​ដោយ​: ជា សីហ​:/​ភ្នំពេញ​: ​នា​ព្រឹក​ថ្ងៃទី​សុក្រ ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​នៃ​អគ្គនាយក​បច្ចេកទេស​វ​ប្ប​ធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា នៅ​វត្ត​ស្វាយ​អណ្តែត ស្រុក​ល្វាឯម ខេត្តកណ្តាល ដើម្បី​ចងក្រង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​រយះពេល ៤​ឆ្នាំ បន្ទាប់ពី​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ ជាមួយ​ព្រះចៅអធិការ​វត្ត និង​លោក ប៉ូច ផៃ ព្រមទាំង​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ស្តីពី​វឌ្ឍនភាព​ការងារ​រយៈពេល ៤​ឆ្នាំ បន្ទាប់ពី​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្គូ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នាពេល​កន្លងមក​។

​ជាមួយគ្នានេះដែរ ក្រុមការងារ​បាន​នាំយក​នូវ​សម្លៀកបំពាក់​ល្ខោន ចំនួន​៤​ឈុត (​ឈុត​ក្រុង​រា​ពណ៌​១​ឈុត និង​ឈុត​ពល​យក្ស​៣​ឈុត​) ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​តារាចម្រៀង​ផលិតកម្ម ហ្គា​ឡាក់​ស៊ី កញ្ញា តន់ ចន្ទ​សី​ម៉ា ព្រម​ជាមួយនឹង​សៀវភៅ “​រឿង​រាមកេរ្តិ៍ ពោល​ដោយ​តា​សយ​” ចំនួន ៥០​ក្បាល ប្រគេន​ជូន​ព្រះចៅអធិការ​វត្ត​ស្វាយ អណ្តែត សម្រាប់​ផ្សព្វផ្សាយ​ជូន​ដល់ សហគមន៍​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ផងដែរ​។​

​ព្រះចៅអធិការ​វត្ត​ស្វាយ​អណ្តែត និង​ក្រុម​ល្ខោន​ខោ​វត្ត​ស្វាយ​អណ្តែត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ដល់​សកម្មភាព​របស់​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ដែល​ធ្វើ​ឲ្យ​ល្ខោន​មួយ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

ព្រះអង្គ និង​ក្រុម​ល្ខោន​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​បន្តទៀត​ក្នុង​កិច្ចការ​ថែរក្សា ការពារ ល្ខោនខោល ដែលជា​កេរ​មរតក​ដ៏​មានតម្លៃ​នេះ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស ព្រមទាំង​ផ្ទេរ​ចំណេះដឹង​នេះ​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែលជា​អ្នក​បន្តវេន​៕​