​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក Gibran Rakabuming Raka ប្រធាន​គណៈកម្មាធិការ​​រៀបចំ​ការប្រកួត កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឥណ្ឌូណេស៊ី លើក​ទី​១១ ឆ្នាំ​២០២២(INASPOC) បាន​អះអាងថាៈ ការជួសជុល​ទីលាន​ប្រកួត ចំនួន​១៤ នឹងត្រូវ​បញ្ចប់ មុន​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ។​

​លោក​បាន​និយាយ​បែបនេះ បន្ទាប់ពី​កិច្ចប្រជុំ​សម្របសម្រួល ត្រួតពិនិត្យ​ការអនុវត្ត ដំណើរការ ការប្រកួត​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២២ កាលពី​យប់ ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា​។ មិនមាន ការជួសជុល​ធំដុំ ដែល​ត្រូវធ្វើ នៅលើ​ទីលាន​ទាំង ១៤ នោះទេ​។ ការជួសជុល នឹងធ្វើ​ឡើង តែ​លើ​មធ្យោបាយ​ងាយស្រួល សម្រាប់​សមាជិក ទាំង ១១ មកពី​ប្រទេស​អាស៊ាន​ប៉ុណ្ណោះ​។

លោក Gibran បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថាៈ មានតែ​ការកែលម្អ តិចតួច​ប៉ុណ្ណោះ ដើម្បី​គាំទ្រ ភាពងាយស្រួល អ្វីៗ​ទាំងអស់ នឹងត្រូវ​បញ្ចប់ មុន​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​។ លោក​ក៏បាន មានប្រសាសន៍ថាៈ ក្រៅពី​កន្លែង​រៀបចំ​ការប្រកួត សណ្ឋាគារ និង​កន្លែង​ផ្សេងៗ រួមទាំង ការរៀបចំ​ពិធី​បើក​-​បិទ បាន​ត្រៀម​រួចជាស្រេច​។​

​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២​។ មាន​អត្ត​ព​លិ​ក ប្រតិភូ គ្រូបង្វឹក មកពី​បណ្តា​ប្រទេស​ទាំង​១១ ក្នុង​តំបន់​ច្រើនជាង ១.៦០០ នាក់ ចូលរួម​លើ​កីឡា ចំនួន ១៤ ប្រភេទ​។​

​កីឡា​ទាំង ១៤ ប្រភេទ​នោះ រួមមាន អត្តពលកម្ម​, បាញ់​ធ្នូ​, វាយ​សី​, បូ​ស្យា​, បាល់ទាត់ ៧ ម្ខាង (​ចលករ​ខួរក្បាល​), អុក​, បាល់បោះ​ជនពិការភ្នែក​, យូ​ដូ​, លើក​ទម្ងន់​, ហែល​ទឹក​, វាយ​កូនឃ្លី​លើ​តុ​, វាយ​កូន​បាល់​លើ​រទេះ​, បាល់ទះ​អង្គុយ និង​បាល់បោះ​រទេះ​។​

​ចំពោះ​កម្ពុជា នឹងចូលរួម​ប្រកួត​លើ ១១​ប្រភេទ​កីឡា​រួមមាន អត្តពលកម្ម​, ហែល​ទឹក​, បាល់ទះ​អង្គុយ​បុរស និង​នារី​, បាល់បោះ​រទេះ​បុរស និង​នារី​, បាល់បោះ​ជនពិការភ្នែក​, បាល់ទាត់​៧​ម្ខាង (​ចលករ​ខួរក្បាល​), វាយ​កូនឃ្លី​លើ​តុ​, វាយ​សី​, លើក​ទម្ងន់​, អុក និង បូ​ស្យា​។​

​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២១ ដើមឡើយ គ្រោង​រៀបចំ​នៅ​ប្រទេស​វៀតណាម ដែលជា​ប្រទេស​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ​ដំណាលគ្នា ទៅនឹង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (Southeast Asian Games) ឆ្នាំ​២០២១ ប៉ុន្តែ​ដោយមាន​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​វៀតណាម ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ម្ចាស់ផ្ទះ​បានសម្រេច លុបចោល​ការប្រកួត​៕/V​