ប្រែ​សម្រួលៈ​បំណង​(ST)៖ ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​ត្រូវ​ទៅ​ដល់​ប្រទេស​ស្រីលង្កា​នៅ​ថ្ងៃ​ចន្ទ​ទី​២០​មិថុនា​នេះ​សំរាប់​កិច្ចពិភាក្សា​ស្តីពី​កម្មវិធី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​មួយ​តែ​​ពេលវេលា​ជួយសង្គ្រោះ​ហាក់​ខ្លី​ពេក​ដោយ​ប្រទេស​នេះ​នៅ​សល់​តែ​បី​បួន​ថ្ងៃ​ទៀត​នឹង​អស់​ប្រេងឥន្ធនៈ ហើយ​វា​ទំនង​ជា​ត្រូវការ​ពេល​រាប់​ខែ​ទម្រាំ​លុយ​ជួយសង្គ្រោះ​សេដ្ឋកិច្ច​ណាមួយ​ធ្លាក់​មកដល់​។​

​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​បាន​និង​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​អាក្រក់​បំផុត​ចាប់តាំងពី​ទទួលបាន​ឯករាជ្យភាព​នៅ​ឆ្នាំ​១៩៤៨ ដោយសារ​ការគ្រប់គ្រង​ដឹកនាំ​សេដ្ឋកិច្ច​ខុស​អស់​ពេល​ប៉ុន្មាន​ទសវត្សរ៍​និង​​កំហុស​គោលនយោបាយ​កាលពី​ពេល​ថ្មីៗ គួបផ្សំ​នឹង​ជំងឺ​កូវី​ដ​១៩​វាយប្រហារ​វិស័យ​ទេសចរណ៍​ដែល​បាន​រុញ​ទម្លាក់​ទុនបំរុង​បរទេស​របស់​ជាតិ​អោយ​ធ្លាក់​ដល់​កំរិត​ទាប​បំផុត​។​

​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​២២​លាន​នាក់​នេះ បាន​ផ្អាក​ការ​សងបំណុល​បរទេស​១២​ពាន់​លាន​ដុល្លារ​កាលពី​ខែ​មេសា​។​

​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា កំណើន​អតិផរណា ការធ្លាក់​ថ្លៃ​រូបិយ​បណ្ណ​ជាតិ គួបផ្សំនឹងការខ្វះ​ប្រេង ស្បៀង​និង​ថ្នាំពេទ្យ​ជា​ប្រចាំ​អាច​នាំ​ដល់​វិបត្តិ​មនុស្សធម៌​មួយ​។​

​ក្រុម​IMF​ដែល​ត្រូវ​ស្នាក់​នៅ​ទីក្រុង​កូឡុំបូ​រហូត​ដល់​ថ្ងៃ​៣០​មិថុនា នឹង​បន្ត​កិច្ចពិភាក្សា​​លើ​អ្វី​ដែល​អាច​ជា​កម្មវិធី​សង្គ្រោះ​សេដ្ឋកិច្ច​ទី​១៧​របស់​ស្រីលង្កា នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​IMF​កាល​​ពី​ថ្ងៃអាទិត្យ​។​ស្ថាប័ន​ផ្តល់​កំចី​សកល​នេះ​បាន​និយាយថា « យើង​សូម​បញ្ជាក់​ជា​ថ្មី​អំពី​ការប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​គាំទ្រ​ស្រីលង្កា​នៅពេល​ដ៏​លំបាក​នេះ ស្របតាម​គោលនយោបាយ​របស់​IMF»​។​

​រដ្ឋាភិបាល​ទីក្រុង​កូឡុំបូសង្ឃឹមថា ដំណើរ​ទស្សនកិច្ច​របស់​IMF​នេះ​នឹង​នាំ​មក​កិច្ចព្រមព្រៀង​កំរិត​បច្ចេកទេស​ដ៏​ឆាប់​មួយ​និង​ផ្តល់​ផ្លូវបញ្ចេញប្រាក់ដ៏លឿនមួយ​។​តែ​វា​ទំនង​ជា​ត្រូវការ​ពេល​រាប់​ខែ នៅ​ពេល​ប្រទេស​​នេះ​កំពុង​ខ្វះ​ទំនិញ​ចាំបាច់​យ៉ាង​អត្តខាត់​ រួមទាំង​ចលាចល​សង្គម​និង​នយោបាយ​។​

​កាលពី​ថ្ងៃអាទិត្យ យោធា​ស្រីលង្កា​បាន​បាញ់​ទប់ស្កាត់​កុបកម្ម​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ​នៅពេល​ការ​តំរៀបជួ​រវែងៗ​ដើម្បី​រង់ចាំ​ទិញ​សាំង​និង​ម៉ា​ស៊ូ​ត​ត្រូវ​បាន​សង្កេតឃើញ​នៅ​ទូទាំង​ប្រទេស​អាស៊ី​ខាង​​ត្បូង​ក្ស័យធន​មួយ​នេះ​។​ទាហាន​បាន​បាញ់​នៅ​ទីក្រុង វី​ស៊ូ​វ៉ា​ម៉ា​ឌូ ចម្ងាយ​៣៦៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កូឡុំបូ កាលពី​យប់​ថ្ងៃ​សៅរ៍ នៅ​ពេល​កង​សន្តិសុខ​ត្រូវបាន​ហ្វូង​មនុស្ស​ចោល​ដុំ​ថ្ម​ដាក់​បណ្តាលអោយ​ខូច​​រថយន្តយោធា​។​

​ប៉ូលិស​បាន​និយាយថា ជន​ស៊ីវិល​បួន​នាក់​និង​ទាហាន​បី​នាក់​បាន​រងរបួស​នៅពេល​ទាហាន​បើក​ការបាញ់​បង្អើល​ហ្វូង​មនុស្ស​ឥត​សណ្តាប់ធ្នាប់​។​នៅពេល​ស្ថានីយ​អស់​សាំង​លក់ ពួក​អ្នកបើកបរ​បាន​ចាប់​​ផ្តើម​តវ៉ា​និង​ស្ថានការណ៍​បាន​ប្រែ​ទៅ​ជា​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​៕

​ការ​តំរង់​ជួរ​វែងៗ​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ដើម្បី​ទទួលបាន​ប្រេង ហ្គាស​ចាក់​យានយន្ត​និង​ហ្គាស​ចំអិន​អាហារ​ជា​រូបភាព​សាមញ្ញ​នៅ​ស្រីលង្ការ​