ដោយៈ ស​រិ​ទ្ធ / កណ្តាល​៖ ជនសង្ស័យ ជួញដូរ​អាវុធ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ខេត្ត​ព្រះសីហនុ សហការ​ជាមួយ សមត្ថកិច្ច​នគរបាល ខេត្តកណ្តាល ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន​អាវុធ សេរី​ថ្មី ជាច្រើន​ដើម ក្នុង​ប្រតិបត្តិការ កាលពី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​បុរី​ទួល​សង្កែ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល​។ បន្ទាប់មក បាន​បញ្ជូន​ជនសង្ស័យ រូបនេះ ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន មានឈ្មោះ យិន ថា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ ក្នុង​បុរី​ទួល​សង្កែ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល​។​

​សមត្ថកិច្ច បានឱ្យដឹង​ដែរ​ថាៈ នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង ជា​អាវុធ​ចំនួន ៣​ដើម រួមមានៈ ទី​១. អាវុធខ្លី ម៉ាក Glook 19 លេខ BPRV205 ទី​២.​អាវុធខ្លី ម៉ាក Glook លេខ​EVO403 ទី​៣. អាវុធ​វែង ម៉ាក CZ SCORPION EVO3A1 ។​

​សមត្ថកិច្ច បានឱ្យដឹង​បន្តទៀតថាៈ ក្រៅពីនេះ កម្លាំង​ជំនាញ ក៏បាន​រកឃើញ​នូវ​បំពង់​ខ្ទប់ សំឡេង ចំនួន​១០, គ្រាប់​អាវុធខ្លី ប្រភេទ 9mm ចំនួន ៤២៦ គ្រាប់ , បង់​អាវុធ​វែង ខ្លី និង​ឧបករណ៍​សម្ភារ ជួសជុល​អាវុធ មួយចំនួនទៀត​។​

​គួរ​កត់សម្គាល់ថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ជួញដូរ​អាវុធ​នេះ បានធ្វើ​ឡើង ក្រោយពី​មាន ជនបរទេស មួយក្រុម បាន​កាន់កាប់​អាវុធ ខុសច្បាប់ និង​បាញ់​សមត្ថកិច្ច​ម្នាក់ ឱ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕/V