រម​ជា​មុន​ពី​អាជ្ញាធរ​ថៃ នឹង​ត្រូវ​ផ្អាក​ចាប់ពី​ថ្ងៃទី ០១ ខែកក្កដា​។​

​ថៃ​គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​បំផុត​មួយ​របស់​ពិភពលោក​ប៉ុន្តែ​ក្រុម​អាជីវកម្ម​ទេសចរណ៍​បាន​ត្អូញត្អែរ​ពី​កិច្ច​តម្រូវ​តឹងរ៉ឹង​របស់​ខ្លួន​ជា​យូរ​មក​ហើយ​សម្រាប់​ជនបរទេស​ក្នុង​ការ​ដាក់​ឯកសារ​​ជាច្រើន រាប់​ចាប់ពី​វ៉ាក់សាំង​និង​វិញ្ញាបនបត្រ​តេ​ស្តិ៍រហ័​ស​រហូតដល់​ការធានារ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ​និង​ការ​កក់​សណ្ឋាគារ ជាហេតុ​រារាំង​ដល់​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​នេះ​។​

​ថៃ​ទទួលភ្ញៀវ​ទេសចរ ៤០ លាន​នាក់​ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​បាន​ទទួល​តិចជាង ១ ភាគរយ​នៃ​ចំនួន​នេះ​កាលពី​ឆ្នាំមុន បើទោះបីជា​មាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​តម្រូវ​ឱ្យធ្វើ​ចត្តា​ឡីស័​ក​ក៏ដោយ​។​

​ទោះបីជា​វិស័យ​ទេសចរណ៍​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក៏​ដោយ​ក៏ប៉ុន្តែ​ឧស្សាហកម្ម​នេះ​គឺ​នៅ​ឆ្ងាយ​ណាស់​ពី​ការ​ងើប​ឡើងវិញ​ដោយ​ការបាត់បង់​ការងារ​និង​អាជីវកម្ម​នៅក្នុង​វិស័យ​​នេះ​គឺ​មាន​ប្រហែល ១២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ​៕

​ភ្ញៀវ​បរទេស​កំពុង​ត្រៀម​ឯកសារ​ចូល​ប្រទេស​ថៃ​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​កាលពី​ថ្ងៃទី​១​វិច្ឆិកា ឆ្នាំ​២០២១