​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ លោក វ៉ារិន ហ្វា​ហ្វ​ហ្វិត (Warren Buffett) បាន​ពង្រឹង​កេរដំណែល​របស់គាត់​ក្នុងនាម​ជា​ភ្ញៀវ​អាហារ​ថ្ងៃត្រង់​ថ្លៃ​បំផុត​គ្រប់ពេលវេលា​ទាំងអស់​។​

​ការដេញថ្លៃ​ឈ្នះ​ដើម្បី​មាន​ឱកាស​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​វិនិយោគិន​មហាសេដ្ឋី​រូបនេះ គឺ​មាន​តម្លៃ ១៩ លាន​ដុល្លារ​អាម៉េរិក នេះ​បើ​យោង​តាម​ការចុះបញ្ជី​របស់​វេបសាយ Ebay ដោយ​ធានា​ថា អ្នកដេញថ្លៃ​អនាមិក​និង​ភ្ញៀវ​រហូតដល់ ៧ នាក់​នឹង​បាន​ទទួលទាន​អាហារ​ជាមួយ​ប្រធាន​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Berkshire Hathaway Inc នៅ​ភោជនីយដ្ឋាន Smith & Wollensky ក្នុង​ទីក្រុង​ញូវយ៉ក​។​

​ការដេញថ្លៃ​ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​អង្គការ​សប្បុរសធម៌ Glide ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ បាន​បើក​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ជាមួយនឹង​តម្លៃ​ចាប់ផ្តើម ២៥.០០០ ដុល្លារ​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​កន្លងទៅ ការដេញថ្លៃ​បាន​ឈាន​ដល់​ជាង ២ លាន​ដុល្លារ​។ ការប្រកួតប្រជែង​បាន​ឈាន​ទៅ​មុខ​យ៉ាង​ខ្លាំងក្លា​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​មិថុនា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការដេញថ្លៃ​ដោយ​អ្នក​​ដេញថ្លៃ​ម្នាក់​ហ៊ាន​ដាក់​ថ្លៃ​ចំនួន ១១ លាន​ដុល្លារ ជា​ហេតុ​បង្ក​ឱ្យ​មាន​សង្គ្រាម​ដេញថ្លៃ​យ៉ាង​សាហាវ​។​

ការដេញថ្លៃ​នៅ​វិនាទី​ចុងក្រោយ​បាន​រុញ​តម្លៃ​ដេញថ្លៃ​រហូតដល់​១៩​លាន​ដុល្លារ​។​

​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​លើសលប់​នេះ​បាន​វ៉ា​ដាច់​យ៉ាង​ងាយ​លើ​ឯតទគ្គ​កម្ម​កាលពីមុន​ដែល​បាន​កំណត់​ដោយ​សហគ្រិន​រូបិយប័ណ្ណ​គ្រីប​តូ លោក ចា​ស្ទីន ស៊ុន (Justin Sun) ដែល​បាន​ចំណាយ​ប្រាក់ ៤,៥៧ លាន​ដុល្លារ​ដើម្បី​ឈ្នះ​ការដេញថ្លៃ​ក្នុង​ឆ្នាំ ២០១៩​។ ព្រឹត្តិការណ៍​នេះ​មិន​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ ២០២០ ឬ ២០២១ នោះ​ទេ​ដោយសារតែ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

​ការដេញថ្លៃ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ប្រចាំ​ឆ្នាំ​ក៏​នឹង​ក្លាយ​ដេញថ្លៃ​ចុងក្រោយ​ផងដែរ​។ ចាប់តាំងពី​វា​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០០០ ប្រាក់​រៃអង្គាស​គឺ​បាន​ជាង ៥៣ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​អង្គការ Glide ដែល​ផ្តល់​កម្មវិធី​ដើម្បី​ដោះស្រាយ​ភាពក្រីក្រ​និង​ភាព​គ្មាន​ផ្ទះសម្បែង ជាពិសេស​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​៕

ភ្ញៀវ​អនាមិក​និង​មនុស្ស​៧​នាក់​ទៀត​នឹង​ទទួលទាន​អាហារ​ជាមួយ​លោក​បា​ហ្វ​ហ្វិត​នៅ​ភោជនីយដ្ឋាន Smith & Wollensky ក្នុង​ទីក្រុង​ញូវយ៉ក