​ប្រែ​សម្រួលៈ​បំណង​(BLOOMBERG, NYTIMES,ST)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិនបាន​ធ្លាក់​ពីលើ​កង់​មួយ​ភ្លែត​ពេល​លោក​ជិះ​ហាត់​ប្រាណជា​ក្រុម​នៅ​ពេល​ព្រឹក​និង​បាន​ឈប់​ស្វាគមន៍​អ្នក​​ឈរ​មើល​មួយក្រុម​នៅក្បែរ​គេហដ្ឋាន​មាត់សមុទ្រ​នៅ​រដ្ឋ​ដេ​ឡា​វ៉ែ​រ​(Delaware)​របស់លោក​។​

​ក្រោម​ដួល​ទៅ​នឹង​ដី​នៅ​ឆ្នេរ​រ៉េ​ហូបុ​ត​(Rehoboth)​កាលពី​ថ្ងៃ​សៅរ៍ លោកបៃ​ដិនបាន​និយាយថា «​ខ្ញុំ​អត់​អី​ទេ​-អូខេ»​។​

​អម​ដោយ​ភ្នាក់ងារ​ពិសេស​សំរាប់​ផ្តល់​សន្តិសុខ ប្រធានាធិបតី​វ័យ​៧៩​ឆ្នាំ បាន​ជិះ​កង់​សំដៅ​ហ្វូង​មនុស្ស​ដើម្បី​សួរនាំ​និង​ស្វាគមន៍​ពួកគេ តែ​ជើង​ម្ខាង​បាន​ទាក់​នឹង​ឈ្នាន់​កង់​បណ្តាលអោយ​លោក​ដួល​

​មន្ត្រី​សេត​វិមាន​ម្នាក់ បាន​និយាយថា​លោក​ប្រធានាធិបតី​មិន​អី​ទេ ដោយ​មិន​ទាមទារ​គ្រូពេទ្យមកពិនិត្យព្យាបាល​​អី​ទេ និង​រំពឹងថា​នឹង​សម្រាក​នៅ​ជាមួយ​គ្រួសារ​មួយថ្ងៃ​ពីរថ្ងៃទៀត។​​លោក​មាន​ផែនការ​ស្នាក់​នៅដេឡា​វ៉ែរ​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​។​

​បៃ​ដិន អាយុ​៧៩​ឆ្នាំ ច្រើន​តែ​ជិះ​កង់​ហាត់ប្រាណ​ពេល​ទៅ​សម្រាក​លំហែកាយចុងសប្តាហ៍​នៅ​គេហដ្ឋាន​មាត់សមុទ្រ​រ៉េ​ហូបុ​តរបស់​លោក​។​កាលពី​ថ្ងៃ​សុក្រ លោក​និង​ជំទាវ​ទីមួយ បណ្ឌិត ជី​ល បៃ​ដិន បាន​អបអរ​ខួប​អា​​ពាហ៍​ពិពាហ៍​ទី​៤៥​របស់​អ្នក​ទាំង​ពីរ​។​

​នៅពេល​អ្នកយកព័ត៌មាន​ស្រែក​សួរថា​តើ​លោក​មាន​អារម្មណ៍​យ៉ាងណា លោកបៃ​ដិនបាន​លោត​ចុះ​ឡើង ញញឹម​ហើយ​លើក​កណ្តាប់ដៃ​ឡើង​ពេល​លោក​ចេញពី​ព្រះវិហារ​មួយ​នៅ​ទីប្រជុំជន​មាត់សមុទ្រ​ក្រោយ​កើត​ឧបទ្ទវហេតុ​បាន​ប៉ុន្មាន​ម៉ោង​។​

​តាមពិត​លោកបៃ​ដិន​មិនមែន​ជា​ប្រធានាធិបតី​អាម៉េរិក​ទីមួយ​ដែល​ដួល​នៅ​ទីសាធារណៈ​ដូច្នេះ​ទេ​។​កាលពី​ឆ្នាំ​១៩៧៥ ប្រធានាធិបតី ជឺ​រ៉ល់ ហ្វ​ដ (Gerald Ford)​បាន​ដួល​ពេល​ចុះ​ពី​យន្តហោះ​Air Force One ក្នុងពេល​ធ្វើ​ទស្សនកិច្ច​អូទ្រីស​។​នៅ​ជិត​មួយ​ទសវត្សរ៍​ក្រោម ប្រធានាធិបតី រ៉ូ​ណល រី​ហ្គឹ​ន​(Ronald Reagan)​ដ៏​រអិលដួល​ពេល​ឡើង​យន្ត​។​ហើយ​នៅ​ឆ្នាំ​២០០៤ ប្រធានាធិបតី ច​ច ដា​ប់ប​ល​យូ ប៊ូ​ស​(George W. Bush)​ក៏​បាន​ដួល​ពេល​ជិះ​កង់​ឡើង​ភ្នំ​នៅ​តិច​សាស់​៕