​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ និង ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១៧-១៨ ខែមិថុនា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​មួយ ស្តីពី​ការ​ផ្សព្វផ្សាយ អំពី​ដំណើរការ​វាយតម្លៃ និង​ទទួលស្គាល់ អង្គភាព​គំរូ ក្នុង​វិស័យ​បរិស្ថាន ក្រោម​វត្ដ​មាន លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងបរិស្ថាន ព្រមទាំង អភិបាលរង​ខេត្តបន្ទាយមានជ័យ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ប្រតិភូ​ក្រសួងបរិស្ថាន ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តបន្ទាយមានជ័យ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តរ​មានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តបន្ទាយមានជ័យ ក៏ដូចជា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ឧ​ត្ត​រ​មានជ័យ បានលើកឡើង ពី​វឌ្ឍនភាព​នៃ ដំណើរការ​វាយតម្លៃ និង​ទទួលស្គាល់ អង្គភាព​គំរូ ក្នុង​វិស័យ​បរិស្ថាន​ក្នុង​ខេត្ត​។​

​លោក​អភិបាលរង ខេត្តបន្ទាយមានជ័យ និង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​កោតសរសើរ និង​អរគុណ​ដល់ ក្រសួងបរិស្ថាន ដែល​ផ្តួចផ្តើម​រៀបចំ និង​ដំណើរការ​កម្មវិធី ចុះមក​ផ្សព្វផ្សាយ អំពី​ដំណើរការ​វាយតម្លៃ និង​ទទួលស្គាល់ អង្គភាព​គំរូ ក្នុង​វិស័យ​បរិស្ថាន ក្នុង​ខេត្តបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ នេះ ក្នុងនោះ​មានការ​វាយ​តំលៃ អំពី​ការការពារ ធម្មជាតិ និង​សហគមន៍ តំបន់ការពារធម្មជាតិ ក្នុង​វិស័យ​បរិស្ថាន ២០២២ ជាដើម​។​

​នាឱកាស​នោះ លោក ផៃ ប៊ុន​ឈឿន បាន​មានប្រសាសន៍ថាៈ ការប្រជុំ​ផ្សព្វផ្សាយ​នេះ បានរៀបចំ​ឡើង ក្នុង​គោលបំណង​លើកទឹកចិត្ត ដល់​គ្រប់​អង្គភាព មន្ទីរ​បរិស្ថាន តំបន់ការពារធម្មជាតិ និង​សហគមន៍ តំបន់ការពារធម្មជាតិ​ទាំងអស់​. អំពី​ដំណើរការ និង​នីតិវិធី នៃ​ការវាយតម្លៃ និង​ទទួលស្គាល់​អង្គភាព​គំរូ ក្នុង​វិស័យ​បរិស្ថាន និង​ផែនការ​សកម្មភាព និង​ក្នុង​ក្របខ័ណ្ឌ ពេលវេលា សម្រាប់​អនុវត្ត​ដំណើរការ​វាយតម្លៃ និង​ទទួលស្គាល់​អង្គភាព​គំរូ ក្នុង​វិស័យ​បរិស្ថាន​ឆ្នាំ ២០២២ ។ លោក​ក៏បាន​ណែនាំ អំពី​របៀប​បំពេញ​ឯកសារ និង​ល័ក្ខខ័ណ្ឌ តម្រូវការ ដើម្បី​បំពេញ​ឯកសារ​ដាក់ពាក្យ និង​ចូលរួម​ក្នុងការ​វាយ​តំលៃ​អង្គភាព គំរូ​ឆ្នាំ ២០២២ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ ។

​ក្នុងឱកាស​នោះដែរ ​លោក ​ផៃ ​ប៊ុន​ឈឿន ​បានណែនាំ​ដល់​មន្ទីរ​បរ​ស្ថាន អំពី​ការអនុវត្ត​ការងារ រវាង​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ ការអនុវត្ត​រដ្ឋបាល​ទំនើបកម្ម ការគ្រប់គ្រង​សំណល់​រឹង ក្នុង​ទីប្រជុំជន ឲ្យ​គេអភិរក្ស​ជីវៈចម្រុះ​ក្នុង​ខេត្ត ការរស់នៅ​ដែលជា​រូបភាព ​ការគាំទ្រ​ដល់​សហគមន៍ ក្នុង​តំបន់ការពារធម្មជាតិ ​និង​ការរក្សា​សាមគ្គីភាព​ផ្ទៃក្នុង ​របស់​អង្គភាព​ផងដែរ​៕/V