​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ប៉ូលិស​សហព័ន្ធ​របស់​ប្រេ​ស៊ីល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​មិថុនា​ថា ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ​នូវ ឆ្អឹង​សព​របស់​អ្នកកាសែត​អង់គ្លេស​លោក ដូម ហ្វី​លីព (Dom Phillips) ដែល​ត្រូវបាន​រកឃើញ​កប់​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់​ពី​បាត់​ខ្លួន​ក្នុង​ដំណើរ​ស្រាវជ្រាវ​ចងក្រង​ជា​សៀវភៅ​មួយ​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ហ្វី​លីព ដែល​បាន​បាត់​ខ្លួន​ជាមួយ​មគ្គុទ្ទេសក៍​ជំនាញ​ជនជាតិដើម​ភាគតិច​ឈ្មោះ ព្រូ​ណូ ប៉េ​រ៉េរ៉ា (Bruno Pereira) កាលពី​ថ្ងៃទី ៥ ខែ​មិថុនា​ត្រូវ​​បានកំណត់​អត្តសញ្ញាណ​តាមរយៈ​ការវិភាគ​កោសល្យវិច្ច័យ​។​

​ប៉ូលិស​និយាយថា ខ្លួន​នៅតែ​កំពុង​ធ្វើកា​រលើ “​ការកំណត់​អត្តសញ្ញាណ​ពេញលេញ​” នៃ ឆ្អឹង​សព​របស់​លោក​ហ្វី​លីព ដែល​អាច​រាប់​បញ្ចូល​ទាំង ឆ្អឹង​សព​របស់​លោកប៉េ​រ៉េរ៉ា​ផងដែរ​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជើងចាស់ ហ្វី​លីព អាយុ ៥៧ ឆ្នាំ និង ប៉េ​រ៉េរ៉ា អាយុ ៤១ ឆ្នាំ​បាន​បាត់​ខ្លួន​នៅ​តំបន់​ដាច់ស្រយាល​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​ញាំញី​ដោយ​ការជីក​យក​រ៉ែ​ខុសច្បាប់ ការនេសាទ​និង​ការកាប់​​ឈើ ក៏ដូចជា​ការជួញដូរ​គ្រឿងញៀន​។​

​ដប់​ថ្ងៃ​ក្រោយមក គឺ​ថ្ងៃ​ពុធ​ទី​១៥​មិថុនា ជនសង្ស័យ​ឈ្មោះ អា​ម៉ា​រី​ល​ដូ ដា កូ​ស្តា ដឺ អូ​លី​វើរ៉ា (Amarildo da Costa de Oliveira) ដែល​គេ​ស្គាល់​ថា “​ប៉េឡា​ដូ​” (Pelado)​បាន​នាំ​ប៉ូលិស​​ទៅ​កន្លែង​មួយ​ដែល​គាត់​និយាយថា​គាត់​បាន​កប់​សាកសព​នៅ​ជិត​ទីក្រុង​អា​តា​ឡា​យ៉ាដូ​ណត (Atalaia do Norte) ជា​កន្លែង​ដែល​អ្នក​ទាំង​ពីរ​បាន​ចេញ​ដំណើរ​តាម​ទូក​។​

​ឆ្អឹង​ដែល​រកឃើញ​ពី​កន្លែង​នោះ​បាន​មកដល់​ក្រុង​ប្រា​ស៊ីលៀ (Brasilia) កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មិថុនា ដើម្បី​កំណត់​អត្តសញ្ញាណ​ដោយ​អ្នកជំនាញ​។​

​ហ្វី​លីព ដែលជា​អ្នក​រួម​ចំណែក​យូរអង្វែង​ដល់​កាសែត The Guardian និង​កាសែត​អន្តរជាតិ​ឈានមុខ​គេ​ផ្សេង​ទៀត​កំពុង​ធ្វើការ​លើ​សៀវភៅ​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​តំបន់​​ព្រៃ​អា​ម៉ា​ហ្សូ​ន​ជាមួយ​លោកប៉េ​រ៉េ​រ៉ា​ជា​មគ្គុទេសក៍​របស់គាត់​។​

​លោកប៉េ​រ៉េរ៉ា ជា​អ្នកជំនាញ​នៅ​ទីភ្នាក់ងារ​កិច្ចការ​ជនជាតិដើម​ភាគតិច FUNAI របស់​ប្រេ​ស៊ីល បានទទួល​ការគំរាមកំហែង​ជាច្រើន​ពី​អ្នក​កាប់​ឈើ​និង​អ្នករុករក​រ៉ែ​ដោយ​ក្រសែភ្នែក​របស់​ពួកគេ​សម្លឹង​​លើ​ជនជាតិដើម​ភាគតិច​នៅ​តំបន់​ដាច់ស្រយាល​៕

​ឆ្អឹង​សព​អ្នកកាសែត​អង់គ្លេស​លោក ដូម ហ្វី​លីព ត្រូវបាន​កំណត់​អត្តសញ្ញាណ​ដោយ​ប៉ូលិស​និង​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​