ភ្នំពេញ ៖ បន្ទាន់​ពី​ទទួលបាន​ជោគជ័យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ទាំង​ការ​រចនា​ម៉ូត ការវិវត្តន៍​ថ្មីៗ​លើ​បច្ចេកវិទ្យា​ស្របតាម​យុគសម័យ​កាន់តែ​ទំនើប​លើ​ពិភពលោក​នោះ ក្រុមហ៊ុន RMA Cambodia បានបង្ហាញ​រថយន្ត Next-Generation Ford Ranger 2023 ជាមួយ​បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​ទាន់សម័យ ជាមួយ​រូបរាង​កាន់តែ​ស៊ី​វិ​ល័យ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ រថយន្ត​ Next-Generation Ford Ranger 2023 បាន​ប្រារព្ធ​ឡើង ជាមួយ​ព្រឹ​ត្ត​ការណ៍​ជួបជុំ​អតិថិជន​ភ្ញៀវកិត្តិយស​ជាតិ​–​អន្តរជាតិ ប្រមាណ​៦​ពាន់​នាក់​នៅ ដឺ​ព្រេ​មៀ សិន​ធឺ សែន​សុខ រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២​។​

​យោងតាម​ប្រសាសន៍​របស់ លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia រថយន្ត Ford ជា រថយន្ត​ភី​ក​អាប់ ដ៏​ល្បីល្បាញ​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​បានឈរជើង​យ៉ាងរឹងមាំ​នៅ​ប្រទេស​កម្ពុជា ចំពោះម៉ូ​ដែល​២០២៣​នេះ​ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង​ផ្អែក​ទៅតាម​គំនិត​ច្នៃប្រឌិត​រថយន្ត​នាពេល​អនាគត នឹង​ពាក្យស្លោក ” Build Ford Tough” ដែល​បញ្ជាក់​ពី​ភាព​ឆ្លាត​វៃ ធន់​រឹងមាំ ទំនើប​អស្ចារ្យ​លើសគេ ។​ រថយន្ត Ford Ranger ត្រូវបាន​ប្រជាជន​កម្ពុជា​ពេញនិយម​ប្រើប្រាស់ និង​ទទួលស្គាល់ថា​មានគុណ​ភាពល្អប្រសើ សុវត្ថិភាព​ខ្ពស់ និង​មាន​បច្ចេកវិទ្យា​ទំនើប ។​

​លោក​បាន​បន្ថែម​ទៀង​ថា​​ក្នុង​ឆ្នាំ​២០២៣​នេះ ក្រុមហ៊ុន RMA Cambodia ក៏បាន​នាំចូល​រថយន្ត Ford Pick Up ចំនួន​៤​ជម្រើស Ford Ranger XL ដែលជា​ប្រភេទ​រថយន្ត​សាក​សម​បំផុត​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការណ៍​អាជីវកម្ម​ផ្សេងៗ Ford Ranger XLT ជា​ប្រភេទ​រថយន្ត​ពាក់កណ្តាល Option ដែល​សាក​សម​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​អាជីវកម្ម និង​គ្រួសារ Ford Ranger Wildtrak ជា​ប្រភេទ Full Option សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​រថយន្ត Pick UP ទំនើប និង​រថយន្ត​ប្រភេទ​ចុងក្រោយ​នោះគឺ Ford Ranger Raptor ជា​ប្រភេទ​រថយន្ត Off-road Performance សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​បើកបរ​លើផ្លូវ​មានឧបសក្គ និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​។ ​ចំពោះ​អតិថិជន​ដែល​ជាវ​រថយន្ត Ford សេរី​ណាក៏ដោយ លោកអ្នក​និង​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​ដូចជា ការថែទាំ​រយៈពេល​២​ឆ្នាំ ដោយ​ឥតគិតថ្លៃ និង​ផលប្រយោជន៍​ផ្សេងៗ​ជាច្រើន​ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​រួមមាន ដំណើរ​កម្សាន្ត​តែងតែ​រៀបចំ​ជា​រៀងរាល់ឆ្នាំ ។

​ក្រុមហ៊ុន RMA Cambodia ក៏​ទើបតែ​បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នៃ រោងចក្រ​ដំឡើងរថយន្ត FORD ដំបូង​គេ​បង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មានតម្លៃ ២១​លាន​ដុល្លា និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨​០០កន្លែង ដែល​ស្ថិតនៅស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ ។ កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ។​

​ក្រុមហ៊ុន RMA CAMBODIA មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩២ ក្នុងនាម​ជា​អ្នកផ្ដល់ និង​ចែកចាយ​ផ្តាច់មុខ​នូវ​ដំណោះស្រាយ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ដឹកជញ្ជូន​សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម និង​មិនមែន​ពាណិជ្ជកម្ម​។ ទន្ទឹមនឹង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​លើ​វិស័យ​យានយន្ត​, កសិកម្ម​, ឧបករណ៍​ធុន​ធ្ងន់​, ដំណោះស្រាយ​ឧស្សាហកម្ម​, សេវាកម្ម​ហិរញ្ញវត្ថុ​, សេវាកម្ម​ជួល​រថយន្ត​, និង​អាជីវកម្ម​ម្ហូបអាហារ​។ ក្រុមហ៊ុន RMA CAMBODIA​បានទទួល​សិទ្ធិផ្ដាច់មុខ​ក្នុងការ​នាំចូល​រថយន្ត​ម៉ាក FORD, JAGUAR LAND ROVER, CHANGAN, រថយន្ត​ធុន​ធ្ងន់​ម៉ាក FUSO, គ្រឿងយន្ត​កសិកម្ម​ម៉ាក JOHN DEERE, គ្រឿងចក្រ​ឧស្សាហកម្ម​ម៉ាក JCB, រថយន្ត និង​ឧបករណ៍​សម្អាត​ម៉ាក HAKO, ឧបករណ៍​លើកដាក់​ទំនិញ​ម៉ាក TCM, ក្រុមហ៊ុន COMIN KHMERE ដែលជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ផ្នែក​វិស្វកម្ម​, ក្រុមហ៊ុន​ជួល​រថយន្ត​ម៉ាក AVIS និង Budget, ក្រុមហ៊ុន​កង់​បី​អ៊ីតាលី​ម៉ាក Piaggio, ក្រុមហ៊ុន​ចំណីអាហារ EFG ដែលមាន​ក្រុមហ៊ុន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និង​កម្មវិធី​បញ្ជា​ទិញ​អាហារ Hungry App​។​