​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រមុខ​យោធា​ថ្មី​របស់​អង់គ្លេស​បាន​និយាយថា ទាហាន​អង់គ្លេស​ត្រូវតែ​ត្រៀម​«​ប្រយុទ្ធ​នៅ​អឺរ៉ុប​សាជាថ្មី​»​នៅពេល​ជម្លោះ​ក្នុងប្រទេស​អ៊ុយ​ក្រែន​នៅតែ​បន្ត​។​

​ឧត្តមសេនីយ៍ សៀ ភែ​ទ្រីក ស៊ែ​ន​ឌឺ​(Sir Patrick Sanders)​ដែល​ទើប​ចូលកាន់​តំណែង​ប្រមុខ​យោធា​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា​«​ឥឡូវ​មាន​បទបញ្ជា​បន្ទាន់​អោយ​បង្កើត​កងទ័ព​​មួយ​ដែល​អាច​ប្រយុទ្ធ​រួម​ជាមួយ​សម្ពន្ធមិត្ត​របស់​យើង​ដើម្បីយក​ឈ្នះ​រុស្ស៊ី​នៅ​សមរភូមិ​។​យើង​ជា​ជំនាន់​មនុស្ស​ដែល​ត្រៀម​កងទ័ព​ដើម្បី​ប្រយុទ្ធ​នៅ​អឺរ៉ុប​ជាថ្មី​»​។​

​សម្តី​គួរអោយ​ព្រឺឆ្អឹងខ្នងនេះ​កើត​ឡើង​តែ​មួយ​ថ្ងៃក្រោយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​វិល​មក​ពី​ទស្សនកិច្ច​អ៊ុ​យក្រែន ជាមួយ​នឹង​ការព្រមាន​ថា «​យើង​ត្រូវ​ការពារ​ខ្លួនឯង​សំរាប់​សង្គ្រាម​យូរអង្វែង​មួយ​»​។​

​ក្រោយ​ជួប​​ប្រធានាធិបតី​អ៊ុ​យក្រែន លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បាន​និយាយថា​ការឈ្លានពាន​របស់មេដឹកនាំរុស្ស៊ី ​វ្ល៉ា​ឌី​មៀ ពូ​ទីន «​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​»​ហើយ​បើ​ការវាយ​រុល​ទៅ​​មុខ​របស់​រុស្ស៊ី​ទទួលបាន​ជោគជ័យ បុគ្គលនេះ​នឹង​មិន​បញ្ឈប់​ត្រឹម​កំទេច​អ៊ុយ​ក្រែនទេ​។​

​សរសេរ​ចុះ​ក្នុង​សារព័ត៌មាន​The Times​លោក​ច​ន​សុន បាន​និយាយថា «​ខ្ញុំ​បារម្ភ​ខ្លាច​តែ​យើង​ត្រូវ​​ការការពារ​ខ្លួនឯង​សំរាប់​សង្គ្រាម​យូរអង្វែង​មួយ នៅពេល​ពូ​ទីន​ធ្វើ​យុទ្ធនាការ​ធ្វើអោយ​រិចរឹល​​បន្តិច​ម្តងៗក្នុងការព្យាយាម​កំទេច​អ៊ុ​យក្រែន​។​អង់គ្លេស​និង​មិត្ត​របស់​យើង​ត្រូវតែ​ឆ្លើយតប​តាមរយៈ​ការធានា​ថា​អ៊ុយ​ក្រែន​មានភា​ពធន់​ខាងយុទ្ធសាស្ត្រ​ដើម្បី​នៅមានជីវិតនិង​ទីបំផុត​នឹង​ឈ្នះ​»​។​

​លោក​បានបន្ថែមថា «​គ្រប់យ៉ាង​នឹង​អាស្រ័យ​លើ​អ៊ុយ​ក្រែន​ថាអាច​ពង្រឹង​លទ្ធភាពរ​បស់​ខ្លួន​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​បាន​លឿន​ជាង​រុស្ស៊ី​អាច​បង្កើន​កម្លាំង​វាយប្រហារ​ជាថ្មី​ដែរ​ឬ​អត់​។​ភារកិច្ច​របស់​យើង​​គឺ​គាំទ្រនិងផ្តល់​ជំនួយ​អោយ​ទាន់​ពេល​ដល់​អ៊ុ​យក្រែន​»៕

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​សុក្រ លោក​បូរី​ស ច​ន​សុន បាន​សុំ​ផ្តល់​កម្មវិធី​ហ្វឹកហាត់​យោធា​ដល់​កងកម្លាំង​អ៊ុ​យក្រែន​។​លោក​បាន​ជួប​ប្រធានាធិបតី ហ្សេ​លេន​ស្គី ក្នុង​ដំណើរ​ទស្សនកិច្ច​​លើក​ទី​ពីរ​នៅ​អ៊ុយ​ក្រែន​ចាប់តាំងពី​ពេល​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​ក្បែរ​ខាង​ខ្លួន​