ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ជំទាវទីមួយរបស់កូរ៉េខាងត្បូងលោកស្រី គីម គីអូនហ៊ី (Kim Keon-hee)បានក្លាយជាឥស្សរជនសាធារណៈចុងក្រោយគេដែលបញ្ចេញមតិប្រឆាំងនឹងទម្លាប់ដ៏ចម្រូងចម្រាសរបស់ប្រទេសក្នុងការទទួលទានសាច់ឆ្កែ។
ជាអ្នកស្រឡាញ់សត្វមួយរូប លោកស្រីត្រូវគេស្គាល់ថាជាអ្នកជួយសង្គ្រោះសត្វឆ្កែដែលគេបោះបង់ចោលហើយកំពុងចិញ្ចឹមឆ្កែចំនួនបួនក្បាលនិងឆ្មាចំនួនបីក្បាលនៅផ្ទះជាមួយស្វាមីរបស់លោកស្រីគឺលោកប្រធានាធិបតី យូន ស៊ុកយ៉ូល (Yoon Suk-yeol) ។
លោកស្រីគីមបាននិយាយនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយដំបូងរបស់លោកស្រីក្នុងនាមជាជំទាវទីមួយ ដែលបានចុះផ្សាយក្នុងកាសែតក្នុងស្រុក Seoul Shinmun កាលពីថ្ងៃចន្ទ ទី១៣ មិថុនាថា “ខ្ញុំសង្ឃឹមថារដ្ឋាភិបាលរបស់លោកយូននឹងបង្កើតលទ្ធផលជាក់ស្តែងក្នុងករណីរំលោភបំពានសត្វ ការធ្វេសប្រហែសចំពោះសត្វឆ្កែដែលគេបោះបង់ចោល និងបញ្ហាសាច់ឆ្កែ”។
“នៅទីបំផុត ការមិនបរិភោគសាច់ឆ្កែគឺជាទម្រង់នៃការគោរពចំពោះមិត្តជិតស្និទ្ធបំផុតរបស់មនុស្សនិងការគោរពជីវិត”។
លោកស្រីក៏បានព្រមានផងដែរថា សត្វឆ្កែសម្រាប់បរិភោគត្រូវបានចិញ្ចឹមក្នុងលក្ខខណ្ឌគ្មានអនាម័យ និងបានជំរុញរដ្ឋាភិបាលជួយឈ្មួញសាច់ឆ្កែឱ្យប្តូរការងារដើម្បីបញ្ចប់ឧស្សាហកម្មនេះ។
ការបរិភោគឬការមិនបរិភោគសាច់ឆ្កែគឺជាប្រធានបទដ៏រសើប ដែលបង្កឱ្យមានការជជែកវែកញែករាប់មិនអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជាកន្លែងដែលសមាជិកសភាបានបរាជ័យជាច្រើនដងក្នុងការអនុម័តច្បាប់ដើម្បីហាមឃាត់ “ទម្លាប់ហួសសម័យនេះ”។
មិនមានទិន្នន័យផ្លូវការទេ ប៉ុន្តែរបាយការណ៍ឆ្នាំ ២០១៧ ដោយក្រុមការពារសត្វបានប៉ាន់ប្រមាណថា សត្វឆ្កែរហូតដល់មួយលានក្បាលត្រូវបានស៊ីក្នុងមួយឆ្នាំ៕
ជំទាវទីមួយរបស់កូរ៉េខាងត្បូងលោកស្រី គីម គីអូនហ៊ី និងស្វាមី កំពុងថតជាមួយឆ្កែ