ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (china.org.cn) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​បង្កើត​ថ្នាំ​កូត​ការពារ​កម្ដៅ​ផ្អែកលើ​លោហធាតុ​សម្រាប់​យានអវកាស Shenzhou-14​ដែល​នឹង​ការពារ​អវកាសយានិក​​ពី​ការ​ក្តៅ​ខ្លាំង​និង​ត្រជាក់​ខ្លាំង​ក្នុងអំឡុងពេល​ស្នាក់​នៅ​រយៈពេល​ប្រាំមួយ​ខែ​របស់​ពួកគេ​នៅ​ដង​តារា​វិថី​។​

​ថ្នាំ​កូត​ថ្មី​នេះ​ដំណើរការ​តាម​វិធី​ពីរ​យ៉ាង គឺ​ផ្តល់​នូវ​ការ​ស្រូប​យក​ពន្លឺព្រះអាទិត្យ​ទាប​ដើម្បី​ជួយ​កាត់​បន្ថយ​ឥទ្ធិពល​ព្រះអាទិត្យ​លើ​សីតុណ្ហភាព​ខាងក្នុង​យានអវកាស និង​ផ្តល់​នូវ​ការបញ្ចេញ​អ៊ី​ន​ហ្វ្រា​រ៉េ​ដទាប​​ដើម្បី​ទប់ស្កាត់​ការបញ្ចេញ​កម្តៅ​ពី​ប្រភព​ខាងក្នុង​។​

​ដោយ​មាន​ភារកិច្ច​សំរេចការ​សាងសង់​ស្ថានីយ​អវកាស Tiangong​របស់​ចិន អវកាសយានិក​នៃ​យាន Shenzhou-14​នឹង​ឃើញ​ការកំណត់​រចនា​សម្ពន្ធ​ស្ថានីយ​ដ៏​ស្មុគស្មាញ​ជាច្រើន​ក្នុងអំឡុងពេល​​ធ្វើ​ដំណើរ​និង​ស្នាក់​រយៈពេល​ប្រាំមួយ​ខែ​របស់​ពួកគេ​ក្នុង​ទី​អវកាស​។ យាន​ដឹកទំនិញ​និង​យាន​មន្ទីរពិសោធន៍​ដែល​ចត​ជាមួយ​យាន​ស្នូល​របស់​ស្ថានីយ​អវកាស​ទំនងជា​បាំង​ពន្លឺព្រះអាទិត្យ​ទៅកាន់​យាន​​អវកាស​ជាហេតុ​បណ្តាល​ឱ្យ​មាន​ការប៉ះពាល់​រយៈពេល​យូរ​ទៅ​នឹង​ភាព​ត្រជាក់​ខ្លាំង​នៅក្នុង​ស្រមោល​នៃ​លំហ​ដ៏​ជ្រៅ​។​យាន​អវកាស​ក៏​ត្រូវ​ទប់ទល់​នឹង​កម្តៅ​ខ្លាំង​ដែល​មាន​នៅក្នុង​ពន្លឺព្រះអាទិត្យ​ដោយផ្ទាល់​​នៃ​លំហ​ខាង​ក្រៅ​ផង​ដែរ​។​

​បើ​គ្មាន​ការគ្រប់គ្រង​កម្ដៅ​ទេនោះ សីតុណ្ហភាព​នៃ​ផ្នែក​ដែល​ប្រឈមមុខ​នឹង​ព្រះអាទិត្យ​របស់​យានអវកាស​អាច​កើនឡើង​រហូត​លើសពី​១០០ អង្សា​សេ ខណៈ​ផ្នែក​ងងឹត​អាច​ធ្លាក់ចុះ​ដល់​ដក ១០០ អង្សា​សេ​។ បរិយាកាស​សីតុណ្ហភាព​ខ្ពស់​ខ្លាំង​និង​ទាប​ខ្លាំង​នេះ​បង្ក​បញ្ហា​ប្រឈម​ដល់​សុខភាព​របស់​អវកាសយានិក​និង​មុខងារ​របស់​យានអវកាស​។​

​បង្កើតឡើង​ដោយ​បណ្ឌិត្យសភា​បច្ចេកវិជ្ជា​អវកាស​ចិន ថ្នាំ​កូត​គ្រប់គ្រង​កម្ដៅ​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​លើកដំបូង​នៅលើ​យានអវកាស Shenzhou-13 ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១​។ វា​ជួយ​រក្សា​បរិយាកាស​ក្នុង​បន្ទប់​នៅ​ចន្លោះ​សីតុណ្ហភាព​ដែល​អាច​ទទួលយកបាន (​ពី ១៨ ទៅ ២៦ អង្សា​សេ ) ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ក្នុង​លំហ​អាកាស​រយៈពេល​ប្រាំ​មួយខែ​ដែល​អនុញ្ញាត​ឱ្យ​​អវកាសយានិក​រក្សា​ភាព​ត្រជាក់​និង​ផា​សុកភាព​នៅ​ក្នុង​ស្ថានីយ​គោចរ​របស់​ពួកគេ​។​

​ចិន​បាន​បាញ់​បង្ហោះ​យាន Shenzhou-14 ដែល​មាន​មនុស្ស​បី​នាក់​កាលពី​ថ្ងៃទី ៥ ខែមិថុនា ដោយ​ផ្តល់​នូវ​អវកាសយានិក​ជា​លើក​ទី​បី​សម្រាប់​គម្រោង​ស្ថានីយ​អវកាស​របស់​ប្រទេស​។ ក្នុងអំឡុងពេល​ស្នាក់​នៅ​លើ​ដង​តារាវិថី អវកាសយានិក​នឹង​បានឃើញ​យាន​មន្ទីរពិសោធន៍​ចំនួន​ពីរ យាន​ដឹកទំនិញ Tianzhou-5 និង​យានអវកាស Shenzhou-15 ចូល​ចត​ជាមួយ​យាន​ស្នូល​របស់​ស្ថានីយ​អវកាស​៕

​ថ្នាំ​កូត​ថ្មី​របស់​ចិន​នឹង​ជួយ​ការពារ​ការ​ក្តៅ​ពេក​និង​ត្រជាក់​ពេក​នៅក្នុង​យាន​អវកាស Shenzhou-14