ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេដាយរង្វាន់ណូបែលសន្តិភាព ដែលអ្នកកាសែតរុស្ស៊ី ឌីមីទ្រី មូរ៉ាតូវ (Dmitry Muratov)ដាក់លក់ដេញថ្លៃដើម្បីរៃអង្គាសប្រាក់សម្រាប់ជនភៀសខ្លួនកុមារអ៊ុយក្រែន បានលក់កាលពីយប់ថ្ងៃចន្ទទី២០មិថុនាក្នុងតម្លៃ ១០៣,៥ លានដុល្លារ ដោយបំបែកឯតទគ្គកម្មចាស់សម្រាប់ការលក់មេដាយរង្វាន់ណូបែល។
កាលពីមុន ការបង់ប្រាក់ច្រើនបំផុតសម្រាប់មេដាយរង្វាន់ណូបែលបែបនេះគឺនៅក្នុងឆ្នាំ ២០១៤ នៅពេលលោក ជេមស៍ វ៉ាត់សុន (James Watson)ដែលជាអ្នកបង្កើតរួមគ្នានូវរចនាសម្ពន្ធ DNA បានលក់មេដាយរង្វាន់ណូបែលនៅឆ្នាំ១៩៦២ បានតម្លៃ ៤,៧៦ លានដុល្លារ។
បីឆ្នាំក្រោយមក គ្រួសារនៃអ្នកទទួលរង្វាន់រួមជាមួយលោកគឺលោក ហ្វ្រង់ស៊ី គ្រីក (Francis Crick) បានទទួល ២,២៧ លានដុល្លារក្នុងការលក់ដេញថ្លៃដូចគ្នា ដែលដំណើរការលក់ដោយក្រុមហ៊ុន Heritage Auctions ដែលជាក្រុមហ៊ុនដូចគ្នាដែលបានដេញថ្លៃមេដាយរបស់លោកមូរ៉ាតូវ កាលពីថ្ងៃចន្ទ ដែលជាទិវាជនភៀសខ្លួនពិភពលោក។
លោកមូរ៉ាតូវ ដែលទទួលបានមេដាយមាសនេះក្នុងខែតុលា ឆ្នាំ ២០២១ បានជួយបង្កើតកាសែតរុស្ស៊ីឯករាជ្យ Novaya Gazeta និងជានិពន្ធនាយកនៃកាសែតនេះនៅពេលដែលវាត្រូវបានបិទក្នុងខែមីនាឆ្នាំ២០២២ ចំពេលដែលវិមានក្រឹមឡាំងដាក់ការគៀបសង្កត់លើអ្នកសារព័ត៌មានណាដែលរិះគន់ឬបង្ហាញការមិនពេញចិត្តជាសាធារណៈចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
វាជាគំនិតរបស់លោកមូរ៉ាតូវក្នុងការដាក់ដេញថ្លៃរង្វាន់របស់គាត់ ដោយបានប្រកាសរួចហើយថាគាត់នឹងបរិច្ចាគប្រាក់រង្វាន់ ៥០០.០០០ ដុល្លារដល់អង្គការសប្បុរសធម៌។ លោកបាននិយាយថា គំនិតនៃការបរិច្ចាគនេះគឺដើម្បីផ្តល់ឱកាសដល់កុមារជនភៀសខ្លួនសម្រាប់អនាគត។
លោកមូរ៉ាតូវបាននិយាយថា ប្រាក់ចំណូលនឹងបញ្ជូនដោយផ្ទាល់ទៅអង្គការយូនីសេហ្វក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយកុមារដែលភៀសខ្លួនដោយសង្គ្រាមនៅអ៊ុយក្រែន៕
មេដាយណូបែលសន្តិភាពរបស់លោកមូរ៉ាតូវលក់ដេញថ្លៃបាន ១០៣,៥ លានដុល្លារកាលពីយប់ថ្ងៃចន្ទ