ដោយ: មុនីរ័ត្ន / ភ្នំពេញ​ :​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានមាន ប្រសាសន៍ណែនាំ ឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវផ្សារភ្ជាប់ទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដោយទទួលយកនូវរាល់សំណើសំណូមពរ របស់ប្រជាពលរដ្ឋ តាមរយ:វេទិកា សាធារណៈ ព្រមទាំងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីធានាបាននូវសុខសុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។ ការណែនាំនេះ​ បានធ្វើឡើងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តពោធិរង្សី ស្រុកកញ្ចៀច ខេត្តព្រៃវែង​ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២​។

សម្ដេចក្រឡាហោម ស ខេង បានសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង ដែលបានខិតខំអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ នៅគ្រប់ដំណាក់កាល នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា: រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញ នូវវិធានការទប់ស្កាត់ យ៉ាងមានប្រសិទ្ធភាព នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាល បានផ្ដល់វាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលអាចធ្វើឲ្យប្រទេសជាតិ អាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បង្កលក្ខណៈសម្បត្តិងាយស្រួល ក្នុងការលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងវិញ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា​: វត្តអារាម បានដើរតួនាទី យ៉ាងសំខាន់ក្នុងសង្គម ជាតិយើង ដោយក្នុងនោះ បានអប់រំប្រជាពលរដ្ឋឲ្យកសាងតែអំពើល្អ អំពើជាកុសល ដែលនាំឲ្យភូមិឃុំសហគមន៍របស់យើង ទទួលបាននូវភាពសុខសាន្ត៕/V