ដោយ​: សុវណ្ណ​កុម្ភៈ /​ភ្នំពេញ​: ទីបំផុត​ក្រុមបាល់ទាត់​យុវជន​ស្រុក​ល្វាឯម បាន​ក្លាយជា​ក្រុម​ជើងឯក នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល បន្ទាប់ពី​ក្រុម​នេះ​បាន​យក​លើ​ក្រុមបាល់ទាត់​សមាគមន​បាល់ទាត់​ខេត្តកណ្តាល ដែល​កាត់ក្ដី​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី លទ្ធផល​៦​ទល់​៤​នៅ​កីឡដ្ឋាន​ខេត្តកណ្តាល ដែល​ការប្រកួត​នេះ​រៀបចំ​ដោយ​ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល​។​

​ពិធី​បិទ​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ខេត្តកណ្ដាល ស្ថិតនៅក្នុង​តាខ្មៅ​ខេត្តកណ្ដាល ដោយមាន​ការអញ្ជើញ​ចូលរួម​ប្រគល់​មេដាយ និង​ជ័យលាភី​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី ពី​សំណាក់​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង​អភិបាលរង​ខេត្តកណ្តាល​ព្រមទាំង​មន្ត្រី​គ្រប់​មន្ទីរ​ខេត្តកណ្តាល​ទាំងអស់​។ ចំពោះ​ក្រុមបាល់ទាត់​សមាគមន​បាល់ទាត់​ខេត្តកណ្តាល បាន​ត្រឹម​ជើងឯក​រង​ក្រោយពី​ចាញ់​ក្រុមបាល់ទាត់​យុវជន​ស្រុក​ល្វាឯម ប៉េ​ណា​ល់​ទី​លទ្ធផល​៤​ទល់​៦ ចំណែក​ក្រុមបាល់ទាត់​វិទ្យាល័យ​ជ័យ​វរ​ន្ម័​ទី​៧ ឈរ​ចំណាត់​លេខ​៣ រីឯ​ក្រុមបាល់ទាត់​យុវជន ព្រា​បស ជា​ចំណាត់​លេខ​៤​។​

​លោក គង់ សោ​ភ័​ណ្ឌ​បាន​មានប្រសាសន៍ថា យើង​រួមគ្នា​អភិវឌ្ឍន៍ វិស័យ​កីឡា ក្រោម​ម្លប់​សន្តិភាព ដើម្បី​ពង្រឹងសមត្ថភាព ជ្រើសរើស កីឡាករ កីឡាការិនី ឆ្នើម សម្រាប់​ត្រៀម​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ការ​ប្រ​កួ​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ កីឡា​នាំមក​សុខភាព​និង​ការប្រាស្រ័យ​ទំនាក់ទំនង​ល្អ​នៅក្នុង​សង្គម ប្រកបដោយ​ភាតរភាព ក្នុងនាម​ជា​ប្រជាជាតិ​មួយ ដែលមាន​មោទនភាព​ជាតិ ពោរពេញ​ទៅដោយ​ស្នាមញញឹម​ស្អាត និង​រួសរាយ​រាក់ទាក់ ក្រោម​ម្លប់​សុខសន្តិភាព និង​សុខដុមរមនា​៕​