​​ដោយ​: ភ្នំ​ខៀវ / បាត់ដំបងៈ មនុស្ស​ពីរ​នាក់ បាន​ស្លាប់ និង​ជាង ១០​នាក់​ទៀត បាន​រងរបួស ដោយសារ​រថយន្ត​ទេសចរណ៍ បុក​ម៉ូតូ​នៅវេលា​ម៉ោង ១​នាទី រសៀល ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ត្រង់ចំណុច​ក្រុមទី​៩ ក្នុងភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ។​

​នគរបាល​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹងថាៈ នៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ជនរងគ្រោះ​ស្លាប់ ជា​ភាគី​ខាង​ម៉ូតូ មានឈ្មោះ សេង តុលា អាយុ ២០ ឆ្នាំ ជា​អ្នកបើកបរ និង​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ ទិ​ត្យ សុវណ្ណ អាយុ ១៤​ឆ្នាំ ហើយ​ក្មេងប្រុស​ទាំង ពីរ​នាក់​នេះ រស់នៅ​ភូមិ​ខ្សាច់​ពោ​យ ឃុំ​វត្ត​គរ ក្រុង​បាត់ដំបង បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី ២០១៥ ពាក់​ផ្លាកលេខ បាត់ដំបង ១U-៧៦០៤ ។​

​ចំណែក​ភាគី​ខាង​រថយន្ត ប្រភេទ​ទេសចរណ៍ ១២​កៅអី ពណ៌​ស ម៉ាក TURBO ROSA ពាក់​ផ្លាកលេខ សៀមរាប ៣A-១០២៤ ផ្ទុក​អ្នករួមដំណើរ​ទាំងអស់ ចំនួន ៣៣ នាក់ រងរបួស​ចាស់​ក្មេង ធ្ងន់ និង​ស្រាល ចំនួន ១៦ នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​ប្រភព​អ្នកឃើញ​ហេតុការណ៍ បានបញ្ជាក់​ថាៈ មុន​ហេតុការណ៍​កើតឡើង គេ​ឃើញ​ភាគី​ម៉ូតូ បាន​បើកបរ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច លុះ​ចំណុចកើតហេតុ បាន​ឡើង ជែង​ជាមួយ រថយន្ត​មួយគ្រឿង​ទៀត ហើយ​បាន​ជ្រុល​ចង្កូត ទៅ​ចូល​ចំណែក​ផ្លូវ​របស់​រថយន្ត ទេសចរណ៍ ដែល​បើកបរ​ក្នុងទិសដៅ ពី​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ទើប បណ្តាល​ឲ្យ​បុក​ម៉ូតូ យ៉ាង​ពេញទំហឹង ហើយ​រថយន្ត​បាន​ជ្រុល​ចង្កូត ទៅបុក​សសរ​គ្រឹះ​ប៉ាយ ហ្គា​រ៉ា​ស់​សាំង ធ្វើ​ឲ្យ​រថយន្ត ក្រឡាប់​មួយ​ត្រឡប់​ទៀត​។​

​ភ្លាមៗ​នោះ កម្លាំង​ផ្នែក​ជំនាញ បាន​ចុះ​វាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សំណុំរឿង បញ្ជូន​ឲ្យ​កម្លាំង ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ ពេល​ក្រោយ​៕/V​