ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ឃាត់ខ្លួន​ស្ត្រី​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់ សារធាតុ​ញៀន នៅវេលា​ម៉ោង ៨ និង​៣០​នាទី​យប់ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ចំណុច​ខាងកើត​សួន​មានជ័យ​(​វេទិកា​ខេត្ត​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​

​កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ បានឱ្យដឹងថា មុនពេល​ពេល​ប​ង្រា​ប​ករណីនេះ នៅ​យប់ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ រហូតដល់​វេលា​ម៉ោង​៨ និង​៣០​នាទី យប់ នៅ​ចំណុច​ខាងកើត​សួន​មានជ័យ​(​វេទិកា​ខេត្ត​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ កម្លាំង​ល្បាត បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​អង្គុយ នៅ​ទីកន្លែង​ងងឹត គួរឱ្យ​សង្ស័យ​។ ពេលនោះ កម្លាំង​ក៏បាន​ចុះទៅ​សួរនាំ ធ្វើឱ្យ​ស្ត្រី​នោះ ភ័យ​ស្លន់ស្លោរ ហើយ​ក៏បាន​ទម្លាក់​គ្រឿងញៀន ១​កូន​ថង់​កិប ចោល ហើយ​បម្រុង​រត់គេចខ្លួន តែ​ត្រូវបាន​កម្លាំង​ឃាត់ខ្លួន​បាន ហើយ​សួរនាំ​ភ្លាមៗ ។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថាៈ ស្ដ្រី​ដែល​ឃាត់ខ្លួន​បាន ជាមួយនឹង​គ្រឿង ញៀន ១​កូន​ថង់​កិប​នោះ ឈ្មោះ ស៊ឹម ច្រឹប អាយុ​៤៤​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ស្ត្រី​ម្នាក់នេះ បាន​ឆ្លើយ​សារភាពថាៈ គ្រឿងញៀន​១​កូន​ថង់​កិប​នេះ គាត់​បាន​យកមក​ពី​ផ្ទះ អ៊ុំ​ស្រី​ម្នាក់ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​ផ្អែកលើ​ចម្លើយសារភាព កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​បន្ត​ប្រតិបត្តិការ ចុះ​ឆែកឆេរ​ដល់ផ្ទះ​អ៊ុំ​ស្រី​ម្នាក់ ឈ្មោះ ស៊ូ សៀង អាយុ ៧២ ឆ្នាំ ដែល​ជនសង្ស័យ​ខាងលើ បានចង្អុលបង្ហាញ ហើយ​បាន រកឃើញ​គ្រឿងញៀន ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន ៥៣ កូន​ថង់​កិប​បន្ថែមទៀត ។ ក្នុងនោះ ៣០ កូន​ថង់​កិប រុំ​ស្កុ​ត​ខ្មៅ និង​គ្រឿងញៀន គ្រាប់​ពណ៌ ក្រហម (WY) ចំនួន​២​គ្រាប់ នៅក្នុង​ប្រអប់​ដាក់​ជើងធូប ព្រមទាំង​ថង់​សម្រាប់​ច្រក គ្រឿងញៀន មួយចំនួន ។

​ជនសង្ស័យ​ទាំង ពីរ​នាក់ បាន​ឆ្លើយ​សារភាព ប្រដំប្រសង​គ្នា​ថា ពួកគេ​ពិតជា​បាន​ទិញ លក់ និង​ប្រើប្រាស់​ជួញដូរ​គ្រឿងញៀន ពិតមែន ។​

​ក្រោយ​ទទួលបាន​ចម្លើយសារភាព​រួចមក កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ បាន​កសាង​សំណុំរឿង និង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង ពីរ​នាក់ និង​មាន​វត្ថុតាង មក​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការបង្ក្រាប​ករណី​ខាងលើនេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្រប សម្រួល នីតិវិធី ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ។​

​សាលាដំបូង​ខេត្ត បានចេញ​ដីកាឃុំខ្លួន បណ្តោះអាសន្ន នូវ​ជនសង្ស័យ ទាំងពីរ​នាក់​នោះ ហើយ នៅ​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​នេះ​៕/V​