ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ តំបន់ដ៏ធំនៃភាគខាងត្បូងប្រទេសចិនត្រូវបានវាយលុកដោយព្យុះភ្លៀងដ៏ធ្ងន់ធ្ងរដោយបង្កឱ្យមានទឹកជំនន់នៅក្នុងទីក្រុងនានានិងការរអិលបាក់ដីនៅតាមតំបន់ជនបទ ខណៈជុំដំបូងនៃភ្លៀងរដូវក្តៅបានឈានដល់កម្រិតកំពូលនៃថាមពលរបស់វារួចទៅហើយ។
ផ្លូវនានាបានប្រែក្លាយទៅជាទន្លេ ខណៈរថយន្តនិងផ្ទះមួយជាន់ត្រូវបានទឹកជំនន់ទាញយកទៅបាត់ក្នុងស្រុកចំនួនពីរក្នុងខេត្តគួយចូវ (Guizhou) ភាគនិរតីប្រទេសចិនកាលពីថ្ងៃសៅរ៍ ទី១៨ មិថុនា នេះបើយោងតាមវីដេអូដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមចិន។
ភ្លៀងធ្លាក់នៅតំបន់ខ្លះគឺមានសភាពធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦០ ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍ថា នៅក្នុងតំបន់ស្វយ័តក្វាងស៊ី (Guangxi)នៅជិតខាង អ្នកភូមិចំនួនប្រាំនាក់ត្រូវបានសម្លាប់ នៅពេលដែលផ្ទះសង់ពីឈើមួយខ្នងបានដួលរលំ បន្ទាប់ពីត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។
ការរអិលបាក់ដីនិងការបាក់ផ្លូវក៏ត្រូវបានរាយការណ៍ផងដែរ។
យោងតាមការព្យាករណ៍អាកាសធាតុរបស់រដ្ឋកាលពីថ្ងៃអាទិត្យ ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅក្នុងខេត្តគួយចូវ ជាំងស៊ី អានហ៊ុយ និង ចឺជាំង ក៏ដូចជានៅក្វាងស៊ីរហូតដល់ដើមសប្តាហ៍នេះខណៈរដូវភ្លៀងបើកឆាក ដែលគេស្គាល់ថា “ទឹកទូកនាគ” បានឈានដល់កម្រិតកំពូល។
នៅភាគខាងត្បូងប្រទេសចិន ប៉ុន្មានសប្តាហ៍មុននិងក្រោយពិធីបុណ្យអុំទូកនាគនៅដើមខែមិថុនា ជាធម្មតាត្រូវបានសម្គាល់ដោយអាកាសធាតុមិនទៀងទាត់និងមានភ្លៀងធ្លាក់ច្រើនខណៈដែលខ្យល់ក្តៅនិងសើមនៅភាគខាងត្បូងបានបុកប៉ះជាមួយម៉ាស់ខ្យល់ត្រជាក់ពីភាគខាងជើង។
យោងតាមការិយាល័យអាកាសធាតុក្នុងតំបន់បានឱ្យដឹងថា ភ្លៀងដើមរដូវក្តៅគឺមានកម្លាំងខ្លាំងនិងអូសបន្លាយពេលយូរជាងធម្មតានៅឆ្នាំនេះ ដោយទឹកភ្លៀងនៅក្វាងស៊ី ក្វាងទុង និងហ្វូជៀនបានស្ថិតក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦១៕
អ្នកសង្គ្រោះកំពុងជួយអ្នកស្រុករងគ្រោះទឹកជំនន់នៅតំបន់ក្វាងស៊ីកាលពីថ្ងៃសុក្រទី១៧មិថុនាឆ្នាំ២០២២