​ដោយ​: បូកគោ​/​កែប​: ប្រតិភូ​មកពី​ក្រសួងបរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ បាន​បង្កើត​ព្រឹត្តិការណ៍​ដាំ​កូន​កោង​កាង​ប្រមាណ​៥០០​ដើម ជាការ​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​៥​មិថុនា ។​

​ថ្លែង​ក្នុង​ពិធី​ខាងលើ លោកស្រី ឌិ​ត នី​តា ភរិយា​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​ការថែទាំ​ផែនដី​ដើម្បី​សុខភាព​មនុស្ស សត្វ​ទូទាំង​ពិភពលោក​ស្ថិតក្នុង​បំណង​បង្កើន​ថាមពល​ឡើងវិញ​តាមរយ​:​បច្ចេកវិទ្យា​បៃតង ការកែលម្អ​គុណភាព​ខ្យល់​នៅ​ទីក្រុង និង​ជនបទ ។ បន្ថែម​លើ​នេះ ការថែទាំង​ភពផែនដី​មាន​គោលដៅ​លើកកម្ពស់​ចំណេះដឹង​ជា​សាធារណៈ​អំពី​ការគ្រប់គ្រង ការប្រើប្រាស់​ធាន​ធាន​ធម្មជាតិ ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​គុណភាព​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។​ លោកស្រី​ប្រធាន​ប្រតិភូ​បាន​បន្តថា​បេសកកម្ម​ទាំងនេះ​ក្នុងន័យ​លើកកម្ពស់​សុខភាព​សាធារណៈ និង​បំផុស​ដល់​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ចួ​ល​រួម​កាន់តែ​ខ្លាំងក្លា​ទាំង​ស្មារតី សម្ភារៈ​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​មនុស្ស សត្វ​ជាមួយ​ធម្មជាតិ​។​

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​បញ្ជាក់ថា​រដ្ឋបាលខេត្ត​តែង​បាន​ជំរុញ​ដល់​គ្រប់​មន្ទីរ អង្គភាព គ្រឹះស្ថាន ព្រមទាំង​សាធារណជន​ទូទៅ​ក្នុង​ការបន្ត​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ធានា​ការពារ​គុណភាព​បរិស្ថាន លើកកម្ពស់​សោភ័ណភាព​ទីក្រុង​បៃតង​នៃ​ខេត្ត​ភាគ​និរតី​ដ៏​តូច​ច្រឡឹង​នេះ​។ បច្ចុប្បន្ន អាជ្ញាធរខេត្ត​បាន និង​កំពុង​យកចិត្តទុកដាក់​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ​សំដៅ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ការកើនឡើង​កម្ដៅ ភាពរាំងស្ងួត ទឹកជំនន់ និង​គ្រោះធម្មជាតិ​នានា ពិសេស​ដើម្បី​ឲ្យ​ការប្រើប្រាស់​ធនធានធម្មជាតិ​បានយូរ​អង្វែង​៕​