ដោយ​: សុខុម / ស្ទឹងត្រែង​: ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ខ្ទាតចូល​ផ្លូវ​រថយន្ត បណ្ដាលឱ្យ​អ្នកបើកបរ ម៉ូតូ ពីរ​នាក់ រងរបួស​ធ្ងន់​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅវេលា​ម៉ោងជាង ៧ យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២២ នៅត្រង់ចំណុច សាលា​ចំការ​ដូង ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ទី​១ អ្នកបើកបរ​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រៃវែង 1T-6125 បើកបរ​ពី​ទិសខាងកើត ទៅខាង​លិច ដោយ​ឈ្មោះ អ៊ុត ផល ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ ទី​២ អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ផ្ទៃមេឃ គ្មាន​ផ្លាកលេខ បើកបរ​ពី​ទិស​ខាងលិច ទៅខាង​កើត មានឈ្មោះ ថ្លៃ ពេជ្រ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ ម៉ូតូ​ទាំង ពីរ គ្រឿង បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពេល​បុក​គ្នា ក៏បាន​ខ្ទាតចូល​លើផ្លូវ​រថយន្ត មួយគ្រឿង​។ អ្នកបើកបរ​រថយន្ត​តូយ៉ូតា តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-2195 បើកបរ​ពី​ទិសខាងកើត ទៅខាង​លិច មានឈ្មោះ ស្រេង វួ​ច​លាង ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ ជាងមាស រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ រីឯ​ម៉ូតូ ២ គ្រឿង និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​តាមច្បាប់​៕/V​