​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មិថុនា​ថា​ជនជាតិ​អាម៉េរិក​ពីរ​នាក់​ដែល​ត្រូវបាន​​ចាប់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែន​ខណៈ​កំពុង​ប្រយុទ្ធ​ជាមួយ​យោធា​របស់​ទីក្រុង​គៀវ គឺ “​បង្ក​គ្រោះថ្នាក់​” ដល់​ទាហាន​រុស្ស៊ី ហើយ​គួរតែ​ត្រូវបាន “​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងនោះ​”​។​

​បទសម្ភាសន៍​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​វិមាន​ក្រឹម​ឡាំង​បានធ្វើ​អត្ថាធិប្បាយ​លើ​ករណី​របស់ អា​ឡិច​សាន់ឌ័​រ ឌ្រូ​អេកេ (Alexander Drueke) និង អេន​ឌី យុន (Andy Huynh)​ដែលជា​​អតីតយុទ្ធជន​យោធា​អាម៉េរិក​ទាំង​ពីរ​នាក់ នេះ​បើ​យោង​តាម​ទូរទស្សន៍ NBC ។​

​លោកប៉េ​ស្កូវ​បាន​ប្រាប់​បណ្តាញ​ព័ត៌មា​ន​ជា​ភាសា​អង់គ្លេស​នេះ​ថា “​ពួកគេ​ជា​ទាហាន​ស៊ីឈ្នួល ហើយ​ពួកគេ​បាន​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​នៅលើ​ទឹកដី​នៃ​ប្រទេស​អ៊ុ​យក្រែន​។​ពួកគេ​បាន​ចូលរួម​​ក្នុង​ការបាញ់ប្រហារ​និង​បាញ់​ផ្លោង​លើ​បុគ្គលិក​យោធា​របស់​យើង​។ ពួកគេ​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ពួកគេ​”​។​

​លោក​បាន​បន្ថែមថា “​ពួក​គេ​គួរតែ​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។ ឧក្រិដ្ឋកម្ម​ទាំងនោះ​ត្រូវតែ​ស៊ើបអង្កេត​”​។​

​នៅពេល​សួរ​អំពី​ឧក្រិដ្ឋកម្ម​អ្វី​ដែល​ជនជាតិ​អាម៉េរិក​ទាំងពីរ​បាន​ប្រព្រឹត្ត​នោះ លោកប៉េ​ស្កូវ​បាន​សារភាព​ថា បទល្មើស​ជាក់លាក់​របស់​ពួកគេ​មិន​ទាន់​ត្រូវបាន​ដឹង​នៅឡើយ​ទេ​ប៉ុន្តែ​បាន​អះអាង​ថា​ពួកគេ​​នឹង​មិន​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ស្តីពី​ឈ្លើយសឹក​នោះទេ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រូបនេះ​និយាយថា “​ពួក​គេ​មិនមែន​ជា​កងទ័ព​អ៊ុយ​ក្រែនទេ ដូច្នេះ​ពួកគេ​មិនមែន​ជា​កម្មវត្ថុ​នៃ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​នោះទេ​”​។​

​នៅពេល​សួរ​ថា​តើ​ពួកគេ​អាច​ទទួល​ទោស​ប្រហារជីវិត​ដែរឬទេ លោកប៉េ​ស្កូវ​និយាយថា “​វា​អាស្រ័យ​លើ​ការស៊ើបអង្កេត​”៕

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ