ដោយ : ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ នា​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០២០ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សហការ​ជាមួយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ផ្គូផ្គង​និង​វាយតម្លៃ លើ​ការរៀបចំ លើ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ព្រមទាំង​តារាង​កើនឡើង​និង​ថយចុះ​នូវ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​២០២១ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​សរុប​ប្រមាណ​ជាង​៣០០​នាក់​។​

លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បាន​ឲ្យ​ដឹងថា បណ្ដា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​ធ្វើបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​គោល​ជា​រៀងរាល់​៥​ឆ្នាំ​ម្ដង ឱ្យបាន​ត្រឹមត្រូវ​គ្រប់​ចំនួន​និង​ចប់សព្វគ្រប់​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​បន្ទាប់ ប្រសិនបើ​មន្ទីរ​អង្គភាព​ណា​មិន​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មាន​វិធានការ​កាត់​ថវិកា​ក្នុង​ខ្ទង់ចំណាយ​ប្រចាំឆ្នាំ​របស់​អង្គភាព​នោះ​។​

​នាឱកាស​នោះ លោក សុខ ធី ប្រធាន​នាយកដ្ឋាន​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​មានប្រសាសន៍​បន្ថែមថា ផ្អែក​តាម​អនុក្រឹត្យ​លេខ​៦៦ មាត្រា ២១​អាជ្ញាធរ​កាន់កាប់​ត្រូវ​រៀបចំ​និង​បំពេញបែបបទ​និង​នីតិវិធី​ចុះបញ្ជី​អចលនទ្រព្យ និង​ស្នើសុំ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ នៃ​អចលនទ្រព្យ​ទាំងអស់​ស្ថិតនៅក្រោម​ការកាន់កាប់​របស់ខ្លួន ទៅ​មន្ទីរ​រៀបចំ​ដែនដី នគ​រូ​នីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត​៕​