ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កាម
នាមសព្ទ
( បា. ) សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិ និងកិលេសដែលសត្វតែងប្រាថ្នា។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អ.ថ. កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរចំរើននៃសេចក្តីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ កាមច្ឆន្ទៈ ( កាម-ម៉ាច់-ឆាន់-ទៈ ) សេចក្ដីពេញចិត្តក្នុងកាម ។ កាមតណ្ហា ចំណង់ចំពោះកាម, សេចក្តីប្រាថ្នាមិនចេះចប់ក្នុងកាម ។ កាមទុក្ខ សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡើងព្រោះកាម ។ កាមបង្កៈ (—បុ័ង-កៈ ) ភក់គឺកាម ឬ កាមដូចជាភក់ ។ កាមបរិឡាហៈ (—ប៉ៈ-រិ-ឡា-ហៈ ) សេចក្តីក្តៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។ កាមភព ភពគឺកាម ឬ ភពដែលប្រកប ដោយកាមគុណទាំង ៥, បានដល់ភព ១១ គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។ កាមភោគិសេយ្យា (—សៃ-យ៉ា ) ដំណេករបស់បុគ្គលអ្នកបរិភោគកាម (អ្នកបរិភោគកាម ច្រើនដេកផ្អៀងទៅខាងឆ្វេង ) តាមអដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នកបរិភោគកាម។ ឥត្ថី. កាមភោគិនី ។ កាមយោគ សេចក្តីប្រកប ឬ ព្យាយាមក្នុងកាម ។ កាមរាគ តម្រេកក្នុងកាម ។ កាមរាគានុស័យ កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្តាន គឺកាមរាគ ។ កាមរោគ រោគកើតឡើងព្រោះកាម ។ កាមវិតក្ក (—វិ-តាក់-កៈ ) សេចក្តីត្រិះរិះក្នុងកាម ។ កាមវិយោគ ការព្រាត់ប្រាសនិរាសចាកកាម ។ កាមសិនេហៈ ឬ កាមស្នេហា សេចក្តីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។ កាមសុខ សុខក្នុងកាម ឬ សេចក្តីសប្បាយដែលកើតឡើងអំពីកាម ។ កាមសុខល្លិកានុយោគ ការប្រកបរឿយ ៗ ក្នុងកាមសុខ, ការប្រព្រឹត្តិជាប់ចិត្តចំពោះកាមសុខ ។ កាមាទីនវៈ (—ម៉ា-ទី-នៈ-វៈ ) ឬ កាមាទីនព (—នប់ ) ទោសនៃកាម, ទោសដែលកើតអំពីកាម ។ កាមារម្មណ៍ អារម្មណ៍គឺកាម ៦ យ៉ាងមានរូបារម្មណ៍ជាដើម ។ កាមាវចរ ឈ្មោះឋានសួគ៌ ៦ ជាន់ ឬ ឈ្មោះចិត្តដែលត្រាច់ ទៅក្នុងកាមភព ឬ ដែលចុះស៊ប់កាន់កាមភព ។ កាមាសវៈ (—សៈ-វ៉ៈ ) អាសវៈគឺកាម ។ កាមុបាទាន (—ប៉ា—) សេចក្តីប្រកាន់មាំក្នុងកាម ។ កាមុម្មត្តកៈ ( កាម៉ុម-ម៉ាត់-តៈ-កៈ ) អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម ។ កាមេសនា ការស្វែងរកកាម ។ កាមោឃៈ (—ឃៈ ) អន្លង់គឺកាម ឬ កាមដូចជាអន្លង់ ។ ល ។
គាថា
នាមសព្ទ
(សំ. បា. ) កម្រងវាចាដែលមានរបៀបកំណត់ ដោយខ្យល់អក្សរមាន ឆន្ទ គណៈ ឃ្លា ល្បះ ( ពាក្យកាព្យបាលី ) ។
នាមសព្ទ
មាស, ប្រាក់ជាដើម ដែលចារបញ្ចុះគាថាយ័ន្ត សម្រាប់ដាក់ខ្សែចង្កេះ, ខ្សែ-ក, ខ្សែដៃ, តាមទម្លាប់មនុស្សដែលធ្លាប់រាប់អាន; ពាក្យនេះ ច្រើនហៅក្លាយមកថា កថា ឬ កាថា ( គួរប្រើ គាថា វិញ ) ។
គាថាពន្ធ
(—ពន់)
នាមសព្ទ
(បា.) សេចក្ដី ឬ ប្រយោគដែលតែងជាគាថាប្រកបដោយឆន្ទ និង បាទ ។
ឆ្អន់
កិរិយាសព្ទ
ទ្រាន់, ច្រើនប្រើជាបរិវារសព្ទរបស់ពាក្យជិន និង ឆ្អែត
ជិនឆ្អន់, ឆ្អែតឆ្អន់ ។
គុណសព្ទ
ទ្រាន់, ច្រើនប្រើជាបរិវារសព្ទរបស់ពាក្យជិន និង ឆ្អែត
ជិនឆ្អន់, ឆ្អែតឆ្អន់ ។
ឆ្អិន
គុណសព្ទ
ទីទៃពីឆៅ គឺអ្វីៗ ដែលចម្អិនហើយ
បាយឆ្អិន ។
ឆ្អិនឆ្អៅ ហ្មត់ហ្មងស្រងៅ, ដែលចាស់ចិត្តចាស់គំនិត, ហ្មត់ចត់ ។ មាសឆ្អិន មាសដែលមានសម្បុរបរិសុទ្ធ ។ ហ្មត់ហ្មង ( ពាក្យសម្រាប់ប្រើក្នុងកាព្យ ) ។