ដោយៈ សុខុម / រតនគិរីៈ រថយន្ត​មួយគ្រឿង បុក​ក្មេងប្រុស អាយុ​៤​ឆ្នាំ ពេញទំហឹង នៅពេល​ក្មេងប្រុស​នោះ កំពុង​រត់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅ​ចំណុច​មុខ​សាលា​អនុវិទ្យាល័យ ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី នា​វេលា​ម៉ោងជាង ៦ យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​ដែល​ស្លាប់ ដោយសារ​រថយន្ត បុក​ឈ្មោះ ហ័ង តុង​សុ​ី​ង អាយុ​៤​ឆ្នាំ​។ ឪពុក​ក្មេងប្រុស ឈ្មោះ ហេង សុខ​ហ៊ា និង​ម្ដាយ​ឈ្មោះ ជូន ចាន់​សេង មាន​ទីលំនៅ ភូមិ​២ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មំ ខេត្តរតនគិរី​។​

​ចំណែក​អ្នកបើករថយន្ត​បង្កហេតុ ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ស ពាក់​ផ្លាក លេខ 3A .2965 ត្បូងឃ្មុំ ឈ្មោះ នន នី​ម ភេទ​ប្រុស អាយុ ២៤ ឆ្នាំ​។ ម្នាក់ទៀត ឈ្មោះ ទិ​ត តយ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជា​ព្រូ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ រថយន្ត​ខាងលើ មាន​ទិសដៅ​ពី​ខេត្តរតនគិរី មក​ខេត្តស្ទឹងត្រែង តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៨ លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ក្មេងប្រុស​ម្នាក់ រត់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់ ភ្លាមៗ​តែម្ដង​។​

​រថយន្ត​បង្ក បន្ទាប់ពី​បុក​ក្មេងប្រុស​ស្លាប់​ភ្លាម បាន​បើក​រត់គេច តែ​ត្រូវ​កម្លាំង​អធិការដ្ឋាន នគរបាល ស្រុក​កូន​មំ ុ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ស្នាក់ការ ៧៨៩ ឃាត់ រួមទាំង​អ្នកបើកបរ​ម្នាក់ និង ព្រូ រថយន្ត​ម្នាក់ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល ស្រុក​កូន​មុំ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕/V​