ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: លោកស្រី ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធសភា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់ស្វាយ​ថា សមិទ្ធផល​ទាំងឡាយ​ដែល​ឃុំ​សម្រេចបាន គឺ​ដោយសារ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង និង​សហការ​ល្អ រក្សាបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​។​

​លោកស្រី ឃួន ឃុន​ឌី បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទាំង​១១​ឃុំ នៅក្នុង​ស្រុក​កំពង់ស្វាយ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២​។​

​លោកស្រី​បាន​ណែនាំ​ឱ្យ​សូម​មន្ត្រី​ជំនាញ​គ្រប់រូប​ត្រូវ​ពិនិត្យ​រាល់​ការងារ​ក្នុង​មូលដ្ឋាន​ទាំងអស់ កុំ​ទុក​យូរ​រាល់​ការងារ​អ្វី​ណាមួយ​ដែល​មិនអាច​ដោះចេញ​នោះ សូម​រាយការណ៍​បន្ទាន់ ឬ​បញ្ជូនមក​ថ្នាក់លើ ហើយ​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​រួមគ្នា​ទប់ស្កាត់​ប្រឆាំង​ដាច់ខាត​សកម្មភាព​នានា អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ថែរក្សា​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សុវត្ថិភាព​សង្គម ឱ្យបាន​ល្អប្រសើរ​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​ឱ្យមាន​សុវត្ថិភាព និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​លោកស្រី​បាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវធ្វើ​ផែន​ការដែល​រកបាន​នូវ​ចំណុច​ខ្វះខាត​ជា​ចំណុច​អទិភាព​ដើម្បី​ធ្វើការ​ដោះស្រាយ​និង​រាយការណ៍​ជូន​ថ្នាក់លើ ហើយ​សមាជិក​ទាំងអស់​ត្រូវ​មានការ​សាមគ្គីភាព ដើម្បី​ធានា​រក្សាបាន​នូវ​ភាពសុខដុមរមនា​រក្សា​ប្រក្រតីភាព នៃ​ជីវភាព​សង្គម​សេដ្ឋកិច្ច​ប្រជាជន ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀតហើយ​ក្រុមការងារ​ទាំងអស់ ត្រូវខិតខំ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សម​ទ្ធិ​ផល​ថ្មីៗ ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដោយមាន​ភាពជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នានេះដែរ​លោកស្រី​បាន​លើកឡើងថា នៅ​ថ្ងៃ​ខាងមុខនេះ ការប្រកាស​ឲ្យ​ចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​ទូទាំងប្រទេស ដូច្នេះ​សូម​ឲ្យ​ក្រុមប្រឹក្សា​ចូលកាន់​តំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​និង​ខិតខំ​ធ្វើអំពើ​ល្អ​ដើម្បី​ឆ្លើយ តប​ទៅនឹង​ការជឿទុកចិត្ត​ពី​ម្ចាស់ឆ្នោត​៕​