​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ សាជីវកម្ម​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC)​បានប្រកាសថា យន្តហោះ​ដឹកជញ្ជូន​គ្មាន​មនុស្ស​បើក​ធុន TP500 របស់​ចិន​ដែល​ជា​យន្តហោះ​ដឹកជញ្ជូន​​គ្មាន​មនុស្ស​បើក​ដ៏​ធំ​ដំបូងបង្អស់​របស់​ប្រទេស​បាន​បញ្ចប់​ការហោះហើរ​ដំបូង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​មិថុនា​នៅ​ទីក្រុង​ជី​ង​មិន (Jingmen) នៃ​ខេត្ត​ហ៊ូ​ប៉ី (Hubei)​ភាគ​កណ្តាល​ប្រ​​ទេស​ចិន​។

AVIC បាន​និយាយថា យន្តហោះ​ដឹកជញ្ជូន​នេះ​បាន​ធ្វើ​ការហោះហើរ​លើកដំបូង​យ៉ាង​រលូន​រយៈពេល ២៧ នាទី ពី​ម៉ោង ៦៖១៨ ព្រឹក ដល់ ៦៖៤៥ ព្រឹក​ថ្ងៃ​សៅរ៍​។​

AVIC បាន​និយាយថា អភិវឌ្ឍ​និង​ផលិត​ឡើង​តែ​មួយគត់​ដោយ​វិទ្យាស្ថាន​យន្តហោះ​ទី​មួយ​របស់ AVIC យន្តហោះ​ធុន TP500 គឺជា​យន្តហោះ​ដឹកទំនិញ​គ្មាន​មនុស្ស​បើក​ដ៏​ធំ​ដំបូង​គេ​របស់​ចិន ដែល​ផលិត​ក្រោម​លក្ខខណ្ឌ​តម្រូវ​នៃ​បទ​ប្បញ្ញត្តិ​អាកាសចរណ៍​ស៊ីវិល​ចិន (CCAR) ។​

យន្តហោះ TP500 អាច​ផ្ទុក​ទម្ងន់​ស្តង់ដារ ៥០០ គីឡូក្រាម និង​ដឹកជញ្ជូន​ទំនិញ​បាន​ចម្ងាយ​រហូតដល់ ៥០០ គីឡូម៉ែត្រ​។ AVIC បាន​និយាយថា​យន្តហោះ​នេះ​គឺជា​វេទិកា​​ដឹកជញ្ជូន​គ្មាន​មនុស្ស​បើក ដែល​មាន​គោលបំណង​ទូទៅ ដើម្បី​ដឹក​ទំនិញ​និង​បើក​ឆ្ងាយ​អតិបរមា ១.៨០០ គីឡូម៉ែត្រ​៕

យន្តហោះ​ដឹកជញ្ជូន​គ្មាន​មនុស្ស​បើក​ធុន TP500 បើក​សាកល្បង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​សៅរ៍​