ដោយៈ​សុ​ក្ខា​រិ​ន / ពោធិ៍សាត់ៈ យោងតាម​ស្មារតី​អង្គប្រជុំ នៅ​សាលាឃុំ​កំពង់​លួង កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ ប្រជា​នេសាទ ចំនួន ៣៧ គ្រួសារ បាន​ស្ម័គ្រចិត្ត នាំយកមក​ប្រគល់ នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ មានដូចជា ស្បៃ​មុង និង​សាច់​អួន​ក្រឡា​ញឹក ដែល​ស្មើនឹង ៧.៤០០ ម៉ែត្រ ជូន​ដល់​សមត្ថកិច្ច​ជំនាញ នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ ។​

​ពិធី​ប្រគល់​-​ទទួល​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ នេះ នៅ​ចំពោះមុខ​អនុគណៈកម្មការ បង្ក្រាប​បទល្មើស​ជលផល​ថ្នាក់​ខេត្ត ក្នុងនោះ រួមមាន លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ លោកនាយ​ផ្នែក​ក្រគរ លោកនាយ​សង្កាត់​កំពង់​លួង លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជា សំណាង ប្រធាន​ក្រុមការងារ អន្តរាគមន៍​បង្ក្រាប​ប​ទ​ល្មើស​ជលផល ថ្នាក់ជាតិ លោក​វរសេនីយ៍ឯក សុខ ជា តំណាង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយរង អធិការដ្ឋាន រដ្ឋបាល​ជលផល ខាងត្បូង​បឹង​ទន្លេសាប កងរាជអាវុធហត្ថ​ខេត្ត​-​ស្រុក យោធា​ខេត្ត អាជ្ញាធរ​ឃុំ​កំពង់​លួង ។​

​ក្រោយពី​បានប្រគល់​-​ទទួល​រួចហើយ ក្រុមការងារ បាន​ឯកភាពគ្នា នាំយក​ឧបករណ៍​ទាំងនោះ មក​រក្សាទុក នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ និង​បាន​រាយការណ៍ ជូន​ថ្នាក់លើ ដើម្បី​រក្សា​ទុកជា​ភស្តុតាង​។​

​នៅក្នុង​ឱកាស​នោះ លោក ភុំ វិមល បាន​ប្រាប់​ឲ្យ​ដឹងថាៈ ជា​ទិសដៅ ក្រុមការងារ នឹង​បន្ដ​ចុះបង្ក្រាប និង​ផ្សព្វផ្សាយ​បន្ត ដល់​ប្រជា​នេសាទ​ទាំងអស់ ឲ្យ​ចូលរួម​ថែរក្សា​ការពារ ទប់ស្កាត់ ធនធាន​មច្ឆជាតិ ធ្វើយ៉ាងណា​ឲ្យ​បាន ក្នុង​រដូវ​បិទ​នេសាទ​នេះ ដើម្បី​រក្សា​និរន្តរភាព ពូជ​ត្រី សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ៕/V​