ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២១ ខែមិថុនា នេះ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួល​ឥទ្ធិពល ពី​ជ្រលង​ប្រព័ន្ធ សម្ពាធ​ទាប ដែល​អូសបន្លាយ នៅលើ​ភាគ​ខាងជើង ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ជាមួយនឹង​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បានសរសេរថាៈ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៥ ទៅ ៣៧ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ជាមួយគ្នា​នោះ ផ្នែក​ខ្លះ នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​នៅ​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដោយ​អន្លើ​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ ។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្រមទាំង​មាន​រលក​សមុទ្រ ក្នុង​កម្រិត​មធ្យម​៕/V​