ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ត្រឹមតែពីរខែបន្ទាប់ពីជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីពីរ ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុងបានឃើញក្តីសង្ឃឹមក្នុងការជំរុញរបៀបវារៈក្នុងស្រុករបស់គាត់បានទទួលរងនូវការវាយសំពងយ៉ាងដំណំកាលពីថ្ងៃអាទិត្យ ទី ១៩ ខែមិថុនា។ តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត?
សម្ពន្ធមិត្តរបស់គាត់ ដែលគេស្គាល់ថា “រួមគ្នាជាក្រុម” ត្រូវបានបញ្ចប់លែងក្លាយជាគណបក្សធំបំផុតនៅក្នុងសភាទៀតហើយ ដោយមានសមាជិកសភាតែចំនួន ២៤៥រូបរហូតមកទល់ពេលនេះ នេះបើយោងតាមការរាប់សន្លឹកឆ្នោតចំនួន ៩៧ ភាគរយ ប៉ុន្តែគឺតិចជាងចំនួន ២៨៩ អាសនៈដែលត្រូវការសម្រាប់សំឡេងភាគច្រើន។
សេណារីយ៉ូនេះគឺកម្រមានណាស់នៅក្រោមរបបប្រធានាធិបតីបារាំងសម័យទំនើប សូម្បីមុនពេលមានការកែប្រែរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ២០០២ក្នុងបំណងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រមុខរដ្ឋក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងសភា។
តាមទ្រឹស្តីការបោះឆ្នោតនេះនឹងមិនប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់បារាំង ដែលជាចំណុចផ្តោតសំខាន់ផ្តាច់មុខរបស់ប្រធានាធិបតីនោះទេប៉ុន្តែការព្រួយបារម្ភក្នុងស្រុករបស់លោកម៉ាក្រុងទំនងជារងការរំខានឥតឈប់ឈរ ហើយវាអាចនឹងកំណត់ជោគវាសនារបស់គាត់នៅបរទេស។
នេះគឺជាសេណារីយ៉ូដែលអាចកើតមាន ៖
– បង្កើតសម្ពន្ធភាពមួយ
ការងារលើរឿងនេះនឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ នេះបើតាមការប្តេជ្ញារបស់លោកស្រីនាយករដ្ឋមន្ត្រីអេលីហ្សាបេត បន (Elisabeth Borne) នៅក្នុងសុន្ទរកថាខ្លីមួយកាលពីយប់ថ្ងៃអាទិត្យ។
នៅពាក់ផ្លូវនៃវិបត្តិថ្លៃរស់នៅដ៏ធំបំផុតក្នុងជំនាន់នេះគណបក្សកាន់អំណាចកំពុងប្រញាប់ប្រញាល់អនុម័តច្បាប់សង្គ្រោះបន្ទាន់មួយដើម្បីជួយគ្រួសារដែលមានចំណូលទាបមុនថ្ងៃឈប់សម្រាករដូវក្តៅក្នុងខែសីហា។
នោះរួមជាមួយនឹងផ្នែកសំខាន់ៗផ្សេងទៀតនៃសេចក្តីថ្លែងការណ៍របស់លោកម៉ាក្រុងក៏ដូចជាកំណែទម្រង់សុខុមាលភាពឬការបង្កើនអាយុចូលនិវត្តន៍នឹងតម្រូវឱ្យមានការគាំទ្រពីសម្ពន្ធមិត្តនៅក្នុងរដ្ឋសភា។
“រួមគ្នាជាក្រុម” ត្រូវគេមើលឃើញថាទំនងជាអាចងាកទៅរកគណបក្សស្តាំនិយមប្រពៃណីរបស់បារាំង គឺ គណបក្សសាធារណរដ្ឋ (LR)ដែលរហូតមកទល់ពេលនេះទទួលបាន ៦១ អាសនៈនិងសម្ពន្ធមិត្តកណ្តាលនិយមរបស់ខ្លួនគឺបក្ស UDI ។
លោក អូលីវីយ៉េ វែរ៉ង់ (Olivier Veran) រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងសភា បាននិយាយដោយសំឡេងសុទិដ្ឋិនិយមថា “យើងនឹងបង្កើតសំឡេងភាគច្រើនយ៉ាងឆាប់រហ័ស”។
ចំណែករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ព្រូណូ ឡឺមែរ (Bruno Le Maire) បាននិយាយថា គណបក្សកាន់អំណាចនឹងត្រូវការ “ការស្រមើស្រមៃច្រើន” ហើយគាត់បានអំពាវនាវឱ្យគណបក្សដែលមាន “គំនិតច្បាស់លាស់” ដូចលោកម៉ាក្រុង ឱ្យគាំទ្រគាត់។
ទោះបីជាមនុស្សមួយចំនួននៅខាងក្នុងបក្ស LR ត្រូវគេដឹងថាពេញចិត្តក្នុងការធ្វើការជាមួយលោកម៉ាក្រុង រួមទាំងអតីតប្រធានាធិបតី នីកូឡាស សាកូស៊ី (Nicolas Sarkozy) ក៏ដោយ ក៏ប៉ុន្តែប្រធានគណបក្សលោក គ្រីសចង់ ហ្សាកូប (Christian Jacob) បានច្រានចោលវាហើយកាលពីថ្ងៃអាទិត្យ។
លោកបានថ្លែងថា “តាមយើងដឹង យើងធ្វើយុទ្ធនាការជាគណបក្សប្រឆាំង យើងនៅក្នុងបក្សប្រឆាំង ហើយយើងនឹងនៅជាបក្សប្រឆាំង”។
ប៉ុន្តែតើនេះជាយុទ្ធសាស្ត្រចរចា ដែលប្រហែលជាទាក់ទាញការផ្តល់តំណែងរដ្ឋមន្ត្រីនិងសម្បទានផ្សេងៗមែនទេ?
ប្រសិនបើសម្ពន្ធភាពមួយត្រូវបានបង្កើតឡើង នោះលោកម៉ាក្រុងនឹងត្រូវងាកទៅស្ដាំ ប៉ុន្តែប្រហែលជាអាចជំរុញទៅមុខបាននូវការកាត់បន្ថយពន្ធ កំណែទម្រង់សុខុមាលភាពនិងសោធននិវត្តន៍
របស់គាត់។
– ការចរចាពីមួយទៅមួយ
ក្នុងករណីគ្មានសម្ពន្ធភាពផ្លូវការ រដ្ឋាភិបាលសំឡេងភាគតិចនឹងត្រូវពឹងផ្អែកលើការគាំទ្រពីគណបក្សប្រឆាំងសម្រាប់ផ្នែកនីមួយៗនៃច្បាប់។
នេះនឹងតម្រូវឱ្យមានការចរចាជាយូរ មុនពេលសេចក្តីព្រាងច្បាប់នីមួយៗត្រូវបានបោះឆ្នោត ហើយវានឹងធ្វើឱ្យរដ្ឋាភិបាលងាយរងគ្រោះចំពោះការដកការគាំទ្រនៅវិនាទីចុងក្រោយដែលអាចនាំឱ្យបរាជ័យក្នុងការអនុម័តច្បាប់។
ជាថ្មីម្តងទៀត គណបក្សសាធារណរដ្ឋនឹងក្លាយជាគណបក្សដ៏សំខាន់ ដោយហេតុថាការគាំទ្រពីសម្ពន្ធមិត្តឆ្វេងនិយមគឺបក្ស NUPES ឬ គណបក្សរួបរួមជាតិ ស្តាំនិយមជ្រុល នឹងត្រូវច្រានចោល។
លោក ដូមីនិក រ៉ូសសូ (Dominique Rousseau) អ្នកជំនាញច្បាប់ធម្មនុញ្ញនៅសាកលវិទ្យាល័យប៉ារីស ប៉ង់ទែន សបបូន( Paris Pantheon-Sorbonne) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា “អ្នកអាចគ្រប់គ្រងជាមួយសំឡេងភាគតិចបាន ដរាបណាគណបក្សប្រឆាំងមិនចូលរួមកម្លាំងគ្នាប្រឆាំងនឹងអ្នក”។
នាយករដ្ឋមន្ត្រីសង្គមនិយម លោក មីសែល រ៉ូកា (Michel Rocard) បានដឹកនាំរដ្ឋាភិបាលសំឡេងភាគតិចឆ្វេងនិយមពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ១៩៩១បន្ទាប់ពីកើនសំឡេងប្រឆាំងនៅក្នុងការបោះឆ្នោតសភាក្នុងឆ្នាំ ១៩៨៨ ។
នាយកខុទ្ទកាល័យរបស់គាត់គឺលោក ហ្សង់ប៉ូល សន់ (Jean-Paul Huchon) ត្រូវបានដកស្រង់សម្តី ដោយនិយាយនៅក្នុងទស្សនាវដ្តីឡឺ ផ័ង( Le Point) នាពេលថ្មីៗនេះថា “វាជាឋាននរក”។
លោកស្រីនាយករដ្ឋមន្ត្រីអេលីហ្សាបេត បនត្រូវគេរំពឹងថានឹងឡើងឈរចំពោះមុនសភាថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីផ្តល់ការថ្លែងសុន្ទរកថាលើកដំបូងរបស់លោកស្រីហើយនឹងប្រឈមមុខនឹងការបោះឆ្នោតសម្តែងការមិនទុកចិត្ត ដែលអាចនាំឱ្យលោកស្រីធ្លាក់ពីតំណែង។
បើទោះជាមន្ត្រីរដ្ឋការដែលមានមុខងារទាបអាចឆ្លងផុតការសាកល្បងនោះក៏ដោយ ក៏ប៉ុន្តែលោកស្រីនឹងងាយរងគ្រោះជានិច្ចចំពោះការមិនឯកភាពឥតឈប់ឈរ ដែលនឹងធ្វើឱ្យរដ្ឋាភិបាលដួលរលំ។
ដើម្បីអនុម័តច្បាប់ រដ្ឋធម្មនុញ្ញបារាំងបានផ្តល់ឱ្យលោកម៉ាក្រុងនូវឧបករណ៍មួយដើម្បីបង្ខំឱ្យអនុម័ត្រសេចក្តីព្រាងច្បាប់តាមរយៈមាត្រា ៤៩,៣ នៃរដ្ឋធម្មនុញ្ញ។
ប្រការនេះអាចឱ្យនាយករដ្ឋមន្រី្តអនុម័តច្បាប់ដោយមិនចាំបាច់មានការជជែកដេញដោលពីសភា ប៉ុន្តែវាក៏អាចត្រូវបានលុបចោលផងដែរ ប្រសិនបើសំឡេងភាគច្រើនជំទាស់ក្នុងរយៈពេល ២៤ ម៉ោងនៃការប្រើប្រាស់របស់វា ហើយអាចប្រើបានតែម្តងគត់រៀងរាល់សម័យប្រជុំសភាម្តង។
– ការបោះឆ្នោតថ្មី
ជាមធ្យោបាយចុងក្រោយ ប្រសិនបើសភានៅតែជាប់គាំង ហើយមិនអាចបង្កើតរដ្ឋាភិបាលស្ថិរភាពបានទេនោះ លោកម៉ាក្រុងមានជម្រើសមួយផ្សេងទៀត គឺ ការរំលាយសភានិងកោះការបោះឆ្នោតថ្មី។ប៉ុន្តែលទ្ធផលនៃចំណាត់ការនេះនឹងមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈកំហឹងកំពុងកើនឡើងអំពីអតិផរណានិងការគាំទ្រកំពុងកើនឡើងសម្រាប់គណបក្សប្រឆាំងរដ្ឋាភិបាលដូចជាបក្សបារាំងមិនឱនក្បាលរបស់លោកមេឡនឆន់ (Melenchon) និងបក្សរួបរួមជាតិរបស់លោកស្រី ឡឺ ប៉ែន (Le Pen)។
ភាគច្រើនគឺអាស្រ័យលើបក្សដែលអ្នកបោះឆ្នោតស្តីបន្ទោសចំពោះការជាប់គាំងនេះ៕
លោកម៉ាក្រុងចាញ់ឆ្នោតសភាយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ