ដោយៈ វ៉ៃ​កូ / ស្វាយរៀង​៖ នៅ​រសៀល ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ នេះ នៅ​វត្ត​ព្រៃ​តា​អី មានការ​រៀបចំ ពិធី​បិទ​ការប្រកួត​បាល់ទះ ដណ្តើមពាន​រង្វាន់ ព្រះគ្រូ​វិសុទ្ធិ​មុនី សៅ ភួ​ន លើក​ទី​១ ឆ្នាំ​២០២២​។​

​ព្រះគ្រូ​វិសុទ្ធិ​មុនី សៅ ភួ​ន ព្រះចៅអធិការ​វត្ត​ព្រៃ​តា​អី បាន​មាន​សង្ឃដីកា​ថាៈ ការប្រកួត​បាល់ទះ នេះ ជាការ​ផ្តួចផ្តើម​រៀបចំ កម្មវិធី​នេះ​ឡើង ដោយ​ព្រះ​គុណ​ម្ចាស់​ផ្ទាល់ ហើយ កីឡាបាល់ទះ នាពេល​បច្ចុប្បន្ន គឺមាន​ការរីកចម្រើន គ្រប់​មូលដ្ឋាន មានការ​លេង​កីឡា ជាពិសេស នៅក្នុង​ស្រុក​យើង កីឡា​ប្រភេទ​នេះ គឺ​ពេញនិយម និង​មាន​ប្រជាប្រិយភាព​ណាស់ ។​

​ព្រះចៅអធិការ​វត្ត​ព្រៃ​តា​អី បាន​មាន​សង្ឃដីកា​បន្តទៀតថាៈ ការប្រកួត​បាល់ទះ សរុប​មាន​ចំនួន ១០ គូ ហើយ​ក្នុងនោះ មាន ៨ គូ ចូលរួម​ប្រកួត​ដណ្តើមយក​ពានរង្វាន់ និង ២ គូ​ទៀត ប្រកួត​មិត្តភាព ដែលមាន​រយៈពេល ២ ថ្ងៃ ចាប់ផ្តើម​ប្រកួត គិត​ចាប់ពី​ថ្ងៃទី​១៨ ដល់​រសៀល ថ្ងៃទី​១៩ ខែមិថុនា ត្រូវបាន​បញ្ចប់ និង​ជម្រុះ​រកឃើញ​ជើង​ខ្លាំង ដែលជា​អ្នក​លើក​ពាន​។​

​ព្រះគ្រូ​វិសុទ្ធិ​មុនី សៅ ភួ​ន បាន​មាន​សង្ឃដីកា​បញ្ជាក់ថាៈ ការប្រកួត​នេះ ជា​លើក​ទី​១ ហើយ នឹង​អាច​បន្តធ្វើ ជា​បន្តបន្ទាប់​ទៀត ជាពិសេស​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខ ។

​លោក កុយ សា​រ៉េ​ន ស្មៀនឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថាៈ ដោយសារ​ប្រទេស​កម្ពុជា​យើង មាន​សុខសន្តិភាព ពេញលេញ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ទឹក ភ្លើង ហើយ​វិស័យ​កីឡា ក្នុងប្រទេស​កម្ពុជា យើង ក៏មាន​ការរីកចំរើន គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ចំណែក​កីឡាបាល់ទះ នាពេល​បច្ចុប្បន្ន គឺមាន​ការរីកចម្រើន គ្រប់​មូលដ្ឋាន មានការ​លេង កីឡា​និង​ពេញនិយម និង​មាន​ប្រជាប្រិយ ភាព​ណាស់​។

​លោក​បាន​បន្តទៀតថាៈ កីឡា​នាំមក​នូវ​សុខភាព មិត្តភាព សុខសន្តិភាព និង​ធ្វើ​ឲ្យ​យើង ជៀស​ផុតពី​គ្រឿងញៀន ដើម្បី​ក្លាយខ្លួន​ទៅជា​ពលរដ្ឋ​ល្អ រស់នៅក្នុង​សង្គម​។ ម្យ៉ាងទៀត សូម ក្មួយៗ​ទាំងអស់ ត្រូវ​ឧស្សាហ៍​រៀនសូត្រ​ជាប្រចាំ ពីព្រោះថា យុវវ័យ​ជា​ពេល​មួយ ដែលជា អំណោយ​សំរាប់​ជីវិត ជា​វ័យ​សិក្សា​រៀនសូត្រ ដោយ​មិនត្រូវ​សេព​គ្រឿងញៀន លេងល្បែង ស៊ីសង អំពើ​អបាយមុខ​នោះឡើយ​។ យើង​ជា​ទំពាំង​ស្នង​ឫស្សី ដើម្បី​កសាង បំរើ​ប្រទេសជាតិ ជា​ក្តីសង្ឃឹម​របស់​ប្រទេស ដោយ​ចាប់ផ្តើម​ពី​ការសិក្សា​រៀនសូត្រ​។

​លោក កុយ សា​រ៉េ​ន បាន​អំពាវនាវ​ឱ្យ​ប្រជាជន បន្ត​អនុវត្តន៍​ឱ្យបាន​ទៀងទាត់ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់ រាជរដ្ឋាភិបាល ៣​កុំ និង ៣​ការពារ ដើម្បី​កុំឱ្យ ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំពោះ​ប្រជាពលរដ្ឋ ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ និង​ជំរុញ​ផ្សព្វ ផ្សាយ សម្រាប់​ការចាក់​ដូ​ស​ទី​៣ ឲ្យ​បាន​ឆាប់រហ័ស និង​សូមឱ្យ​ប្រជាពលរដ្ឋ ទាំងអស់គ្នា គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ជៀសវាង ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។

​នាឱកាស​នោះ លោក កុយ សា​រ៉េ​ន បាន​ឧបត្ថម្ភ​ថវិកា ដល់​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួត បាល់ទះ​នេះ សរុប​ថវិកា​ជាង ៥ លាន​រៀល និង​ប្រគេន សៀវភៅ​ប្រវត្តិ ខេត្តស្វាយរៀង​៥​ក្បាល សៀវភៅ​ប្រវត្តិ​ឃុំ​ទាំងអស់ ក្នុង​ខេត្តស្វាយរៀង ៥​ក្បាល សៀវភៅ​អភិបាលកិច្ច​ប្រទេស​ចិន ចំនួន​មួយ​ក្បាល​។

​សូម​បញ្ជាក់ដែរថា ក្រោយពី​ការប្រកួត អស់​រយៈពេល ២​ថ្ងៃ​រួម​មក គណៈកម្មការ បាន​ជម្រុះ រក​ជើង​ខ្លាំង ក្នុងការ​ប្រកួត​ដែល​ទទួលបាន​ជ័យលាភី បាន​ចំនួន ៤ ក្រុម ហើយ​ក្រុម​ដែល​លើក ពាន ក្នុងការ​ប្រកួត​បាល់ទះ ដណ្តើមពាន រង្វាន់​ព្រះគ្រូ​វិសុទ្ធិ​មុនី សៅ ភួ​ន លើក​ទី​១ ឆ្នាំ​២០២២ នៅ​វត្ត​ព្រៃ​តា​អី​នោះ ចំណាត់​ទី​១ ទទួលបាន​ពាន​១​គ្រឿង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ចំនួន ១​លាន​រៀល ប្រាក់​បន្ថែម​របស់លោក កុយ សា​រ៉េ​ន ២​សែន​រៀល សរុប ១២០.០០០ រៀល ។ ចំណាត់​ទី​២ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ចំនួន ៦​សែន​រៀល ប្រាក់​បន្ថែម​របស់លោក កុយ សា​រ៉េ​ន ២​សែន​រៀល សរុប ៨០០.០០០ រៀល ។ ចំណាត់​ទី​៣ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ចំនួន ៤​សែន​រៀល ប្រាក់​បន្ថែម​របស់លោក កុយ សា​រ៉េ​ន ២​សែន​រៀល សរុប ៦០០.០០០ រៀល ។ ចំណាត់​ទី​៤ ទទួលបាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ចំនួន ១៥ ម៉ឺន​រៀល ប្រាក់​បន្ថែម​របស់លោក កុយ សា​រ៉េ​ន ២០ ម៉ឺន​រៀល សរុប ៣៥០.០០០ រៀល ។​

​ដោយឡែក ក្រុម​អត់​ជាប់​ចំណាត់ថ្នាក់ មាន ៤ ក្រុម ក្នុង​មួយក្រុមៗ ទទួលបាន​ថវិកា ១៥ ម៉ឺន​រៀល ក្នុងនោះ ថវិកា​លោក កុយ សា​រ៉េ​ន ឧបត្ថម្ភ ចំនួន ៥ ម៉ឺន​រៀល ហើយ​សម្រាប់​គូ មិត្តភាព ចំនួន​២​ក្រុម ទទួលបាន​ថវិកា ចំនួន ១០ ម៉ឺន​រៀល ក្នុង​មួយក្រុម​ផងដែរ​៕/V​