ដោយ:​ មុនីរ័ត្ន / ភ្នំពេញ៖ លោក​ ស​ សុខា​ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា​: ការស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោត របស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការរួមចំណែក ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែប្រសើរថែមទៀត និងជាការហាត់រៀនបន្ថែមនូវបទពិសោធន៍ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំរបស់ប្រទេសជាតិ ។

ការបញ្ជាក់នេះ​ ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់អ្នកសង្កេតការណ៍ជាតិ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២២​ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

លោក ស​ សុខា​ បានបន្តថា​: ក្នុងនាមលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស និយាយជារួម និងដោយឡែកខេត្តព្រៃវែង ដែលបានស្ម័គ្រចិត្តចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ។

លោក​ ស​ សុខា​ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ក្រុមការងារចុះជួយ ដែលបានរៀបចំ ចាត់ចែង និងឧបត្ថម្ភដល់សមាជិក សមាជិកា ស.ស.យ.ក. ជាអ្នកសង្កេតការណ៍ទាំងអស់ ធ្វើឱ្យដំណើរការ នៃការចូលរួមសង្កេតការណ៍បោះឆ្នោត របស់សមាជិក សមាជិកាយើង អនុវត្តការងារទៅដោយរលូន និងជោគជ័យ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត កំណត់៕/V