​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យ៉ាងហោច​ណាស់​មនុស្ស​៤១​នាក់​បាន​ស្លាប់​នៅពេល​ទឹកជំនន់​កាត់ផ្តាច់​តំបន់​ធំ​ទូលាយ​នៅ​ឥណ្ឌា​ភាគ​ឦសាន​និង​បង់​ក្លា​ដែស ដោយ​នាំ​អោយ​ផ្ទះ​រាប់លាន​ស្ថិតនៅក្រោម​​ទឹក នេះ​បើ​តាម​ការប្រកាស​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​សៅរ៍​។​

​នៅក្នុង​រដ្ឋ​អា​សាម របស់​ឥណ្ឌា យ៉ាងហោច​ណាស់​មនុស្ស​១៦នាក់​បាន​ស្លាប់​ដោយ​ទឹកជំនន់ និង​ប្រមាណ​២​លាន​នាក់​ទៀត​ឃើញ​ផ្ទះ​របស់​លិច​ក្នុង​ទឹក​។​

​រន្ទះបាញ់​នៅផ្នែក​ខ្លះ​នៃ​ប្រទេស​បង់​ក្លា​ដែស បាន​សម្លាប់​មនុស្ស​២១នាក់​ផង​ដែរ​ចាប់តាំងពី​រសៀលថ្ងៃ​សុក្រ។បួននាក់ទៀតស្លាប់ដោយការបាក់ដីសង្កត់។

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរនៃប្រទេស​ទាំង​ពីរ​កំពុង​សុំ​ជំនួយ​ពី​យោធា​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិ​ការជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ដែល​អាច​កាន់តែ​អាក្រក់​ទៅ​ដោយសារ​តែ​ភ្លៀង​បន្ត​ធ្លាក់​នៅ​ចុង​សប្តាហ៍​នេះ​។​

​ប្រាម៉ា​ពុត្រា​(Brahmaputra)ទន្លេ​ធំ​បំផុត​មួយ​នៅ​អាស៊ី មានទឹក​ពណ៌​ភក់​ឡើង​ហៀរ​ច្រាំង​ដោយ​ពន្លិច​ភូមិ​ប្រមាណ​៣.០០០​នាក់និង​ដី​កសិកម្ម​នៅក្នុង​ស្រុក​ចំនួន​២៨ ក្នុងចំណោម​៣៣​ស្រុក​នៃ​រដ្ឋ​អា​សាម​។​

​សាន់​ចៃ អូ​នី​ល​(Sanjay O´Neil)​មន្ត្រី​នៅ​ស្ថានីយឧតុនិយម​រដ្ឋ​អា​សាម បាន​និយាយថា «​យើង​រំពឹងថា​ភ្លៀង​នឹង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​នៃ​ផ្នែក​ជាច្រើន​នៃ​រដ្ឋរហូត​ដល់​ថ្ងៃអាទិត្យ​។​កំរិត​ទឹកភ្លៀង​ធ្លាក់​​ខ្ពស់​មិន​ដែល​ធ្លាប់​ជួប​ពីមុន​»​។​

​ទិដ្ឋភាព​ជន់​លិច​និង​ការសង្គ្រោះ​មនុស្ស​នៅ​ភូមិ​មួយ​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​១៨​មិថុនា​

​សេវា​រថភ្លើង​ជាច្រើន​ត្រូវបាន​ផ្អាក​នៅ​ឥណ្ឌា​ចំពេល​មានការ​ធ្លាក់ភ្លៀង​ខ្លាំង​​នៅ​ប្រាំ​ថ្ងៃ​ជាប់ៗគ្នាមកនេះ​។​នៅ​ទីប្រជុំ ហាហ្វ​ឡុង​(Haflong)​ក្នុង​រដ្ឋ​អា​សាម ស្ថានីយ​រថភ្លើង​ស្ថិតក្រោម​ទឹក​និង​ទន្លេ​ដែល​ជន់​លិច​​មានទឹក​ហៀរហូរ​នាំ​ភក់​និង​ល្បប់​មកចាក់​គ្រប​លើ​ផ្លូវដែក​។​

​ក្នុងពេល​ជាមួយគ្នា យោធា​ឥណ្ឌា​ត្រូវ​បាន​សុំ​អោយចូល​ជួយ​បណ្តា​ទីភ្នាក់ងារ​ឆ្លើយតប​គ្រោះមហន្តរាយ​ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​ជាប់​ក្នុង​ទឹក​និង​ផ្តល់​ស្បៀង​ព្រម​ទាំង​វត្ថុ​ប្រើប្រាស់​ចាំបាច់​ដល់​គ្រួសារ​ដែល​​ជាប់​ក្នុង​ទឹកជំនន់​។​

​នៅ​បង់​ក្លា​ដែល បណ្តា​ស្រុក​ជាប់​ព្រំដែន​ឥណ្ឌា​ក៏​រង​ការ​ជន់​លិច​ខ្លាំងក្លា​ផង​ដែរ​ ខណៈកំរិត​ទឹក​នៅ​ទន្លេ​ធំៗ​នៅ​ទូទាំង​ប្រទេស​កំពុង​កើនឡើង ។​

​ក្នុងពេល​ជាមួយគ្នា ដំណើរការ​ហោះហើរ​នៅ​អាកា​សយនាដ្ឋាន​អន្តរជាតិ​ស៊ី​លឡេត​( Sylhet)​ត្រូវបាន​ផ្អាក​បី​ថ្ងៃ​មក​ហើយ​ដោយសារ​ទឹក​ជិត​ចូលដល់​ផ្លូវ​ឡើង​ចុះ​របស់​យន្តហោះ​៕

​ប្រជាជន​ដើរ​លុយ​ទឹក​នៅ​ស្រុក​មួយរ​បស់បង់​ក្លា​ដែស​កាល​ពី​ថ្ងៃសៅរ៍

យោធាបង់ក្លាដែលចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដោយជំនន់