សេចក្ដីថ្លែងការណ៍​រួម​ស្តីពី​ការពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​វៀតណាម​

1672
ចែករម្លែក

១. តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ង្វៀន ភូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​មក​បំ​​ពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​។​

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នេះ ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ភូ​ជុង បាន​ជួប​ធ្វើ​ព្រះរាជសវនាការ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​សវនាការ​ជាមួយ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​អគ្គលេខាធិការ ក៏បាន​ចូល​ថ្វាយបង្គំ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ព្រះមហា​សង្ឃរាជ​គណៈមហានិកាយ និង​សម្ដេចព្រះ​អភិ​សេរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី ព្រះមហា​សង្ឃរាជ​គណៈ​ធ​ម្ម​យុ​ត្តិ​និកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​​ជួប​សំណេះសំណាល​ជាមួយ លោកជំទាវ ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម​។ ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ភូ​ជុង បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ មណ្ឌប​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម និង​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​ព្រមទាំង​​បាន​ចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម ផងដែរ​។

​ក្នុងឱកាស​នេះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ង្វៀន ភូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​វៀតណាម បាន​អញ្ជើញ​ជា​អធិបតីភាព​និង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថ​លេ​​ខា​លើ​ឯកសារ ចំនួន ០៤ ដូចជា​៖

(i). ពិធីសារ​ស្តីពី “​សកម្មភាព​សង្គ្រោះ​គ្រោះមហន្តរាយ​អចិន្ត្រៃយ៍​នៅតាម​តំបន់​ព្រំដែន​គោក​” រវាង​ក្រសួងការពារជាតិ​កម្ពុ​ជា ជាមួយ​ក្រសួង​ការពារ​ប្រទេស​វៀតណាម

(ii). ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​រួម​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​-​វៀតណាម រវាង​ក្រសួងផែនការ​កម្ពុជា និង​ក្រសួងផែនការ​និង​វិនិយោគ​វៀតណាម

(iii). អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី “​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​គម្រោង​រោងចក្រ​អគ្គិសនី ការតភ្ជាប់​បណ្តាញ​បញ្ជូន​អគ្គិសនី និង​ពាណិជ្ជកម្ម​ថាមពល​” រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម

(iv).​អនុស្សារណៈ​យោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​ក្រុមហ៊ុន វៀត​ធែ​ល​កម្ពុជា ភី​ធី​អី អិ​ល​ធី​ឌី (VIETTEL (Cambodia) PTE.,LTD) របស់​វៀតណាម​។​

២. ភាគី​ទាំងពីរ​បានកត់សម្គាល់​ដោយ​មោទនភាព​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ហ្វ៊ូ​ជុង ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ និង​ជា​ប្រវត្តិសាស្ត្រ ដោយ​ទស្សនកិច្ច​នេះ​បាន​ប្រព្រឹត្តឡើង​ស្រប​ចំពេល​ដែល​ប្រទេស​ទាំងពីរ បាននិងកំពុង​ប្រារព្ធ​នូវ​ខួប​អនុស្សាវរីយ៍ លើក​ទី​៥០ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម ២០១៧​។

​ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​ថា ដោយ​បន្ត​កេរ​មរតក​មិត្តភាព​ដ៏​ជិតស្និទ្ធ​ពី​ប្រវត្តិសាស្ត្រ ក្នុង​រយៈពេល ៥០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​-​វៀតណាម ដែលជា​អ្នកជិតខាង​ល្អ មិន​គ្រាន់តែ​បាន​ជំនះ​នូវ​ឧបសគ្គ​ជាច្រើន​ប៉ុណ្ណោះ​ទេ ថែមទាំង​បានសម្រេច​នូវ​សមិទ្ធិផល​គ្រប់​ជ្រុងជ្រោយ​និង​មាន​សារៈសំខាន់​ជាច្រើន ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំងនឹង​បច្ចាមិត្ត ការតស៊ូ​ដណ្តើម​ឯករាជ្យ​ជាតិ ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ការកសាង និង​ការអភិវឌ្ឍ​ជាតិ​មាតុភូមិ​។

​សមិទ្ធិផល​គួរ​ឲ្យ​កត់សម្គាល់​ទាំងនេះ កើតចេញពី​ការផ្សាភ្ជាប់ និង​ចំណង​សាមគ្គីភាព​ដ៏​រឹងមាំ​ដែល​មិនអាច​បំបែក​បាន និង​ការជួយ​គ្នា​ទៅវិញទៅមក ដែល​ទាំងអស់នេះ​បាន​ក្លាយជា​និមិត្តរូប​ដ៏​ពិសិដ្ឋ និង​ជា​ទ្រព្យសម្បត្តិ​រួម​ដែល​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ប្រទេស​ទាំងពីរ ជា​មូលដ្ឋាន​ដ៏​រឹងមាំ និង​ជា​កម្លាំងចលករ​ដ៏​ខ្លាំងក្លា​ក្នុង​បុព្វហេតុ​ការពារ កសាង និង​ការអភិវឌ្ឍ​ប្រទេសជាតិ​នីមួយៗ​។​

​កម្ពុជា​បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការគាំទ្រ​ដ៏​ខ្លាំងក្លា និង​ការជួយឧបត្ថម្ភ​ដែល​មិនអាច​កាត់ថ្លៃ​បាន ក្នុង​ស្មារតី​មិត្តភាព និង​ភាតរភាព ដែល​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម បានផ្តល់​ជូន​កម្ពុ​ជានា​អតីតកាល ជាពិសេស​ក្នុងកំឡុងពេល​តស៊ូ​រំដោះ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ និង​ក្នុង​បច្ចុប្បន្នកាល​។

​កម្ពុជា​ក៍បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ភូ​ជុង សម្រាប់​ជំនួយ​ឧបត្ថម្ភ​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ០២​គ្រឿង ថ្វាយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​មហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និង​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម សម្រាប់​ថវិកា​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អាគារ​ការិយាល័យ​ក្នុង​រដ្ឋសភាជាតិ​កម្ពុជា​។ វៀតណាម​ក៏បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​ដ៍​រឹងមាំ​និង​មិនអាច​កាត់ថ្លៃ​បាន​ដែល ព្រះករុណា​ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” សម្តេច​មហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា បានផ្តល់​ជូន​វៀតណាម នា​អតីតកាល និង​ក្នុងពេល​បច្ចុប្បន្ន​ផងដែរ​។

​ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​រួមគ្នា​ជំរុញ​លើក​កំពស់​សមិទ្ធិផល​ទំនាក់ទំនង​ទ្វេភាគី​ទាំងនេះ ថែរក្សា និង​ពូន​ជ្រុំ​នូវ​ចំណងមិត្តភាព​ដ៏​ថ្លែ​ថ្លា និង​ភាពជា​អ្នកជិតខាង មិត្តភាព​ដ៏​វិសេសវិសាល​រវាង​កម្ពុជា និង​វៀតណាម ធ្វើ​ឲ្យ​កាន់តែ​ខ្លាំងក្លា កាន់​តែមាន​អត្ថន័យ កាន់តែ​ប្រាកដនិយម និង​ស្ថិតស្ថេរ​យូរអង្វែង​។​

៣. ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ហ្វ៊ូ​ជុង និង​ថ្នាក់ដឹកនាំ​វៀតណាម បាន​ប្រសិទ្ធពរ​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​បាន​ផ្ញើ​ការអបអរសាទរ​នេះ​ជូន​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​ចំពោះ​សមិទ្ធិផល​ដែល​សម្រេចបាន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​បុព្វហេតុ​កសាង ការពារ ស្តារឡើងវិញ និង​អភិវឌ្ឍន៍​កម្ពុជា និង​អបអរសាទរ​ដែល​កម្ពុ​ជា​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អណ​ត្តិ​ទី​៤ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ប្រកបដោយ​ជោគជ័យ បង្កើតបាន​នូវ​មូលដ្ឋាន​សំរាប់​រក្សា​ស្ថិរភាព​នយោបាយ សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​។ ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ភូ​ជុង ក៏​សូម​សម្តែង ការ​ជូនពរ​ដោយស្មោះ​ស្ម័គ្រ សូម​ឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ និង​បាន​សម្តែង​នូវ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការ​គ្រង​រាជ សម្បត្តិ​ប្រកបដោយ​សុភ​វិនិច្ឆ័យ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​គណបក្ស​ប្រជាជន កម្ពុជា​ដើរតួនាទី​ស្នូល ប្រជាជន​កម្ពុជា​នឹង​ន្ត​សម្រេចបាន​សមិទ្ធិផល​ដ៏​ធំធេង​ថែមទៀត​ក្នុងការ​អភិវឌ្ឍ​ជាតិ​។​

​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ថ្នាក់ដឹកនាំ​កម្ពុជា ក៏បាន​ប្រសិទ្ធពរ​និង​ជូនពរ ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ហ្វ៊ូ​ជុង និង​ផ្តាំផ្ញើ​ការអបអរសាទរ​នេះ ជូន​ថ្នាក់ដឹកនាំ និង​ប្រជាជន​វៀតណាម ចំពោះ​សមិទ្ធិផល​ដ៏​ធំធេង​ដែល​សម្រេចបាន​ក្នុងការ​កែទម្រង់ កសាង និង​ការអភិវឌ្ឍ​ជាតិ និង​បាន​សម្តែង​នូវ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ប្រជាជន​វៀតណាម នឹង​សម្រេច​ជោគជ័យ​នូវ​ការធ្វើ​ឧស្សាហូបនីយកម្ម និង​ទំនើបកម្ម​ជាតិ​យ៉ាង​ឆាប់រហ័ស​។​

៤. ភាគី​ទាំង​ពីរបាន​ឯកភាព​ថា ការការពារ ការថែរក្សា និង​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​នៃ “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី សហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ ស្ថេរភាព​យូរអង្វែង​” ដោយ ផ្អែកលើ​គោលការណ៍ ដែល​មានចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៩៩ ឆ្នាំ​២០០៥ ឆ្នាំ​២០០៩ ឆ្នាំ​២០១១ ឆ្នាំ​២០១៤ ខែមិថុនា និង​ខែធ្នូ ឆ្នាំ​២០១៦ និង​ខែមេសា ឆ្នាំ​២០១៧ គឺជា​ការទទួលខុសត្រូវ​រួម​រវាង​រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​អនាគត​ដ៏ ភ្លឺស្វាង​នៃ​ប្រទេស​នីមួយៗ ក៏ដូចជា​ដើម្បី​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

៥. ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រឹង​ទំនាក់ទំនង​នយោបាយ រឹតចំណង និង​ជំរុញ​ថែមទៀត​ការប្រាស្រ័យ​ទាក់ទង​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​ក៏​ឯកភាព​បន្ត​ពង្រឹង ពង្រីក និង​បង្កើន​ប្រសិទ្ធភាព​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ និង​ជួយ​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​ជាន់ថ្នាក់​ផងដែរ​។ ភាគី​ទាំងពីរ​ក៏បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការលើក​កំពស់​ការយល់ដឹង និង​ការអប់រំ អំពី​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​វៀតណាម ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​យុវជន​ជំនាន់​ក្រោយ និង​សហការគ្នា​រៀបចំ​សកម្មភាព​នានា ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​ជួស​ជុល និង​ស្តារឡើងវិញ​នូវ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុងប្រទេស​រៀងៗ​ខ្លួន ដោយ​ផ្នែក​តាម​ផែនការ​ដែល​បាន​ព្រមព្រៀងគ្នា​។

៦. ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​បាន​ផ្តោត​សារៈសំខាន់​ក្នុងការ​ជំរុញ​សក្តានុពលភាព​នៃ​ប្រទេស​នីមួយៗ លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​អនុវត្ត​ឲ្យ​បានល្អ​នូវ​សេចក្តីថ្លែងការណ៍​រួម និង​កិច្ចព្រមព្រៀង​នានា​រវាង​ប្រទេស​ទាំងពីរ ដោយ​ផ្តល់​អាទិភាព​លើ​ការតភ្ជាប់​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ថាមពល ទេសចរណ៍ និង​ទីផ្សារ ជាពិសេស​ទីផ្សារ​ផលិតផល​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ចាត់វិធានការ​នានា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​យ៉ាង​ឆាប់រហ័ស​នូវ​បរិយាកាស​វិនិយោគ ក្នុងការ​ទាក់ទាញ​វិនិយោគទុន​ពី​សហគ្រាស​នៃ​ប្រទេស​ទាំ​​ង​ពីរ ព​ន្លឿ​ន​សកម្មភាព​ជំរុញ​វិនិយោគ និង​ការសម្របសម្រួល​ពាណិជ្ជកម្ម​ផ្សេងៗ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ៥​ពាន់​លាន​ដុល្លារ​អាមេរិក មុន​ឆ្នាំ​២០២០​។

​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ពង្រឹង​គុណភាព​លើ​វិស័យ​អប់រំ​-​បណ្តុះបណ្តាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ផងដែរ​។​

៧. ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ដោយ​ផ្អែកលើ​គោលការណ៍​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​នយោបាយ ឬ​យោធា​ណាមួយ ប្រើប្រាស់​ទឹកដី​នៃ​ប្រទេស​ខ្លួន ដើម្បី​គំរាមកំហែង​សន្តិសុខ​របស់​ប្រទេស​មួយទៀត និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតឡើង​រវាង​ប្រទេស​ទាំងពីរ ដោយ​សន្តិវិធី ក្នុង​ស្មារតី​មិត្តភាព និង​ផលប្រយោជន៍​រួម​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រឹង​ការសម្របសម្រួល​គ្នា ក្នុងទិសដៅ​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​ក្នុងប្រទេស​នីមួយៗ និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​លើ​ការការពារ​ជាតិ និង​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ជំរុញ​ការសម្របសម្រួល​គ្នា​លើ​បញ្ហា​មនុស្សធម៌​ដូចជា ការបង្ការ​គ្រោះមហន្តរាយធម្មជាតិ ការធ្វើ​សមយុទ្ធ​រួមគ្នា​ស្វែងរក​និង​សង្គ្រោះ ការបណ្តុះបណ្តាល​មន្ត្រី​ពេទ្យ​យោធា និង​បន្ត​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ស្វែងរក និង​ធ្វើ​មាតុភូមិ​និវត្ត​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុជា​។​

​ភាគី​ទាំងពីរ​ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​អោយ​បាន​ជិតស្និទ្ធ ក្នុងការ​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ ការរត់ពន្ធ​ឆ្លងដែន ការប្រឆាំង​ភេ​វរ​កម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស និង​ការ​ក្លែងបន្លំ​ពាណិជ្ជកម្ម រួមទាំង​ការផលិត និង​ការរត់ពន្ធ​ទំនិញ​ក្លែងក្លាយ និង​ទំនិញ​ខូចគុណភាព​។​

៨. ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​នូវ​ការខិតខំ​របស់​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ដែល​សម្រេចបាន​ប្រមាណ ៨៤% នៃ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​បានបញ្ជាក់​សារជាថ្មី​នូវ​ការគោរព និង​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​កំណត់ព្រំដែន និង​កិច្ចព្រមព្រៀង​ព្រំដែន​ពាក់ព័ន្ធ​ដ៏ទៃទៀត ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​បានបញ្ជាក់​ពី​ការតាំង​ចិត្ត​បញ្ចប់​ការបោះបង្គោល តម្រុយ​ព្រំដែន និង​បង្គោល​ព្រំដែន​បំពេញបន្ថែម ក្នុង​ឆ្នាំ​២០១៧ ព្រមទាំង​បញ្ចប់ និង​អនុម័ត​លើ​ឯកសារ ពាក់ព័ន្ធ​នឹង​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន អនុលោម​ទៅតាម​វិធាន​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន ដែល​នាំទៅដល់​ការចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវច្បាប់​មួយ ដើម្បី​ទទួលស្គាល់​ការសម្រេចបាន ៨៤% នៃ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ដែល​ភាគី​ទាំងពីរ​បានសម្រេច​។ ទន្ទឹមនឹង​នេះដែរ ភាគី​ទាំងពីរ​នឹង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ដោយ​ភាគី​ទាំងពីរ លើ​បណ្តា​កំណាត់​ព្រំដែន​ដែល​នៅ​សេសសល់ ដើម្បី​បញ្ចប់​ការងារ​ខណ្ឌសីមា​ព្រំដែនគោក និង​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់ សំដៅ​រួមគ្នា កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព រវាង​ប្រទេស​ទាំងពីរ​។​

៩. ភាគី​វៀតណាម​បាន​សម្តែង​នូវ​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ជួយឧបត្ថម្ភ​ដល់​អណិកជន​វៀតណាម ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​រយៈពេល​កន្លងមក​។ ក្នុង​ស្មារតី​មិត្តភាព និង​អ្នកជិតខាង​ល្អ​រវាង​ប្រទេស​ទាំងពីរ ភាគី​កម្ពុជា​នឹង​បន្ត​ចាត់វិធានការ​សមស្រប​នានា ក្នុង​ការធានា​សិទ្ធិ​ស្របច្បាប់​របស់​អណិកជន​វៀតណាម នឹង​ការទទួលបាន​ភាពស្មើគ្នា​ដូច​ជនបរទេស​ដ៏ទៃទៀត ដែល​រស់នៅ​កម្ពុជា ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​របស់​កម្ពុជា ដែល​វិធានការណ៍​ទាំងនេះ​នឹង​រួមចំណែក​ក្នុងការ​ពង្រឹង និង​ពង្រីក​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។​

១០. ភាគី​ទាំង​ពីរបាន​ឯកភាព​ចែករំលែក​ព័ត៌មាន​ឲ្យ​បាន​ទាន់ពេលវេលា និង​ធ្វើការ​សម្របសម្រួល​គ្នា​យ៉ាង​ជិតស្និទ្ធ នៅក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ ជាពិសេស​អង្គការសហប្រជាជាតិ អាស៊ាន និង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​លើកកម្ពស់​សន្តិ​ភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។​ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយ​ប្រទេស ដ៏ទៃទៀត ឬ​អង្គការ​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការគ្រប់គ្រង​ប្រកបដោយ ប្រសិទ្ធភាព ការប្រើប្រាស់​ទឹក ធនធាន​នានា និង​ធានា​រក្សា​បរិស្ថាន​ក្នុង​អាងទឹក​ទន្លេមេគង្គ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​។​

​ភាគី​ទាំងពីរ​បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​សមុទ្រ​ចិន ខាងត្បូង ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ការអត់ធ្មត់ ជៀសវាង​ការគំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំង ស្របតាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួលស្គាល់​ជាស​កល រួមមាន អនុសញ្ញា​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ ស្តីពី​ច្បាប់​សមុទ្រ (UNCLOS)​។ ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ក្នុង​ក្របខណ្ឌ​អាស៊ាន​-​ចិន ក្នុងការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ក្រម​ប្រតិបត្តិ​នៃ បណ្តា​ភាគី​ក្នុង​សមុទ្រ​ចិន​ខាង​
​ត្បូង (DOC) និង​ការសំរេច​ឱ្យបាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង (COC)​។​

១១. ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ល្អប្រសើរ និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា របស់​ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ហ្វ៊ូ​ជុង ដោយបាន​ចាត់ទុកថា នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដើម្បី​ជម្រុញ​ការជឿទុកចិត្ត​គ្នា និង​ការអភិវឌ្ឍ​បន្ថែមទៀត នូវ​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ក្នុង​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង ឲ្យ​កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ ប្រាកដនិយម និង​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ភូ​ជុង បាន​សម្តែង​នូវ​អំណរ​ព្រះ​គុណ និង​អំណរគុណ​ដោយស្មោះ​ស្ម័គ្រ ចំពោះ​ការស្វាគមន៍ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ ពោរពេញ​ទៅដោយ​មិត្តភាព និង​ភាពជា​បងប្អូន ដែល​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ប្រជាជន​កម្ពុជា ជូន​ចំពោះ​ឯកឧត្តម​អគ្គលេខាធិការ និង​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម ទាំងអស់ ក្នុងកំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា​នេះ​។​

​ឯកឧត្តម​អគ្គលេខាធិការ ង្វៀន ភូ​ជុង បាន​សូម​យាង ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​មហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និង​អញ្ជើញ​ថ្នាក់ដឹកនាំ​កម្ពុជា យាង​និង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ក្នុង​ពេលវេលា​សមស្រប​។ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​មហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និង​ថ្នាក់ដឹកនាំ​កម្ពុជា បាន​សម្តែង​អំណរគុណ និង​អរគុណ និង​ទទួល​ការយាង និង​អញ្ជើញ​នេះ​៕ដោយៈ មុនី​រ័ត្ន​

ទីតាំងផ្សាយពាណិជ្ជកម្ម