ដោយៈ ប​.​ខុន / ភ្នំពេញៈ ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ ក្នុង​បរិមាណ​ច្រើន និង​មាន​វិសាលភាព ធំធេង​មកវិញ ដោយសារ​របប​ខ្យល់មូសុង​និរតី បាន​បង្កើន​ឥទ្ធិពល បន្ទាប់ពី​ចុះខ្សោយ មួយ​រយៈពេល​រួចមក​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​ថាៈ ស្ថានភាព​ភ្លៀង ធ្លាក់​នៅក្នុង​សប្តាហ៍​នេះ ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ ច្រើន​មកវិញ បន្ទាប់ពី​បាន​ចុះខ្សោយ កាល​ក្នុង​សប្តាហ៍ កន្លងទៅនេះ​រួច​។

​អ្នកនាំពាក្យ ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន និង​មាន​វិសាលភាព ធំ​ទូលាយ​មកវិញ​នេះ ដោយសារ​ខ្យល់មូសុង​និរតី បាន​បង្កើន​​ឥទ្ធិពល​មកវិញ បន្ទា​ប៉​ពី​ចុះខ្សោយ​មួយរយៈ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថាៈ ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ និង​មាន វិសាលភាព កាន់តែ​ធំ នៅថ្ងៃនេះ រហូតដល់​ចុងខែ​។ ឯ​ស្ថានភាព​ទឹកទន្លេ​វិញ ទោះបីជា​កន្លង ទៅនេះ នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ តែ​វា​មិនទាន់​ធ្វើឱ្យ​ទឹក ទន្លេមេគង្គ ហក់​ឡើង​ខ្លាំង​នៅឡើយ​ទេ​។​

​ក្រសួង​ធ​ង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៤ ខែមិថុនា ជូនដំណឹង​ស្តីពី​ការ​ព្យាករ ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ កម្ពុជា នៅ​បន្ត​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​កាត់​លើ ភាគ​ខាងជើង ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ជាមួយនឹង​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន​មធ្យម ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ អំឡុងពេល​ជាមួយគ្នា​នោះ ក៏​អាចមាន​ផ្នែក នៃ​បណ្តា​ខេត្ត​ខ្លះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែរ​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៧ អង្សា​សេ ។ បណ្តា​រាជធានី​ខេត្ត​នានា នឹង​អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​ខ្សោយ ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ក្នុងអំឡុងពេល​ជាមួយគ្នា​នោះ ក៏​អាចមាន​ផ្នែក​ខ្លះ នៃ​បណ្តា​ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​សម្រាប់​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​។ អាចមាន​ភ្លៀង ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម​៕/V​