ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ ជាថ្មី​ម្តងទៀត​បាន​នាំ​គ្រួសារ​ខ្លួន​ទៅ​លេង​វិស្សមកាល​ក្នុង​ស្ទីល​ដ៏​អស្ចារ្យ ហើយ​បាន​ឱ្យ​គេ​ដឹក​រថយន្ត​ពីរ​គ្រឿង​សម្រាប់​ការ​សម្រាក​នេះ រួម​ទាំង​រថយន្ត Bugatti ដ៏​កម្រ​របស់គាត់​ផងដែរ​។​

​យោង​តាម​កាសែត The Sun បានឱ្យដឹងថា កំពូល​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​បាន​នាំ​ដៃគូ​យូរអង្វែង​របស់​គាត់​គឺ​នាង​ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេស (Georgina Rodriguez) និង​កូន​ប្រាំ​នាក់​របស់​ពួកគេ​ទៅ​កាន់​កោះ​ម៉ា​យ៉ូ​កា (Majorca) ដើម្បី​សម្រាក​លំហែកាយ​ផ្តាច់មុខ​នៅ​ជើងភ្នំ​ត្រា​ម៉ាន់​តា​ណា (Tramuntana)​។​

​ប៉ុន្តែ​វា​ហាក់ដូចជា​ការធ្វើដំណើរ​ទៅ​កាន់​កោះ​អេ​ស្ប៉ា​ញតាម​យន្តហោះ​គ្រួសារ G200 តម្លៃ ២០ លាន​ផោន​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​។ រ៉ូ​ណាល់ដូ​បាន​ធ្វើ​ឱ្យ​ប្រាកដថា រថយន្ត Bugatti Centodieci តម្លៃ​ប្រហែល ៨,៥ លាន​ផោន​របស់គាត់​ក៏​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​គាត់​ដែរ ព្រម​ទាំង​រថយន្ត​គ្រួសារ Mercedes SUV ។​

​រ៉ូ​ណាល់​ដូ​បាន​ទិញ​រថយន្ត​ម៉ាក Bugatti ស៊េរី​មានកំណត់​នៅ​ឆ្នាំ ២០២០​។ វា​មាន​ល្បឿន​អតិបរមា ៣៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ស្ទុះ​ពី ០-១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​រយៈ​ត្រឹមតែ ២,៤ វិនាទី​ប៉ុណ្ណោះ​។ កីឡាករ​បាល់ទាត់​រូប​នេះ​ត្រូវ​គេ​និយាយថា​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស ១០ នាក់​នៅលើ​ពិភពលោក​ដែល​ជា​ម្ចាស់​រថយន្ត Bugatti Centodieci ។​

​កីឡាករ​បាល់ទាត់​រូបនេះ​បាន​ចែករំលែក​រូបភាព​នៃ​ក្រុម​គ្រួសារ​កំពុង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅឯ​ផ្ទះ​សម្រាក​លំហែកាយ​ដ៏​ស្ងប់ស្ងាត់​របស់​ពួកគេ​មួយ​កន្លែង​។ រ៉ូ​ណាល់ដូ​នឹង​ចំណាយពេល ១០ ថ្ងៃ​នៅ​ទីនោះ​ជាមួយ​គ្រួសារ​របស់គាត់​៕

រ៉ូ​ណាល់​ដូ​និង​គ្រួសារ​ព្រម​ទាំង​រថយន្ត​ប្រណីត Bugatti Centodieci និង​រថយន្ត Mercedes SUV នឹង​ទៅ​លំហែកាយ​នៅ​កោះ​ម៉ា​យ៉ូ​កា ១០ថ្ងៃ