ដោយៈ សរិទ្ធ-អង្គារ៍ហេង / ភ្នំពេញ: បុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បានបើក រថយន្ត ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុក បង្កាន់ដៃស្ពានអាកាស ផ្សារដីហុយ ពេញទំហឹង បណ្ដាលឱ្យរថយន្ត ខូចខ្ទេចមួយកំណាត់មុខ និងរងរបួសទាំង ពីរនាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចគល់ ស្ពានអាកាសផ្សារដីហុយ ផ្នែក ខាងកើត តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនឹងស្ត្រីម្នាក់ទៀត បើករថយន្ត NISSAN NAVARA ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A-2878 ធ្វើដំណើរតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ពីទិសខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន រថយន្តក៏ជ្រុលទៅបុក បង្កាន់ដៃស្ពានអាកាស ពេញទំហឹង បណ្ដាលឱ្យរងរបួសទាំងពីរនាក់ ហើយពួកគេ ក៏ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ។ រីឯបង្កាន់ដៃស្ពាន រងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានទំនាក់ទំនង ទៅសមត្ថកិច្ច ជំនាញ ចុះមកវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់៕/V-PC