១- សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការចោទប្រកាន់អំពីការលួចសន្លឹកឆ្នោត

កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ជាង ២ពាន់នាក់។ ក្នុងពិធីនៅមជ្ឈមណ្ឌលជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ផ្តោតលើបញ្ហាសំខាន់ជាច្រើន រួមមាន បញ្ហាពាក់ព័ន្ធនឹងកូវីដ១៩ បញ្ហាសេដ្ឋកិច្ច រឿងរ៉ាវវិវឌ្ឍន៍ថ្មីៗ ក្នុងតំបន់ និងពិភពលោក ក៏ដូចជា ការផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់និស្សិត ដែលទទួលបានជោគជ័យក្នុងការសិក្សាផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញប្រតិកម្មចំពោះការចោទប្រកាន់អំពីការលួចសន្លឹកឆ្នោតផងដែរ។

២-គ.ជ.ប ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឃុំសង្កាត់ ក្រោយពីទទួលបានសម្ភារៈ និងឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥រាជធានីខេត្ត កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលនៃការបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់។ ការពិនិត្យផ្ទៀងផ្ទាត់នេះ ធ្វើឡើងនៅទីស្តីការគ.ជ.ប ស្ថិតនៅក្រោមក្រសែភ្នែកតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន។

៣-ជប៉ុន និងចិន ផ្តល់ជំនួយដល់កម្ពុជា សម្រាប់អភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន និងបេតិកភណ្ឌវប្បធម៌

កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ជប៉ុន និងចិន បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា តាមរយៈពិធីចុះហត្ថលេខាផ្សេងគ្នា នៅក្រសួងការបរទេស។ ក្នុងនោះ ជប៉ុន បានផ្តល់នូវទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍលើវិស័យធនធានមនុស្ស។ រីឯចិន ក៏បានចុះហត្ថលេខា ផ្តល់ជំនួយដល់កម្ពុជាជាង ៤លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងថ្មីៗ ដែលរួមចំណែកបន្ថែមទៀត ក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌។

៤-សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីខែមករា ឆ្នាំ២០២៣ ខាងមុខ

កាលពីថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីកាលបរិច្ឆេទជាក់លាក់ ក្នុងការដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខ។ នៅដើមឆ្នាំ២០២៣ខាងមុខ គ្រូបង្រៀន និងគ្រូពេទ្យ អាចនឹងត្រូវដំឡើងប្រាក់ប្រៀវត្សរ៍ ពីប្រមាណជាង ១លាន ២សែន ទៅដល់ ១លាន ៥សែនរៀល គ្រាដែលមន្ដ្រីដទៃទៀត អាចនឹងត្រូវដំឡើងដូចគ្នា ពីប្រមាណជាង ១លាន ១សែន ទៅប្រមាណ ១លាន ៤សែនរៀល។

៥- គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងលោក សុន ឆ័យ ពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់

កាលពីថ្ងៃទី១៤ ខែមិថុនា គណបក្សប្រជាជនកម្ពុជា តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្តឹង ជាផ្លូវការ ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឱ្យតុលាការ ផ្តន្ទាទោស និងទារសំណងជំងឺចិ ត្តចំនួន ១លានដុល្លារ ពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងអ្វីដែលបក្សប្រជាជនកម្ពុជាអះអាងថា ជាការចោទ និងបំភ្លៃព័ត៌មាន ជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លង ទៅតាមរយៈសារព័ត៌មាន ឌឹ ខែមបូឌា ដេលី។ នោះគឺលោក សុន ឆ័យ លើកឡើងថា ការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងមក មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋឡើយ។

៦- គជប បញ្ចប់ដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឃុំសង្កាត់ គ.ជ.ប បានបញ្ចប់ដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឃុំសង្កាត់ បន្ទាប់ពីចំណាយអស់រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមិថុនានេះ។ តាមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមមន្ត្រីជំនាញរួចមក គ.ជ.ប ប្រកាសថា លទ្ធផលបោះឆ្នោតឃុំសង្កាត់ ថ្ងៃ៥មិថុនា ដែលគ.ជ.ប ប្រកាសជាបណ្តោះអាសន្ន កន្លងមក គឺមានភាពត្រឹមត្រូវ។

៧-សម្ដេចតេជោ ហ៊ុន សែន បង្ហាញស្នាមញញឹមលើកពានមាស និងប្រកាសផ្ដួចផ្ដើមឱ្យអាស៊ាន ដេញថ្លៃ ធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញមោទកភាព និងស្នាមញញឹមដ៏ស្រស់ស្រាយ លើកពានមាសបាល់ទាត់ពិភពលោក FIFA ដែលបានប្រារព្ធពិធីដង្ហែឆ្លងកាត់កម្ពុជា។ ជាមួយនឹងការលើកទឹកចិត្ត និងគាំទ្រការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក នៅប្រទេស កាតា នាឆ្នាំ២០២២ នេះ សម្ដេច ហ៊ុន សែន ប្រធានអាស៊ាន ក៏បានប្រកាសគំនិតផ្ដួចផ្ដើម ឱ្យរដ្ឋជាសមាជិកអាស៊ាន រៀបចំធ្វើការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតបាល់ទាត់ពិភពលោក នៅពេលខាងមុខផងដែរ។

៨- ប្រជាពលរដ្ឋ ចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក ដោយសេរី នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីដង្ហែមកដល់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ពានរង្វាន់បាល់ទាត់ពិភពលោក ( FIFA WORLD CUP) ត្រូវបានដាក់បង្ហាញមហាជន ចូលទស្សនាដោយសេរី ហើយប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ក៏អាចថតរូបជាមួយពានរង្វាន់ពិភពលោកនេះ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីរសៀល ១ ដល់ម៉ោង ១០យប់ នាថ្ងៃទី១៥ ខែមិថុនា ផងដែរ។

៩- សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៦ចំណុច ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥

កាលពីថ្ងៃទី១៥ ខែមិថុនា ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥។ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នៅឆ្នាំនេះ ប្រារព្ធឡើង ក្រោមប្រធាបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។ ក្នុងសារលិខិត ចូលរួមទិវាជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៦ចំណុច។

១០- រដ្ឋមន្ត្រីក្រសួងការងារ ណែនាំនិស្សិតកម្ពុជា ឱ្យអភិវឌ្ឍន៍បន្ថែមលើការបង្កើតដ្រូនប្រើប្រាស់ក្នុងវិស័យកសិកម្ម

ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំនេះ បានប្រារព្ធឡើង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ ដោយមានបង្ហាញពីសមិទ្ធផល ដែលជាការបង្កើតថ្មី ដូចជា ដ្រូន រ៉ូបូត និងសម្ភាៈផ្សេងៗ ដែលជាស្នាដៃផ្ទាល់របស់សិស្ស និស្សិត ដោយប្រើប្រាស់ការច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីៗ។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានជំរុញ និងណែនាំអោយនិស្សិតកម្ពុជា ស្រាវជ្រាវអភិវឌ្ឍន៍បន្ថែមលើការបង្កើតដ្រូន ដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម។

១១-ក្រសួងសុខាភិបាល ជំរុញសហគមន៍ឱ្យពង្រឹងការតាមដានជំងឺកូវីដ១៩ ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ

នៅក្នុងសប្តាហ៍នេះ ក្រសួងសុខាភិបាល បានជំរុញ និងបង្កើនការថែទាំសុខភាពបឋម ជាពិសេសការចូលរួមរបស់សហគមន៍ក្នុងការតាមដានជំងឺកូវីដ១៩ ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះជំងឺទាំងនោះ ព្រមទាំងឆ្លើយតបនឹងពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិតនានា នៅក្នុងមូលដ្ឋាន។

១២-ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់កំពូលៗ ថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ថ្ងៃទី១៨ ខែមិថុនា ជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។ ព្រះករុណាព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់កំពូលៗ បានថ្វាយព្រះរាជសារ និងសារលិខិត ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម។ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ថ្ងៃ១៨មិថុនា ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាថ្ងៃបុណ្យជាតិ ដែលត្រូវឈប់សម្រាកការងាររៀងរាល់ឆ្នាំ។

១៣- កងទ័ពជើងគោកកម្ពុជា ចាត់ទុកការប្រឆាំងភេរវកម្ម ជាកិច្ចការចាំបាច់ចំពោះមុខ

ប្រតិបត្តិការប្រឆាំងភេរវកម្ម គឺជាប្រភេទមួយនៃប្រតិបត្តិការពិសេស ពាក់ព័ន្ធទាំងផ្នែកការទូត ច្បាប់ និងយុទ្ធវិធី ដែលទាមទារឱ្យមានការសម្របសម្រួល ដឹកនាំបញ្ជាតាមឋានានុក្រម និងរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់។ មេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកកិច្ចការប្រឆាំងភេរវកម្ម ជាកិច្ចការសំខាន់ចាំបាច់ចំពោះមុខរបស់កម្ពុជា ខណៈដែលអំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្រួចស្រាល់ ទាំងនៅក្នុងតំបន់ និងពិភពលោក។

១៤-គ.ជ.ប ប្តឹងលោក សុន ឆ័យ ទៅតុលាការ ពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ទីបំផុត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងទាមទារឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសគ.ជ.ប ជាសាធារណៈ។ ពាក្យបណ្តឹងរបស់គ.ជ.ប បានដាក់ចូលតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ កាលពីថ្ងៃទី១៣ ខែមិថុនា គណបក្សប្រជាជនកម្ពុជា ក៏បានប្តឹងលោកសុនឆ័យ ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ដោយសារតែលោកសុនឆ័យ ចោទប្រកាន់គ្មានការពិតថា គណបក្សប្រជាជនកម្ពុជា លួចបន្លំសន្លឹកឆ្នោត។ លោក សុន ឆ័យ ដែលជាខ្មែរ មានសញ្ជាតិអូស្ត្រាលី ត្រូវបានគេរាយការណ៍ថា លោកបានចាកចេញពីកម្ពុជា ទៅអូស្ត្រាលី ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

១៥-ក្រសួងបរិស្ថាន និងអង្គការអន្តរជាតិជាច្រើន បន្តយុទ្ធនាការបញ្ចប់ការដាក់អន្ទាក់ និងជួញដូរសត្វព្រៃខុសច្បាប់ កាលពីថ្ងៃទី១៧ ខែមិថុនា ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ អង្គការអភិរក្សអន្តរជាតិ គម្រោងព្រៃឡង់បៃតង់ អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC បានរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ។ យុទ្ធនាការនេះ ដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃ ឱ្យនៅគង់វង្ស និងការពារឱ្យសត្វព្រៃនៅកម្ពុជា មានចំនួនសម្បូរឡើងវិញ។ តាមសេចក្តីប្រកាសរួម នេះជាលើកទី៤ ដែលយុទ្ធនាការអន្ទាក់សូន្យ ត្រូវបានរៀបចំឡើង ក្នុងចំណោម ៨ យុទ្ធនាការ ដែលយុទ្ធនាការទី១ បានរៀបចំឡើង ដោយក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅ។ យុទ្ធនាការទី២ រៀបចំឡើង នៅខេត្តស្ទឹងត្រែង ដោយអង្គការ WWF និងយុទ្ធនាការទី៣ ដែលទើបតែបញ្ចប់ថ្មីៗនេះ រៀបចំដោយអង្គការ WCS នៅខេត្តព្រះវិហារ។

១៦-ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា និងកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងបានអញ្ជើញចូលរួមកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងញូវដែលី្ល។ តាមសេចក្តីប្រកាស មុនពេលចាប់ផ្តើមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា លោកឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត បានចូលជួបសម្តែងការ គួរសមជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។

១៧-អ្នកនាំពាក្យថ្លែងការណ៍បំភ្លឺ ករណីតុលាការផ្តន្ទាទោសកញ្ញា សេង ច័ន្ទធារី និងសកម្មជនផ្សេងទៀត ៤២នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៩វិច្ឆិកា

អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍ បំភ្លឺ និងជម្រាបជូនសាធារណជន ករណីតុលាការផ្តន្ទាទោសកញ្ញា សេង ច័ន្ទធារី និងសកម្មជនផ្សេងទៀត ៤២នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៩វិច្ឆិកា។ នោះគឺកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លើកញ្ញា សេង ច័ន្ទធារី និងសកម្មជនផ្សេងទៀត ចំនួន ៤២នាក់ ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងការចូលរួមក្នុងព្រឹត្តិការណ៍ ៩វិច្ឆិកា ដែលជាផែនការខុសច្បាប់ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩៕/V