ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: ឈើ​ជ្រុង​ជា​ប្រភេទ​ឈើ​ឈ្លីក មាន​ចំនួន ៧០​កំណាត់ ស្មើនឹង ១១​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​បាន​កាប់ និង​ដឹកជញ្ជូន​យកមក​លាក់ទុក​ក្នុងព្រៃ ដើម្បី​ត្រៀម​ដឹកជញ្ជូន​យកទៅ​ធ្វើ​ជញ្ជូន​ទៅ​លក់​ខេត្ត​ផ្សេងៗ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រួម​និង​កម្លាំងចំរុះ​ស្រុក​ជ័យ​សែន បើក​ប្រតិបត្តិ​ការចុះ​ស្រាវជ្រាវ រុករក​ឃើញ និង​បាន​សហការ​រួមគ្នា​បង្ក្រាប ដោយមាន​ការចូលរួម​ពី មន្ត្រី​ព្រៃឈើ មន្ត្រី​បរិស្ថាន កម្លាំង​នគរបាល​ស្រុក រួមទាំង​អាជ្ញាធរ​នៅ​ថ្នាក់មូលដ្ឋាន នោះ​ផងដែរ​។ រីឯ​ការបង្ក្រាប​នោះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតនៅ​ក្នុងភូមិ​ពើក ឃុំ​ពុ​ទ្ធ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃ​២០ ខែមិថុនា​នេះ​ថា ដោយមាន​បទបញ្ជា​ពី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ភ្លាមៗ​នោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជ័យ​សែន បាន​សហការ​រួមគ្នា ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជ័យ​សែន លោក​មេឃុំ ក្រុមប្រឹក្សាឃុំ និង​លោក​មេភូមិ បាន​ចុះ​ស្រាវជ្រាវ រុក​រកឃើញ​ទីតាំង​ឈើ​សន្និធិ ដែល​ជនល្មើស​បាន​លួច​ដឹក​យកមក​លាក់ទុក​ក្នុងព្រៃ ទំនង​រង់ចាំ​ឱកាសល្អ​នឹងធ្វើ​ការដឹកជញ្ជូន​ចេញ​យកទៅលក់​ខេត្ត​នានា នៅ​ខាងក្រៅ​រង្វង់​ដែនដី​ខេត្តព្រះវិហារ​។​

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ប្រតិបត្តិការ​រួមគ្នា រវាង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ពេលនោះ ក្រុមការងារ​បានធ្វើកា​រ​បង្ក្រាប និង​ដកហូត​បាន​ឈើ​អារ​ប្រភេទ​លេខ​១ ឈើ​ឈ្លីក មាន​ចំនួន ៧២​កំណាត់ ស្មើនឹង ១១.០៣៣​ម៉ែត្រត្រីគុណ​។ ក្រោយ​ការ​រឹបអូស​ឈើ​ជ្រុង​ទាំង​ជាង ៧០​កំណាត់ នោះមក ឈើ​ទាំងនោះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ព្រៃឈើ នាំយកទៅ​រក្សាទុក​នៅ សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​ដើម្បី​ចងក្រង​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​៕​