​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ទាយ​ទុក​ថារុស្ស៊ី​នឹង​បង្កើន​ការវាយប្រហារ​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ នៅ​ពេល​ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​​នឹង​ពិចារណា​ថា​តើ​នឹង​គាំទ្រ​ការស្នើសុំ​របស់​ប្រទេស​លោក​ដើម្បី​ចូល​ជា​សមាជិក​របស់​ប្លុក​នេះ​ដែរ​ឬ​អត់ ខណៈ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ជំរុញ​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​គ្រប់គ្រង​អ៊ុយ​ក្រែន​ខាងកើត​។​

​ហ្សេ​លេន​ស្គី​បាន​និយាយ​ក្នុងការ​ថ្លែង​តាម​វីដេអូ​កាលពី​ថ្ងៃអាទិត្យ​ថា « ច្បាស់​ណាស់ សប្តាហ៍​នេះ​យើង​នឹង​រំពឹង​ថា​រុស្ស៊ី​នឹង​បង្កើន​សកម្មភាព​អរិភាព​។​យើង​កំពុង​ត្រៀមខ្លួន​»​។​

​សូម​រំលឹក​ថា អ៊ុយ​ក្រែន​បាន​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​បួន​ថ្ងៃ​ក្រោយ​ពី​ទាហាន​រុស្ស៊ី​ឆ្លង​ព្រំដែន​របស់​ខ្លួន​កាលពី​ខែ​កុម្ភៈ​។​ក្រុម​ប្រតិ​ប​ត្តិ​របស់​ប្លុក​នេះ គឺ​ស្នងការ​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្រ​បាន​​ផ្តល់​អនុសាសន៍​សំរាប់​ទទួលយក​ឋានៈ​ជា​បេក្ខជន​របស់អ៊ុ​យក្រែន​។​

​មេដឹកនាំ​នៃ​ប្លុក​២៧​ប្រទេស​នេះ​នឹង​ពិចារណា​បញ្ហា​នេះ​នៅ​ជំនួប​កំពូល​នា​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​នា​សប្តាហ៍​នេះ និង​ត្រូវ​រំពឹងថា​នឹង​អនុម័ត​ទទួលយក​សំណើ​នេះ ទោះ​ជា​រដ្ឋ​ជា​សមាជិក​ខ្លះ​មិន​ពេញចិត្ត​ក្តី​។​​ទោះជា​យ៉ាងណា ដំណើរការ​ចូល​ជា​សមាជិក​នេះ​នឹង​ត្រូវការ​ពេល​រាប់​ឆ្នាំ​។​

​ការ​ដែល​សហភាព​អឺរ៉ុប​ព្យាយាម​អោបក្រសោប​អ៊ុយ​ក្រែ​ននឹង​ជ្រៀតជ្រែក​គោលដៅ​របស់​មេដឹកនាំ​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីនក្នុងការកាត់យកទឹកដីអ៊ុយក្រែនមួយចំណែក។​កាលពី​ថ្ងៃ​សុក្រ​លោក​បាន​​និយាយថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​គ្មាន​ជំទាស់​នឹង​សមាជិកភាព​របស់​អ៊ុយ​ក្រែន​ក្នុង​សហភាព​អឺរ៉ុប​ទេ តែ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ម្នាក់​បាន​និយាយថា រុស្ស៊ី​តាមដាន​មើល​ដិតដល់​ការស្នើសុំ​របស់​រដ្ឋា​ភិ​​បាល​ទីក្រុង​គៀវ​ដើម្បីក្លាយជា​សមាជិក​ប្លុក​នេះ ក្រោយ​មាន​កិច្ចសហការ​យោធា​កាន់តែ​កើនឡើង​រវាង​អ៊ុយ​ក្រែ​ន​និង​សហភាព​អឺរ៉ុប​។​

​នៅលើ​សមរភូមិ​ ​កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​ចាប់​យក​តំបន់​ដុន​បាស​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​មក​គ្រប់គ្រង​ទាំងស្រុង​។​គោលដៅ​ចម្បង​របស់​ការវាយប្រហា​រ​របស់​រុស្ស៊ី​ឥឡូវ​នេះ​គឺ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍​។​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​អះអាង​ថា ខ្លួន​បាន​វាយ​ដណ្តើមបាន​ភូមិ​មួយ​នៅ​ជាយក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍ ហើយ​សារព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​ថា យុទ្ធជន​អ៊ុយ​ក្រែន​ជាច្រើន​នាក់​បាន​ទម្លាក់​អាវុធ​ចុះចាញ់​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី