ដោយ​: សុខុម / មណ្ឌលគិរី​: មកដល់ពេលនេះ​បងប្អូន​ជនជាតិដើម​ភាគតិច​ពូ​នង ដែល​រស់នៅ​ព្រៃភ្នំ ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​រក្សា​ទំនៀមទម្លាប់ ធ្វើ​ចម្ការ​វិលជុំ​ត​ពី​ដូច​ពី​តា ដោយ​មិនមាន​ការប្រែប្រួល​ឡើយ​។​

​យុវជន​ពូ​នង រស់នៅ​ខេត្តមណ្ឌលគិរី បាន​រៀបរាប់​ឱ្យដឹងថា ការធ្វើ​ចម្ការ​វិលជុំ​គឺជា​ទំនៀមទម្លាប់​តាំងពី​បុរាណ​។ ចម្ការ​វិលជុំ​មានន័យថា ធ្វើ​ចម្ការ​និង​សង់​ខ្ទម​ដាំ​ស្រូវ ដាំពោត សណ្ដែក​ត្រសក់ ត្រឡាច​ល្ពៅ​ជាដើម​ផ្លាស់​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​។​

​យុវជន​ពូ​នង បាន​និយាយទៀតថា ចម្ការ​វិលជុំ​មួយកន្លែង​មាន​ដី​ពីរ​ទៅ​បី​ហិកតា​។ ដាំ​ស្រូវ​និង​ដំណាំ​ជាច្រើន​មុខ​ទៀត​ដាំ​ដុះ រាល់​ឆ្នាំ រហូត​ដី​អស់​ជីជាតិ ទើប​ផ្លាស់​ទៅ​កន្លែង​ថ្មី​។​ពេល​ទៅធ្វើ​ចម្ការ​នៅ​កន្លែង​ថ្មី​បាន​៣​ទៅ​៤ ឬ​៥ ឆ្នាំ​ដី​អស់​ជា​ជាតិ​ក៏បាន​វិល​មក ទីតាំង​ចម្ការ​ពីដំបូង​វិញ​។​ពេលធ្វើ​ចម្ការ​វិលជុំ​នេះដែរ ចម្ការ​ដែល​គេ​បោះបង់ចោល ក្លាយទៅជា​ដុះ​ព្រៃ ធ្វើឱ្យ​ដី​មាន​ជីជាតិ​ឡើងវិញ​។ គេ​ក៏​កាប់​ព្រៃ​ដុត​សម្អាត​ធ្វើ​ចំការ​ម្ដងទៀត​។​

​យុវជន​បាន​ឲ្យ​ដឹង​ទៀតថា​ពេលធ្វើ​ចម្ការ​ព្រៃ​នៅ​រដូវប្រាំង​អោយបាន​ស្អាត​។​ពេល​មេឃ​មាន​ធ្លាក់ភ្លៀង​ដើមឆ្នាំ គេ​ចាប់ផ្ដើម​យក​ស្រូវ ពោត​ត្រសក់​ត្រឡាច​ល្ពៅ​ទៅ​ដាំ​។​ពេល​ដាំ​ស្រូវ​គ្រាប់ ពោត ត្រសក់​ល្ពៅ ក៏បាន​ដាក់​លាយ​គ្នា​ជាមួយ​គ្រាប់ស្រូវ​នៅក្នុង​កា​ផា​។​

​នៅពេល​ដាំ​គឺ​គេ​សម្រួចឈើ​ប្រវែង​ល្មម​ចំនួន ២​ដើម​។ ក្រោយពី​សម្រួចឈើ ហើយ​នាំគ្នា​ដើរ​ជា​ជួរ​យក​ឈើ ដែល​សម្រួច ភាគច្រើន​បុរស​កាន់​ក្នុង​ដៃ​ទាំងសងខាង ដើរ​បោះជំហាន​ទៅមុខ​។ ជាមួយ ដំណើរ​ដើរទៅ​មុខ​យើង​ស្មាន​ជំហាន​ជើង​និង​រណ្ដៅ​យក​ឈើបុក​ចូលទៅក្នុង​ដី​។​

​ចំណែក​ស្ត្រី​បាន​យក​បំពង់​ឬ​ស្សី​ច្រក​ស្រូវ​និង​គ្រាប់ពោត​សណ្ដែក ល្ង ត្រសក់ លាយ​គ្នា​។ រួច​ដើរ​តាម​រណ្ដៅ ដោយ​ប្រើ​ដៃ​ម្ខាង​កាន់​បំពង់​ឫស្សី​និង​ដៃ​ម្ខាង​ទៀត​ចាំ​ត្រង​គ្រាប់ស្រូវ​ជាមួយ​គ្រាប់​ផ្សេងទៀត ដែល​ច្រកចូល ទៅក្នុង​បំពង់​ឫស្សី​ចាក់​ចេញពី​បំពង់​ឫស្សី​លី​លក​ឱ្យ​ល្មម រួច​ដាក់ចូល​ទៅក្នុង​រណ្ដៅ​ដី​ដែល​បុរស បាន​យក​ឈើស្រួច​បុក​ជា​រណ្ដៅ​តូចៗ​។ បន្ទាប់មក​គេ​យក គល់​បំពង់​ឫស្សី ដែល​កាន់​នៅក្នុង​ដៃ​បុក​ទៅ​ចំ​រន្ធ​រណ្ដៅ​នោះ​ឱ្យ​បិទ​ជិត​ដើម្បី​កុំ​ឲ្យ​សត្វ​ឬ​ស្រមោច ពាំគ្រាប់​ស្រូវ គ្រាប់​បន្លែ​ផ្សេងទៀត​ចេញពី​ក្នុង​រណ្ដៅ​។​

​យុវជន​បាន​បញ្ជាក់ថា គ្រាប់ស្រូវ​ដែល​ដាំ​រួច​រយៈពេល​៦​ខែ​ទើប​ប្រមូល​ផល​។ រីឯ​គ្រាប់ពោត​ត្រសក់​សណ្ដែក​និង​ល្ង​ត្រឡាច​ល្ពៅ ដែល​បាន​ដាំ​ព្រម គ្នា​ជាមួយ​ស្រូវ គឺ​បាន​ផល​មុន​ស្រូវ​។ ម្ចាស់​ចម្ការ​បេះ​មក​ធ្វើ​ម្ហូប​ទទួលទាន​នៅក្នុង​គ្រួសារ​។ នៅ សល់​ខ្លះ​ក៏​បេះ​យកទៅលក់ នៅ​ផ្សារ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​៕​