ដោយៈ សរិទ្ធ-អង្គារ៍ហេង / កណ្ដាល: ជនសង្ស័យម្នាក់ ដោយសារប្រើថ្នាំញៀន លើសកម្រិត បានយកកាំបិតចុងស្រួច ដេញចាក់ប្រជាការពារ និងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឫស្សីជ្រោយ បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ ករណីនេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកមុខកំពូល បានឱ្យដឹងថាៈ ជនរងគ្រោះ ពីរនាក់ ទី១-ឈ្មោះ រ៉នី គឹមរី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ ប្រជាការពារភូមិ មានទីលំនៅ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល (របួសធ្ងន់), ទី២-ឈ្មោះ ឈុន សុផល ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីនគរបាលជាតិ (របួសស្រាល) ។ ចំណែកជនសង្ស័យ ឈ្មោះ អែល ការីម ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ស្ថានភាពជនសង្ស័យ មានរបួសបែកក្បាល។

ប្រភពដដែល បានបន្តថាៈ នៅថ្ងៃកើតហេតុ វេលាម៉ោង ១និង៣០នាទី រសៀល ម្ដាយជនសង្ស័យ បានទូរស័ព្ទ មកសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ សូមឱ្យជួយធ្វើអន្តរាគមន៍ ទប់ស្កាត់ជនសង្ស័យ ដែលត្រូវជាកូន បែកថ្នាំញៀន អុកឡុកក្រុមគ្រួសារ និងអ្នកជិតខាង។

ក្រោយពីទទួលព័ត៌មានហើយ កម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ បានចុះទៅដល់ ហើយបាន ឃើញជនសង្ស័យ កំពុងដេកនៅក្នុងបន្ទប់ក្រោមផ្ទះ ពេលនោះ កម្លាំងយើង បានហៅជន សង្ស័យ ឱ្យបើកទ្វារចេញ តែជនសង្ស័យ មិនព្រមចេញ រួចកម្លាំងយើង ក៏បានធាក់ទ្វារ តែជនសង្ស័យ មិនព្រមបើកទ្វារ ពេលនោះ កម្លាំងប្រជាការពារ ឈ្មោះ សុះ យ៉ាន បានទៅ ឈរក្បែរទ្វារ ហើយបានស្រែកហៅ ជនសង្ស័យឱ្យចេញ ចំណែកកម្លាំង សមត្ថកិច្ចយើង និងកម្លាំងប្រជាការពារ មួយចំនួនទៀត បានឈរនៅមុខទ្វារផ្ទះ។ ភ្លាមនោះ ស្រាប់តែជន សង្ស័យ បើកទ្វារស្ទុះចេញមក ដោយកាន់កាំបិតចុងស្រួច នៅនឹងដៃ ចាក់ទៅលើ កម្លាំងប្រជា ការពារម្នាក់ ឈ្មោះ រ៉ូ នីគឹមរី ត្រូវចំក្រោមដងកាំបិតខាងស្ដាំមួយកាំបិត បណ្ដាលឱ្យមាន របួសធ្ងន់ ហើយជនសង្ស័យ ក៏រត់ឡើងទៅលើផ្ទះ ដោយកាន់កាំបិតចុងស្រួច ជាប់នឹងដៃ។ បន្ទាប់មក កម្លាំងអន្តរាគមន៍ស្រុក ក៏ចុះទៅជួយធ្វើអន្តរាគមន៍ ពេលនោះ កម្លាំងស្រុក និងប៉ុស្តិ៍ ក៏បានឡើងទៅលើផ្ទះ ដើម្បីហៅជនសង្ស័យ។ ភ្លាមនោះ ស្រាប់តែជនសង្ស័យ ស្ទុះមកចាក់ សមត្ថកិច្ច យើងម្នាក់ឈ្មោះ ឈុន សុផល (មន្ត្រីប៉ុស្ដិ៍) ហើយយកកាំបិតចុងស្រួច អារ.ក ខ្លួនឯង។ ក្នុងពេលនោះ កម្លាំងសមត្ថកិច្ចយើង ក៏នាំគ្នាចាប់ជនសង្ស័យ តែជនសង្ស័យ បានរើបម្រះរួច ហើយយកកំបិតចុងស្រួច ដេញចាក់សមត្ថកិច្ចយើងថែមទៀត ។ ប្រជាពលរដ្ឋ ឃើញដូច្នេះ ក៏បាននាំគ្នាជួយចាប់ និងវាយជនសង្ស័យ។

បន្ទាប់មក សមត្ថកិច្ចយើង ក៏បានយកជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុក។ ចំណែក ជនរងគ្រោះ ឈ្មោះ ឈុន សុផល និងឈ្មោះ នី គឹមរី ត្រូវបានយកទៅព្យាបាលរបួស នៅមន្ទីរពេទ្យភ្នំពេញ។ ចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកមុខកំពូល ។ ករណីនេះ មន្ត្រីជំនាញ និងមន្ត្រីប៉ុស្ដិ៍នគរបាល កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការ តាមនីតិវិធី៕/V-PC