ដោយ​: ជា សីហ​:/​ភ្នំពេញ​:​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ត​សហការ​ជាមួយ​សាកលវិទ្យាល័យ​Hawai’i និង​សាកលវិទ្យាល័យ​Origon ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​តំបន់​ប្រាសាទ​បា​សែត ខេត្តបាត់ដំបង ក្នុង​គម្រោង​ស្រាវជ្រាវ​ឈ្មោះថា​ផ្ទះ (Pteah) ចាប់ពី​ថ្ងៃទី​១ ខែមិថុនា រហូតដល់​ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០២២​។

ប្រភព​ដដែល​បាន​បន្តថា គម្រោង​ស្រាវជ្រាវ​ផ្ទះ (Pteah) នេះ​មាន​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ រហូតដល់​ឆ្នាំ​២០២៣ ដោយ​ធ្វើ​ការងារ​ស្រាវជ្រាវ​ផ្តោត​សំខាន់​ទៅលើ​ការកំណត់​ទិដ្ឋភាព និង​ពេលវេលា​នៃ​ការតាំង​ទីលំនៅ​របស់​ម​នុស្ស​មុន និង​ក្រោយ​សម័យអង្គរ តាមរយៈ​វិធីសាស្ត្រ​ស្រាវជ្រាវ​បុរាណវិទ្យា និង​វិទ្យាសាស្ត្រ​។

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា សមាជិក​គម្រោង​ផ្ទះ (Pteah) នៅ​ឆ្នាំ​២០២២​នេះ​មាន លោកស្រី​បណ្ឌិត Miriam STARK មកពី​សាកលវិទ្យាល័យ​Hawai’i សហប្រធាន​, លោកស្រី​បណ្ឌិត Alison CARTER មកពី​សាកលវិទ្យាល័យ​Origon សហប្រធាន​, លោក ឡេង វិទូ អនុប្រធាននាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា​
,​លោក គឹម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​, លោកស្រី​បណ្ឌិត Cristina CASTILLO, លោក ហ៊ាង មេសា អនុប្រធាន​ការិយាល័យ​, មន្ត្រី​ជំនាញ​មន្ទីរ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​០២​រូប​,​មន្ត្រី​ជំនាញ​មន្ទីរ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​០១​រូប​,​និស្សិត​បរទេស​ផ្នែក​បុរាណវិទ្យា​មកពី​សហរដ្ឋអាមេរិក​២​រូប និង​ថៃ​១​រូប ជា​សមាជិក​៕​