​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​បាត់បង់​ការគ្រប់គ្រង​រដ្ឋ​សភា​នៅក្នុង​ការបោះឆ្នោត​នីតិបញ្ញត្តិ​កាលពី​ថ្ងៃអាទិត្យ ទី​១៩ មិថុនា ដែល​នេះ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​អាច​ធ្វើឱ្យ​ប្រទេស​ធ្លាក់​ចូល​ទៅ​ទាល់ច្រក​ផ្នែក​នយោបាយ លុះត្រាតែ​គាត់​អាច​ចរចា​បង្កើត​សម្ពន្ធភាព​ជាមួយ​គណបក្ស​ផ្សេងទៀត​។​

​សម្ពន្ធ​គណបក្ស​ចម្រុះ​និយម​កណ្តាល​របស់​លោក​ម៉ា​ក្រុង ដែល​ចង់​បង្កើន​អាយុ​ចូល​និវត្តន៍​និង​ធ្វើឱ្យ​សមាហរណកម្ម​សហភាព​អឺរ៉ុប​កាន់តែ​ស៊ីជម្រៅ​នោះបាន​ស្ថិត​លើ​មា​គា​ទទួលបាន​អាសនៈ​ច្រើនជាងគេ​​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​។ ប៉ុន្តែ​លទ្ធផល​ជិត​ចេញ​ជា​ផ្លូវការ​បាន​បង្ហាញថា ពួកគេ​នឹងខ្វះ​សំឡេង​ភាគច្រើន​ដាច់ខាត​ដើម្បី​គ្រប់គ្រង​សភា​។​

​សម្ពន្ធភាព​ឆ្វេងនិយម​ដ៏​ទូលំទូលាយ​មួយ​គ្រោង​នឹង​ក្លាយជា​ក្រុម​ប្រឆាំង​ដ៏​ធំ​បំផុត ខណៈ​ក្រុម​ស្តាំនិយម​បាន​បង្កើត​កំណត់ត្រា​ជ័យជម្នះ​ខ្ពស់​មិន​ធ្លាប់​មាន​និង​ក្រុម​អភិរក្ស​ទំនងជា​នឹង​ក្លាយ​ជា​ក្រុម​មាន​​ឥទ្ធិពល​សម្រេច​ចិត្ត​ខាង​នយោបាយ​។​

​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក ព្រូ​ណូ ឡឺ​មែរ (Bruno Le Maire) បាន​ហៅ​លទ្ធផល​នេះ​ថា​ជា “​ការតក់ស្លុត​ខាង​លទ្ធិប្រជាធិបតេយ្យ​” ហើយ​បាន​បន្ថែមថា ប្រសិនបើ​ប្លុក​ផ្សេង​ទៀត​មិន​សហការ​”​នោះ​​វា​នឹង​រារាំង​សមត្ថភាព​របស់​យើង​ក្នុងការ​កែ​ទម្រង់​និង​ការពារ​ប្រទេស​បារាំង​”​។​

​សភា​ដែល​ជាប់គាំង​នឹង​តម្រូវ​ឱ្យមាន​កម្រិត​នៃ​ការចែក​អំណាច​និង​ការសម្របសម្រួល​ក្នុងចំណោម​គណបក្ស ដែល​គ្មាន​បទពិសោធន៍​នៅក្នុង​ប្រទេស​បារាំង​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ​។​

​គេ​មិន​អាច​ដឹងថា​នឹង​មាន​អ្វី​កើតឡើង​នៅ​បារាំង​នៅ​ពេល​ឥឡូវនេះ​បានទេ​។ ​លើក​ចុងក្រោយ​បង្អស់​ដែល​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​បាន​បរាជ័យ​ក្នុង​ការទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៅក្នុង​ការបោះឆ្នោត​សភា​គឺ​នៅ​ឆ្នាំ ១៩៨៨ ។​

​នាយករដ្ឋមន្ត្រី អេ​លីហ្សា​បេ​ត បន (Elisabeth Borne) បាន​និយាយថា “​លទ្ធផល​គឺ​ជា​ហានិភ័យ​សម្រាប់​ប្រទេស​របស់​យើង​ក្នុងពេល​គិត​ទៅដល់​បញ្ហា​ដែល​យើង​ត្រូវ​ប្រឈម​”​ខណៈ​បន្ថែមថា​ចាប់​​ពី​ថ្ងៃ​ចន្ទ​ត​ទៅ​ជំរំ​របស់លោក​ម៉ា​ក្រុង​នឹង​ធ្វើការ​ដើម្បី​ស្វែងរក​សម្ពន្ធភាព​។​

​លោក​ម៉ា​ក្រុង​នៅ​ទី​បំផុត​អាច​នឹង​កោះ​រៀបចំ​បោះឆ្នោត​មុន​កាលកំណត់ ប្រសិនបើ​ភាពទាល់ច្រក​នៅ​សភា​បន្ត​អូសបន្លាយ​ពេល​យូរ​ទៅៗ​៕

​លោក​ម៉ា​ក្រុង​និង​ភរិយា​បោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ​ទី​១៩ មិថុនា ឆ្នាំ​២០២២